លោក ហ៊ុន ម៉ាណែត ស្នើសុំភាគីចិនផ្ដល់អាហារូបករណ៍ និងការបណ្ដុះបណ្ដាលនៅក្នុងប្រទេស ដើម្បីជួយបណ្ដុះបណ្ដាលបង្កើនសមត្ថភាព ចំណេះដឹងរបស់យុវជនកម្ពុជា
ការស្នើនោះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ហ៊ុន ម៉ាណែត សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជាមួយ លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃ១២មករាឆ្នាំ២០២១ ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អរវាងយុវជននៃប្រទេសទាំងពីរ។
លោកទីប្រឹក្សា Wu Chuanbing បានអបអរសាទរយ៉ាងកក់ក្ដៅចំពោះលោក ហ៊ុន ម៉ាណែត ដែលបានជ្រើសតាំងជា សមាជិកគណ:អចិន្ដ្រៃយ៍គណ:កម្មាធិការកណ្ដាល ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងអនុប្រធានគណ:ចលនាមហាជននៃគណបក្សប្រជាជនកម្ពុជា ក្នុងរយ:ពេលពីរបីឆ្នាំកន្លងមកនេះ។ លោកបានបញ្ជាក់ថា កម្ពុជា និងចិន មានទំនាក់ទំនងល្អជាប្រពៃណី ហើយទំនាក់ទំនងនោះ គឺជាគុណតម្លៃដ៏ល្អ សម្រាប់ប្រជាជនទាំងពីរ។ លោកបានបញ្ជាក់ថា ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិន។
តាមរយៈផ្លែផ្កានៃទំនាក់ទំនងល្អនោះ ប្រទេសទាំងពីរ បានផ្តល់ផលប្រយោជន៍ល្អឱ្យគ្នាទៅវិញទៅមក ពិសេសការផ្លាស់ប្តូរបទពិសោធល្អៗរបស់យុវជននៃប្រទេសទាំងពីរ តាមរយៈការបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធដឹកនាំ និងបទពិសោធការងារលើគ្រប់វិស័យ ស្ថាប័ន។ លោក ហ៊ុន ម៉ាណែត ក្នុងនាមយុវជនកម្ពុជាបានបង្ហាញសេចក្តីរីករាយដែលបានឃើញថា ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា និងចិន ត្រូវបានថែបំប៉នឱ្យកាន់តែរឹងមាំដូចដែកថែប ប្រកបដោយទំនុកចិត្តនយោបាយដ៏ខ្ពស់បំផុត។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជំនួបពិភាក្សានោះ គឺដើម្បីលើកស្ទួយទំនាក់ទំនងរវាងយុវជនចិន និងយុវជនកម្ពុជា និងដើម្បីចូលរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងរវាងកម្ពុជាចិនលើគ្រប់វិស័យ។ លោក ហ៊ុន ម៉ាណែតបានស្នើសុំភាគីចិនផ្ដល់អាហារូបករណ៍ និងការបណ្ដុះបណ្ដាលនៅក្នុងប្រទេសដើម្បីជួយបណ្ដុះបណ្ដាលបង្កើនសមត្ថភាព ចំណេះដឹងរបស់យុវជនកម្ពុជា៕កឹម ទៀង