ស្ត្រីម្នាក់ធុញនឹងខ្លួនមានជំងឺរុាំរ៉ៃប្រចាំកាយ សម្រេចចិត្តចងព្យួរ ក ធ្វើអត្តឃាត
ខេត្តពោធិ៍សាត់៖ ស្រ្តីមេម៉ាយវ័យចំណាស់ម្នាក់ សម្រេចចិត្តចងព្យួរ ក ធ្វើអត្តឃាត បានបង្កការភ្ញាក់ផ្អើល និងសង្ស័យអាចធុញទ្រាន់នឹងជីវិតក្នុងការរស់នៅ ខណៈបងប្រុសរបស់គាត់អះអាងប្រាប់សមត្ថកិច្ច មានជំងឺរុាំរ៉ៃប្រចាំកាយ ។
ហេតុការណ៍ធ្វើអត្តឃាតចងព្យួរ ក ខាងលើ បានកើតឡើងនៅវេលាម៉ោង១១ និង៥៥នាទី កណ្ដាលអធ្រាត្រថ្ងៃអាទិត្យ ១០កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចដើមក្រខុបមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
របាយការណ៍នគរបាលស្រុកក្រគរ ជនរងគ្រោះ(ស្លាប់)ឈ្មោះ មុល ភឿន ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ជាស្រ្តីមេម៉ាយ មានកូនស្រី ១នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិ ឃុំកើតហេតុ ស្រ្តីរងគ្រោះបានសម្រេចយកក្រម៉ាចងព្យួរ ក ទៅនឹងដើមក្រខុប ។
របាយការណ៍នគរបាលស្រុកក្រគរដដែលបន្តទៀតថា តាមការរាបរបពីបងប្រុសស្រ្តីរងគ្រោះ ប្អូនស្រីរបស់គាត់ជារៀងរាល់ថ្ងៃបានសម្រាកនៅផ្ទះគាត់ ព្រោះមានជំងឺរុាំរ៉ៃប្រចាំកាយរយៈពេល២.៣ឆ្នាំងមកហើយ លុះនៅវេលាម៉ោងខាងលើប្រពន្ធរបស់គាត់ដាស់សួរថា បងអត់ឃើញភឿន(ជនគ្រោះ)ទេ គាត់បានដើររកក្បែៗផ្ទះអត់ឃើញក៏ស្រាប់តែមកឃើញបែបនេះតែម្ដង សមត្ថកិច្ចពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ មុនធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាត ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ចេង ពុំ