ចិនរកឃើញអ្នកឆ្លង COVID-19 ចំនួន១៦ករណីថ្មីទៀត ដែលនេះជាតួលេខខ្ពស់បំផុតក្នុងរយៈពេលជិត៣សប្តាហ៍មកនេះ
ចិន៖ ចិនបានរាយការណ៍ពីអត្រាឆ្លងប្រចាំថ្ងៃដ៏ខ្ពស់បំផុតថ្មីមួយក្នុងរយៈពេលជិត៣សប្តាហ៍មកនេះ ជាមួយនឹងអ្នកឆ្លងជម្ងឺ COVID-19 ចំនួន១៦ករណីថ្មីទៀតនៅថ្ងៃអាទិត្យម្សិលមិញនេះ ដែលសុទ្ធតែជាប្រភេទនាំចូលពីក្រៅប្រទេស នេះបើ តាមសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ។
ក្នុងចំណោម១៦ករណីឆ្លងថ្មីខាងលើនេះ មាន១១ករណីត្រូវគេបានរាយការណ៍ចេញពីខេត្តស៊ីឈួន ០៣ករណីចេញពីតំបន់ស្វយ័តអ៊ីនណឺម៉ុងហ្គោលី និង០២ករណីទៀតចេញពីខេត្តក្វាងទុង នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលចិននៅថ្ងៃចន្ទនេះ ។ ជាសរុបករណីនាំចូល COVID-19 ពីក្រៅប្រទេស នៅទូទាំងប្រទេសចិនបានកើនឡើងដល់១ពាន់៧៥៦ករណី ក្នុងនោះអ្នកជំងឺចំនួន១ពាន់៦៩៤នាក់បានជាសះស្បើយឡើងវិញ និង៦២នាក់ទៀតកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដើម្បីទទួលការព្យាបាល ។
សូមជម្រាបថា ចិនស្ថិតនៅលំដាប់ទី១៧ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានករណីឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ចិនមានអ្នកឆ្លងសរុប៨ម៉ឺន៣ពាន់១៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ពាន់៦៣៤នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៧ម៉ឺន៨ពាន់៣០៧នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕