ក្រុមហ៊ុន២ត្រូវក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុញ្ញាតឲ្យវិនិយោគនៅកម្ពុជា ដែលអាចបង្កើតការងារបានជាង៥០០កន្លែង
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ១២មករាឆ្នាំ២០២១ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនចំនួន២ ជាងមួយនឹងទុនវិនិយោគជាង៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន៥៦៤កន្លែង។
ក្រុមហ៊ុនទាំងពីររួមមាន ក្រុមហ៊ុន JIAN YUAN TONG GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ D12 សួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានទុនវិនិយោគប្រមាណ ២លាន៤សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦៤កន្លែង។
ក្រុមហ៊ុនមួយទៀត ឈ្មោះ POLYMER PLASTIC PRODUCTS (CAMBODIA) CO., LTD លើគម្រោងបង្កើតរោងចក្រផលិតធុងទឹកកក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានទុន វិនិយោគប្រមាណ ៣លាន៩សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២០០កន្លែង៕