ជប៉ុនកំពុងពិចារណាបើកព្រំដែនប្រទេសខ្លួនឡើងវិញ ដើម្បីទទួលជនបរទេសមកពីប្រទេសមួយចំនួន ក្នុងនោះមានថៃ វៀតណាម និងអូស្រា្តលី

អត្ថបទដោយ៖
Kien Sereyvuth

ជប៉ុន៖ ជប៉ុនកំពុងពិចារណាបើកព្រំដែនរបស់ប្រទេសខ្លួនឡើងវិញ ដើម្បីទទួលអ្នកដំណើរមកពីបណ្តាប្រទេសមួយចំនួន ដែលខ្លួនបានជ្រើសរើស ស្របពេលការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 ធ្លាក់ចុះដល់កម្រិតទាប ខណៈជប៉ុនក៏ចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិត ដែលបានអនុវត្តកាលពីដើមឆ្នាំនេះ ដើម្បីគ្រប់គ្រងការចម្លងវីរុស នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ។

បច្ចុប្បន្នសាលារៀន រោងភាពយន្ត ក្លិបកីឡា និងអាគារស្នាក់នៅត្រូវបានអនុ ញ្ញាតឱ្យបើកដំណើរការឡើងវិញហើយក្នុងទីក្រុងតូក្យូ គិតចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា រដ្ឋាភិបាលក៏បាននឹងកំពុងរៀបចំផែនការអនុញ្ញាតឱ្យអ្នកដំណើរមកពីប្រទេសថៃ វៀតណាម អូស្រ្តាលី និងណូវែលសេឡង់ចូលក្នុងប្រទេសជប៉ុនបាននាប៉ុន្មានខែខាងមុខនេះផងដែរ ។

សូមជម្រាបថា ជប៉ុនស្ថិតនៅលំដាប់ទី៤២ ក្នុងចំណោមប្រទេសទាំង ២១៣ ដែលមានករណីឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ជប៉ុនមានអ្នកឆ្លងសរុប១ម៉ឺន៦ពាន់៨៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨៩១នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១ម៉ឺន៤ពាន់៤៥៩នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner