លោកនាយករដ្ឋមន្ត្រី៖ ផ្លូវថ្មីទាំង៣៤ខ្សែនៅខេត្តព្រះសីហនុសម្រេចបាន៩០%
លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅថ្ងៃទី១ ខែមិថុនានេះ បានអះអាងថាផ្លូវថ្មីទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុដែលកំពុងសាងសង់សម្រេចបាន៩០%។ ផ្លូវទាំងនេះ គឺជាហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឱ្យផែនការយុទ្ធសាស្ត្រដើម្បីប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងទេសចេណ៍ និងពាណិជ្ជកម្មដ៏ស៊ីវីល័យ។

បច្ចុប្បន្នផ្លូវទាំងនេះ គឺជាផ្លូវបេតុងដែលនឹងត្រូវចាក់កៅស៊ូបន្ថែមពីលើទៀត ហើយរដ្ឋាភិបាលនឹងត្រូវរៀបជាសួនលំអរនោតាមទ្រូវផ្លូវ និងជាសងខាងរួមទាំងមានសួនច្បារលមអរនៅចំកណ្តាលទៀតផង។ សូមបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាបានទម្លាក់ថវិកាចំនួន៣០០លានដុល្លារអាមេរិកដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងព្រះសីហនុឡើងវិញក្រោយការខូចខាតធ្ងន់ធ្ងរ។ ផ្លូវនេះត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបើការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០១៩។
រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីមូលហេតុនៃការកសាងគឺដើម្បីចំនិងអភិវឌ្ឍខេត្តព្រះសីហនុទៅជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប ជាមួយរមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលនឹងទាក់ទាញទេសចរ និងការវិនិយោគថ្មីៗបន្ថែមទៀតពីបរទេស និងបំរើដល់ការរស់នៅដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋខ្មែរយើងផងដែរ៕