រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ឡុង ស្រេង ដែលទទួលបានគោលការណ៍អនុញ្ញាតនាំផ្លែចេកស្រស់ទៅកាន់ទីផ្សារប្រទេសចិន

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានចុះពិនិត្យអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ឡុង ស្រេង ដែលកំពង់ធ្វើការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្ម (ខ្សែច្រវាក់ផលិតកម្មដំណាំចេកអំបូងលឿង មៀនប៉ៃលិន ទុរេន ក្រូចថ្លុង ខ្មុរការ៉ុត) ដែលមានទីតាំងស្ថិតក្នុងភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

លោកឧកញ៉ា ហេង ឡុង បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា បច្ចុប្បន្ន ក្រុមហ៊ុនបាននឹងកំពុងដាំដុះដំណាំចេកចំនួន ១០០០ហិតា ក្រូចថ្លុងចំនួន ៧៨ហិតា មៀនប៉ៃលិន ២៤០ហិតា ទុរេន ១៤៥ហិតា និងខ្នុរការុត ១២៥ហិតា។ ចម្ការនីមួយៗ ត្រូវបានរៀប ចំឡើងតាមលក្ខណៈបច្ចេកទស មានប្រព័ន្ធស្រោចស្រព និងប្រព័ន្ធប្រមូលផលចេញពីចំការ កន្លែងវេចខ្ចប់ ឃ្លាំងស្តុក ថ្នាលបណ្តុះកូន អាងស្តុក និងប្រព័ន្ធចែកចាយទឹក។

ក្រុមហ៊ុននេះ ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង១០ ដែលទទួលបានគោលការណ៍អនុញ្ញាតនាំផ្លែចេកស្រស់ទៅកាន់ទីផ្សារប្រទេសចិន។ ក្នុងរយ:ពេល ៥ខែ ដើមឆ្នាំ២០២០ ក្រុមហ៊ុនបាននាំចេញចេកអំបូងលឿងចំនួន ២២ ៧៦២តោន ក្នុងនោះទៅកាន់ទីផ្សារវៀតណាម ១៤ ៤១៤តោន និងទីផ្សារចិន ៨ ៣៤៨តោន។ ក្រៅពីដំណាំ ក្រុមហ៊ុនបានបង្កើតរោងចក្រផលិតជីសរីរាង្គដែលមានសមត្ថភាពផលិតក្នុងមួយថ្ងៃបាន ១៥០តោន ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក (លាមកសត្វ កន្ទក់ សំណល់ពីចំការឈើហូបផ្លែ កាកអំពៅ ស្រាបៀរ) សម្រាប់ប្រើប្រាស់ក្នុងចំការផ្ទាល់ និងលក់ចែកចាយក្នុងស្រុក។

បន្ទាប់ពីបានអញ្ជើញចុះពិនិត្យខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនខាងលើរួចមក ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុន បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ពុះពារ និងជំនះបាននូវរាល់ ឧបសគ្គ នានារហូតសម្រេចទទួលបានជោគជ័យ ដែលភាពជោគជ័យនេះ ស្តែងចេញឱ្យឃើញ តាមរយ:សមិទ្ធផលដូចយើងបានឃើញនាថ្ងៃនេះ។ លោកក៏បានសម្តែងនូវអំណរគុណជូនចំពោះភាគីពាក់ព័ន្ធ អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មខេត្ត ដែលបានចូលរួមចំណែកធ្វើឱ្យគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុនឈានមកដល់ថ្ងៃនេះ។

ភ្ជាប់ទៅនឹងគម្រោងវិនិយោគនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ថា ស្ថិតក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ដើម្បីគាំទ្រលើការវិនិយោគគ្រប់ខ្សែច្រវាក់តម្លៃកសិកម្មចាប់ពីចំណុច A ដល់ Z តាមរយៈការបង្កើនផលិតភាពផលិតកម្ម ការវេចខ្ចប់ ការរក្សាស្តុកទុក ការកែច្នៃ ប្រកបដោយគុណភាព អនាម័យ និងសុវត្ថិភាព សមស្របតាមស្តង់ដារនៃទីផ្សារនាំចេញ។

ដើម្បីសម្រេចគោលដៅនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសំណូមពរឱ្យក្រុមហ៊ុន បន្តរក្សាកិច្ចសហប្រតិបត្តិការឱ្យបានល្អជាមួយអគ្គនាយកដ្ឋានកសិកម្ម និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ធ្វើយ៉ាងណាចូលរួមគាំទ្រ និងជំរុញបរិមាណនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែច្រើនថែមទៀតនាពេលអនាគត។

លោកក៏បានសម្តែងការគាំទ្រផងដែលចំពោះក្រុមហ៊ុន ដែលបានបង្កើនរោងចក្រផលិតជីសរីរាង្គ ព្រោះវាបានចូលរួមប្រើប្រាស់វត្ថុធាតុដើម និងពលកម្មក្នុងស្រុក កាត់បន្ថយការប្រើជីគីមី និងលើកកម្ពស់គុណភាពផលិតផលសរីរាង្គដែលកំពុងមានការពេញនិយមទាំងនៅលើទីផ្សារក្នុង និងក្រៅប្រទេស៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner