បញ្ឆោតក្មេងស្រីនាំទៅចាប់រំលោភបានសម្រេច២ដងផ្ទួនៗ នាងខឹងកាប់បណ្តាលឲ្យរងរបួសធ្ងន់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ បុរសចំណាស់ម្នាក់រងរបួសធ្ងន់ ដោយផ្លែកាំបិតបុ័ងតោ សុះសាច់ ហូរឈាមស្រោចខ្លួន បន្ទាប់ពីល្បួងក្មេងស្រីចូលផ្ទះសំណាក់ ហើយចាប់រំលោភរហូតបានសម្រេច២ដងផ្ទួនៗ ធ្វើឲ្យក្មេងស្រីខឹង ទ្រាំលែងបានទាញបានបុ័ងតោកាប់បណ្តាលឲ្យរងរបួសតែម្តង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅផ្ទះសំណាក់យុីហោ រស្មីជម្ពូវ័ន ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ភាគីខាងប្រុសមានឈ្មោះ រស់ ផាត អាយុ៥៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលភូមិចំការឳឡឹក សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ រងរបួសចំនួន៨កាំបិត សុះសាច់ ។ ចំណែកភាគីក្មេងស្រីមានឈ្មោះ (ណ ន) អាយុទើប១៥ឆ្នាំ ទើបមកទីក្រុងភ្នំពេញបាន២ថ្ងៃ រកការងារមិនទាន់បានធ្វើផង មានទីលំនៅ ភូមិជំនាប់ ឃុំសង្កែទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

តាមសម្តីភាគីខាងប្រុស បានឲ្យដឹងថា មុនកើតហេតុ គាត់រត់ម៉ូតូឌុប ជួបក្មេងស្រីខាងលើ នៅឈរចំណុចក្បែរវត្តតាំងកសាងខាងត្បូង មានបង្វិចមួយផង ឈប់ម៉ូតូហៅសាកសួរ ទៅណាមកណា នាងប្រាប់ថា ដើររកការងារធ្វើ ទាក់មាត់ទាក់សម្តី បើនាងអត់លុយទៅធ្វើសរសៃឲ្យពូ ចាំពូឲ្យលុយ២០ដុល្លា ព្រមព្រៀងគ្នាហើយ ឌុបនាងចូលផ្ទះសំណាក់ខាងលើ មិនទាន់ធ្វើអ្វីផង ត្រូវបាននាងកាប់តែម្តង ។

តែបើតាមសម្តីក្មេងស្រីវិញ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលនាងកំពុងឈរម្នាក់ឯង ក្បែរវត្តតាំកសាង ស្រាប់តែបុរសចំណាស់ខាងលើ ជិះម៉ូតូ ម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1L-7045 មកដល់ឈប់សួរហៅឌុប តែនាងប្រាប់ថា អត់លុយជិះទេ ម្យ៉ាងកំពុងដើររកការងារធ្វើមិនទាន់បានផង បុរសចំណាស់ក៏ប្រាប់ថា មិនអីទេ ចាំគាត់ជួយរកការងារឲ្យធ្វើ ហើយគាត់ធានាថានឹងជួយរក បើអត់លុយអិញ្ចឹងទៅជាមួយគាត់ ធ្វើសរសៃឲ្យគាត់ ចាំគាត់ឲ្យលុយ២០ដុល្លា នឹកគិតថា ការងារនឹងបានធ្វើដោយស្រួលហើយ បុរសខាងលើ ឌុបនាងមកចូលផ្ទះសំណាក់ រស្មីជម្ពូវ័ន ខាងលើ មិនធ្វើសរសៃឯណាបែជាមកចាប់នាងសម្រាត ខោអាវ រំលោភម្តងហើយម្តងទៀត ចំនួន២ដង ធ្វើឲ្យនាងខឹងពេក ទាញបានកាំបិតបុ័ងតោ ពីកាបូប ដែលនាងយកមកតាំងពីផ្ទះមកម្លេះ ក្នុងបំណងចង់ធ្វើជាចុងភៅ កាប់ទៅលើបុរសរូបនេះតែម្តង ស្រែកឲ្យម្ចាស់ផ្ទះជួយ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅឃាត់នាំនាងចូលប៉ុស្តិ៍ ។

ហេតុការណ៍ស្នេហាមិនចុះសម្រុងគ្នាខាងលើ បុរសចំណាស់មិនទាន់ដឹងថាជាជនរងគ្រោះឬយ៉ាងណានៅឡើយទេ តែក្នុងសភាពរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកឯក្មេងស្រី ក៏មិនទាន់ដឹងថា ជាជនល្មើសដែរ ក្រោយកើតហេតុ សមត្ថកិច្ចឃាតនាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ ។ ជុំវិញករណីហឹង្សាបង្កឲ្យរបួសស្នាម ខាងលើ នៅមិនទាន់ដឹងថាខាងណាខុស ខាងណាត្រូវដែរ សមត្ថកិច្ច កំពុងតែ សាកសួរ ពិនិត្យ រងចាំជំនាញធ្វើការពិនិត្យកោសល្យវិច័យ លើក្មេងស្រី ថាតើត្រូវបានបុរសខាងលើរំលោភពិតប្រាកដមែនឬអត់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner