បាត់ទូរស័ព្ទដៃជាង៣ថ្ងៃរកឃើញអ្នកលួច ស្រាប់តែត្រូវអ្នកលួចវាយបែកក្បាលហើយគេចខ្លួនបាត់
ភ្នំពេញ៖ បុរសជនជាតិប៉ាគីស្ថានម្នាក់ បានរងរបួសបែកក្បាល ខណៈឃេីញជនសង្ស័យម្នាក់ ដែលបានលួចទូរស័ព្ទរបស់ខ្លួនកាលពីជាង៣ថ្ងៃមុន បណ្ដាលឲ្យប្រតាយប្រតប់គ្នារហូតត្រូវជនសង្ស័យវាយមួយដំបងបែកក្បាល រួចគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតនៅតាមសួនមាត់ទន្លេ ជាប់ផ្លូវសុីសុវត្តិ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ។
តាមសម្ដីនាយរងប៉ុស្ដិ៍រដ្ឋបាលផ្សារកណ្ដាលទី១ ដែលទទួលបានព័ត៌មានបឋមបានឲ្យដឹងថា មុនពេលកេីតហេតុ ជាង៣ថ្ងៃមុន ជនរងគ្រោះម្នាក់ដែលជាជនជាតិប៉ាគីស្ថាន ត្រូវបានជនសង្ស័យលួចយកទូរស័ព្ទដៃអស់១គ្រឿង ដោយជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនោះទេ។ លុះនៅយប់កេីតហេតុ ជនរងគ្រោះបានឃេីញជនសង្ស័យកំពុងតែអង្គុយនៅសួនមាត់ទន្លេត្រង់ចំណុចកេីតហេតុ ដោយជនងគ្រោះបានឃាត់ជនសង្ស័យ ទើបធ្វេីឲ្យជនសង្ស័យយកដំបងវាយក្បាលជនរងគ្រោះបណ្ដាលឲ្យបែកក្បាលតែម្តង។ ភ្លាមនោះធ្វេីឲ្យប្រជាពលរដ្ឋជាច្រេីនដែលដេីរកម្សាន្តនៅកន្លែងនោះឃេីញដូច្នេះក៏ជួយឃាត់ រីឯជនសង្ស័យបានព្យាយាមគេចខ្លួនបាត់ ធ្វេីឲ្យជនរងគ្រោះជាជនជាតិបរទេសខឹង ក៏កាន់ដំបងដេីររកចុះឡេីងបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ច ចុះទៅអន្តរាគមន៍។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានឲ្យជនរងគ្រោះទៅមន្ទីពេទ្យដេីម្បីព្យាបាលរបួសសិន ចាំទៅដាក់ពាក្យបណ្ដឹងតាមក្រោយ និងងាយស្រួលសមត្ថកិច្ចកំណត់មុខសញ្ញាជនសង្ស័យចាប់យកមកផ្ដន្ទាទោសតាមច្បាប់។ ជាមួយគ្នានោះ ប្រជាពលរដ្ឋក៏បានសូមណូមពរដល់សមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋានមេត្តាជួយល្បាតតាមសួនមាត់ទន្លេឲ្យបានញឹកញ៉ាប់ផង ដេីម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនពួកគាត់កុំឲ្យជួបប្រទះមានការព្រួយបារម្មណ៍ដូចករណីខាងលេីនេះ៕ធ.ដ
ដោយ៖ ជីម ភារ៉ា