ជនក្រីក្រ និងចាស់ជរាប្រមាណ៣០០នាក់ទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនពីកម្មវិធីសប្បុរសធម៌ “ចែករំលែកផ្តល់ភាពកក់ក្តៅលើកទី៥” របស់វីតាល់ និងមីជាតិ
ភ្នំពេញ៖ ក្រុមហ៊ុន វីតាល់ និងមីជាតិសហការរៀបចំកម្មវិធីសប្បុរសធម៌ “ចែករំលែកផ្តល់ភាពកក់ក្តៅលើកទី៥” នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅបរិវេណសួនច្បារប្រាជ្ញាបារមី ក្នុងសង្កាត់ជ្រោយចង្វារ ដើម្បីចែកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថ្នាំសង្កូវ និងថវិកាមួយចំនួន ថែមទាំងផ្តល់ការកាត់សក់ជូនលោកតាស៊ីក្លូ ចាស់ជរា និងប្រជាជនក្រីក្រប្រមាណ៣០០នាក់ក្នុងរាជធានីភ្នំពេញ ។
កម្មវិធីសប្បុរសធម៌នេះ បានប្រព្រឹត្តទៅក្រោមវត្តមានលោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកានៃក្រុមហ៊ុនទឹកពិសាវីតាល់ និងផលិតផលមីជាតិ ព្រមទាំងមានការចូលរួមពីសំណាក់គណៈគ្រប់គ្រងក្រុមហ៊ុន ប្រជាពលរដ្ឋ យុវជនស្មគ្រ័ចិត្ត និងក្រុមការងារជាច្រើននាក់ ។ នេះជាលើកទី៥ហើយ ដែលក្រុមហ៊ុនទឹកពិសាវីតាល់ និងមីជាតិ បានប្រារព្ធកម្មវិធីនេះឡើង ក្នុងគោលបំណងដើម្បីពង្រីក វប្បធម៌នៃការចែករំលែក ក្នុងគោលការណ៍ស្រលាញ់រាប់អាន ផ្តល់អធ្យាស្រ័យ និងគោរពគ្នាដោយស្មោះស្ម័គ្រ ។ កម្មវិធីសប្បុរសធម៌នេះ ក៏ចូលរួមរំលែកការលំបាក និងផ្តល់ភាពកក់ក្តៅដល់អ្នកខ្សត់ខ្សោយដែលត្រូវការជំនួយ ជាពិសេសនៅក្នុងកាលៈទេសៈដ៏តានតឹងនៃជម្ងឺរាតត្បាតជាសកលកូវីដ១៩ផងដែរ ។ ស្ថិតក្នុងឱកាសដ៏មានអត្ថន័យនេះ លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកានៃក្រុមហ៊ុនទឹកពិសាវីតាល់ និងផលិតផលមីជាតិមានប្រសាសន៍ថា រដូវលំហើយបានមកដល់ វាពិតបង្កការលំបាកណាស់សម្រាប់មនុស្សចាស់ លោកពូ អ្នកមីង បងៗ ដែលមានជីវភាពខ្សត់ខ្សោយ ។ ក្នុងនោះ ពួកគាត់ខ្លះមិនមានទីជំរកសមរម្យ អ្នកខ្លះមិនមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ និងអ្នកខ្លះមិនមានលទ្ធភាពទិញអាហារបរិភោគ និងថ្នាំសង្កូវប្រើប្រាស់ ។ លោកជំទាវបន្តថា អាស្រ័យហេតុដូចនេះទើប វីតាល់ និងមីជាតិ បន្តរៀបចំកម្មវិធីនេះឡើង ដោយក្រុមហ៊ុន សង្ឃឹមថា នឹងអាចចូលរួមចំណែក រំលែកការលំបាកមួយចំនួន និងផ្តល់ភាពកក់ក្តៅ ជូនដល់ លោកតា លោកពូ អ្នកមីង បងៗ ដែលមានការលំបាក ។
សូមជម្រាបផងដែរថា ចំពោះអំណោយដែលក្រុមហ៊ុនបានចែកជូននាថ្ងៃនេះ មានដូចជា អង្ករ ទឹកពិសាវីតាល់ មីជាតិ និងឃីត ក្នុងនោះមាន ភួយ ក្រមា ថ្នាំសង្កូវ និងថវិកាមួយចំនួនផងដែរ ។ ចាស់ជរា និងប្រជាជនដែលចូលរួម ភាគច្រើនប្រកបរបបតិចតួចដើម្បីចិញ្ចឹមជីវិតតួយ៉ាង ធាក់ស៊ីក្លូ លក់អំបោស សំលៀងកាំបិត កាន់ជញ្ជីងថ្លឹងគីឡូ និងជនពិការខ្វះខាតជាដើម ។ វីតាល់ និងមីជាតិ ជាក្រុមហ៊ុនក្នុងស្រុកដែលទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ចំពោះការងារសប្បុរសធម៍និងសង្គមអស់រយៈជាង១០ឆ្នាំមកហើយ ។ ក្រុមហ៊ុនទាំងពីរក៏បានអំពាវដល់សាធារណជន យុវជនសម័យថ្មី សូមចូលរួមក្នុងសកម្មភាពសប្បុរសធម៌ និងសង្គមឲ្យកាន់តែទូលំទូលាយបន្តទៅទៀត ដើម្បីសង្គមជាតិយើងទាំងអស់គ្នា ៕










