សេដ្ឋកិច្ចសិង្ហបុរីធ្លាក់ចុះ៥.៨ភាគរយនៅឆ្នាំ២០២០ ដោយសារតែវិបត្តិ Covid-19
សង្ហិបុរី៖ សេដ្ឋកិច្ចរបស់ប្រទេសសង្ហិបុរីបានធ្លាក់ចុះ៥.៨ភាគរយ ដោយសារតែឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បើទោះបីជារោងចក្រភាគច្រើនត្រូវបានគេមើលឃើញថា មានភាពប្រសើរឡើងវិញនៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២០ ខណៈការរឹតត្បិតដើម្បីទប់ស្កាត់វីរុសត្រូវបានបន្ធូរបន្ថយ នេះបើតាមសារព័ត៌មាន CNA នាពេលថ្មីៗ ។
ទិន្នន័យផ្លូវការបានបង្ហាញថា សេដ្ឋកិច្ចរបស់សិង្ហបុរីបានជួបកំណើនអវិជ្ជមានប្រចាំឆ្នាំអាក្រក់បំផុតនៅឆ្នាំ២០២០ នៅពេលជំងឺឆ្លងកូវីដ១៩រំខានដល់ការធ្វើពាណិជ្ជកម្ម និង ទេសចរណ៍របស់ប្រទេសមួយនេះ ។ តែការដើរថយក្រោយ៥.៨ភាគរយ វាមិនធ្ងន់ធ្ងរដូចការព្រួយបារម្ភនោះទេ ដោយសារការព្យាករណ៍ផ្លូវការនិយាយថា សិង្ហបុរីត្រូវជួបកំណើនអវិជ្ជមានដល់ទៅ៦.៥ភាគរយ នៅពេលសកម្មភាពសេដ្ឋកិច្ចកក្រើកឡើងវិញ ក្រោយការបន្ធូរបន្ថយវិធានការរឹតត្បិត ដើម្បីទប់ស្កាត់វីរុស ។
មជ្ឈមណ្ឌលហិរញ្ញវត្ថុនេះបានធ្លាក់ចូលក្នុងឳនភាពដំបូងរបស់ខ្លួន នៅត្រីមាសទី២នៃឆ្នាំ២០២០ ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨ នៅពេលរដ្ឋាភិបាលបិទទីកន្លែងធ្វើការភាគច្រើន ជាផ្នែកនៃវិធានការទប់ស្កាត់ការឆ្លងវីរុស ។ តែការរឹតត្បិតត្រូវបានដកចេញភាគច្រើននៅឆមាសទី២ នៃឆ្នាំមុន ហើយវិស័យសំខាន់ៗនៃសេដ្ឋកិច្ច ដូចជាកមន្តសាល (ឧស្សាហម្មផលិតចេញពីរោងចក្រ) បានចាប់ផ្តើមងើបឡើងវិញ ៕


