សម្ដេចតេជោ ហ៊ុន សែន ពិនិត្យលទ្ធផលការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្រុងព្រះសីហនុ

អត្ថបទដោយ៖
Kien Sereyvuth

ព្រះសីហនុ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី ១មិថុនា ឆ្នាំ២០២០ បានអញ្ជើញពិនិត្យមើលលទ្ធផលនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងព្រះសីហនុ ដែលសម្រេចបានប្រមាណ ៩០ភាគរយហើយនោះ។

នៅក្នុងការពិនិត្យមើលការដ្ឋាននេះ សម្ដេចតេជោ ហ៊ុន សែន អមដំណើរ ដោយថ្នាក់ដឹកនាំស្ថាប័នមួយចំនួន និងអាជ្ញាធរខេត្តព្រះសីហនុ បានធ្វើដំណើរចាប់ពីមហាវិថីរាម ឆ្លងកាត់មហាវិថីឆ្នេររាម ឆ្លងកាត់ឆ្នេរអូរត្រេះ ,ឆ្នេរអូរឈើទាល និងមហាវិថី វិថី និងវិថីក្នុងក្រុងព្រះសីហនុ ហើយជាមួយនេះ សម្ដេច បានស្ដាប់របាយការណ៍ នៅតាមចំណុចមួយចំនួន នៃការដ្ឋានស្ថាបនាផ្លូវផងដែរ ។

ផ្លូវថ្នល់ទាំងអស់នេះ នឹងចាក់កៅស៊ូពីលើថែមទៀត ហើយបន្ទាប់មក នឹងមានរៀបជាសួនលំអរនៅតាមទ្រូងផ្លូវ និងនៅតាមជាយសង្ខាងផ្លូវផងដែរ។ បើតាមទំហំដ៏ធំទូលាយនេះ គឺអាចអោយរថយន្តបើកបរម្ខាងបាន២ ដែលមានសួនច្បារលម្អរនៅចំកណ្តាល។ ផ្លួវដែលបានកសាងនៅក្នុងតំបន់នេះគឺមានកាត់ពុះជ្រៀកភ្នំដែលមានកម្ពស់ជាង២០ម៉ែត្រ ធ្វើទៅតាមបច្ចេកទេសដែលធានាសុវត្ថិភាពនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ នៅក្នុងដំណើរនៃការអញ្ជើញពិនិត្យសមិទ្ធិផលផ្លូវថ្នល់នេះ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានអញ្ជើឈប់ថតរូបជាអនុស្សាវរីយ៍នៅមាត់សមុទ្រដែលថតពីលើភ្នំទៅ និងថតរូបនៅ សិលាចាំស្នេហ៍ និង ដើមឈើចាំស្នហេហ៍ ជាដើម។ សំណង់ផ្លូវថ្នល់ឡើងចុះទាបខ្ពស់អមជាមួយរមណីយដ្ឋានធម្មជាតិ ទាំងអស់នេះគឺពិតជាមានការទាក់ទាញផ្នែកទេសចរយ៉ាងខ្លាំង។

នេះជាសមិទ្ធិផលជាតិថ្មីបន្ថែមទៀត ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានខិតខំកសាងសម្រាប់ខេត្តព្រះសីហនុ អោយស័ក្តិសមជាខេត្តដែលមានឆ្នេរស្អាតបំផុតលើសកលលោក មានផ្លូវថ្នល់គម្រូ និងជាខេត្តដែលរីកលូតលាស់ខ្លាំងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសជាតិ។

សូមរំលឹកថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងព្រះសីហនុ បានបើកការដ្ឋាន ស្ថាបនា កាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ក្នុងគម្រោងទឹកប្រាក់ របស់រាជរដ្ឋាភិបាល ២៩៤លានដុល្លា មានក្រុមហ៊ុននិងកងវិស្វកម្មចំនួន៧ ចូលរួមស្ថាបនា ដោយគ្រោងស្ថាបនាឲ្យហើយរួចរាល់ ក្នុងរយៈពេល៨ខែ ។ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងព្រះសីហនុ ដែលមានចំនួន៣៤ខ្សែ សរុបប្រវែងជាង៨៤គីឡូម៉ែត នោះ មានគោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមានសោភណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច ជាពិសេសធានា បាននូវគុណភាពខ្ពស់ រឹងមាំ ប្រើប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ដែរថា ក្នុងការស្ថាបនាហេដ្ឋារចសម្ព័ន្ធផ្លូវនេះ មានធ្វើរង្វង់មូលចំនួន៣ និងស្ពានចំនួន៦ សរុបប្រវែង២៥២ម៉ែត្រ, ហើយ ផ្លូវទាំង៣៤ខ្សែនេះ ត្រូវបានចែកចេញជា ៣ប្រភេទ រួមមាន៖ មហាវិថីចំនួន ៣ខ្សែ ប្រវែង ជាង២២គីឡូម៉ែត្រ មានទទឹង ៥០ម៉ែត្រ ទ្រូងផ្លូវទទឹង ២៥.៧៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត៦គន្លង (៣ទៅ ៣មក) ផ្លូវទោចក្រយានយន្ត២គន្លង រួមមាន៖ មហាវិថីរាម (លេខ៤៥), មហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ (លេខ៤៧)។ ចំណែកវិថី មានចំនួន ១៦ខ្សែ មានប្រវែងជិត ៥០គីឡូម៉ែត្រ មានទទឹង ២០ម៉ែត្រ ទៅ៤០ម៉ែត្រ ទ្រូងផ្លូវទទឹង ១០.២៥ម៉ែត្រ ទៅ ១៧.២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត២គន្លង ទៅ៤គន្លង, ផ្លូវទោចក្រយានយន្ត២គន្លង។

វិថីទាំង ១៦ខ្សែនេះរួមមាន៖ វិថីលេខ ៨៣៧-១ វិថីអូរត្រេះ, វិថីឆ្នែរអូរឈើទាល (លេខ៥០) វិថីកោះពូឡូវៃ (លេខ៣០០), វិថីឯករាជ្យ (លេខ១០០), វិធី២ធ្នូ (លេខ៦០០), វិថីលំហែព្រះភូមិន្ទ, វិថីឆ្នេរអូរត្រេះ, វិថីគុជអាស៊ី (លេខ១២៣៧), វិថីបុរីកម្មករ (លេខ១១២), វិថីជោតញ្ញាណ (លេខ៧០១), វិថី២៨មិថុនា (លេខ១២៣), វិថីមិត្តភាពកម្ពុជា-រុស្ស៉ី (លេខ៧០៥) វិថីចំណោតអូរត្រាវ និងវិថីឆ្នេរពយជំទាវម៉ៅ និងវិថីអូរត្រជាក់ចិត្ត។ ដោយឡែក អនុវិថី មានចំនួន ១៥ខ្សែ មានប្រវែងជិត ១២គីឡូម៉ែត្រ មានទទឹងផ្លូវពី ១៥ម៉ែត្រ ទៅ៤៥ម៉ែត្រ ទ្រូងផ្លូវទទឹង ១០.២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត ២គន្លង និងផ្លូវទោចក្រយានយន្ត ២គន្លង។

អនុវិថីទាំង១៥ខ្សែនេះ រួមមាន៖ ផ្លូវកាត់ទទឹងវិថីអូរត្រេះ និងវិថីឆ្នេរអូរត្រេះ, ផ្លូវលេខ៨០១, ផ្លូវលេខ៥០១, ផ្លូវលេខ៥០៣, ផ្លូវលេខ៥០៥, ផ្លូវលេខ៥០៧, ផ្លូវលេខ១១៥, ផ្លូវលេខ៦០២, ផ្លូវលេខ៥០២, ផ្លូវលេខ៨១០, ផ្លូវលេខ ៨១៨៨, ផ្លូវលេខ១០២, ផ្លូវលេខ៨០៦, ផ្លូវលេខ១០៦ និងផ្លូវលេខ១២៦ លើកលែងតែកំណាត់ទី៣ នៃផ្លូវលេខ៨០១ ប្រវែង ១០៣ម៉ែត្រ ផ្លូវមានទទឹង ១០ម៉ែត្រ។ ការស្ថាបនាផ្លូវទាំង៣៤ខ្សែ ត្រូវបានគោរពតាមគោលការណ៍ និងលក្ខណៈបច្ចេកទេសមួយចំនួន

ទី១ គឺ គោរពតាមផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០។

២៖ កំណត់អ័ក្សផ្លូវតាមចំណុចកណ្តាលនៃដីចំណីផ្លូវសាធារណៈស្របតាមប្លង់សុរិយោដី។

៣៖ សាងសង់តាមគម្រោងប្លង់បច្ចេកទេសលម្អិតនៃខ្សែផ្លូវនីមួយៗដែលសិក្សាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាអនុលោមតាមបទដ្ឋានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖ ទ្រូងផ្លូវធ្វើពីបេតុងកម្រាស់ ២៥០មិល្លីម៉ែត្រ ក្រាលកៅស៊ូបេទីមកម្រាស់ ៧០មិល្លីម៉ែត្រ បេតុងត្រូវពង្រឹងដោយប្រើដែកសរសៃទំហំ ១២មិល្លីម៉ែត្រ, ចិញ្ចើមផ្លូវមានផ្លូវថ្មើរជើងក្រាលសន្លឹកបេតុង និងផ្លូវជិះកង់ទទឹង ១.៥០ម៉ែត្រ ក្រាលកៅស៊ូបេទីមកម្រាស់ ៥០មិល្លីម៉ែត្រ មានដាំស្មៅ និងដើមឈើជាផ្ទៃបៃតងជ្រាបទឹក, ដាំដើមតែ និងរុក្ខជាតិលម្អរនៅតាមផ្លូវដែលមានខឿនសួនកណ្តាលចែកទ្រូងផ្លូវ, បង្កប់លូទឹកភ្លៀងមុខកាត់ ១ម៉ែត្រ និងលូទឹកកខ្វក់មុខកាត់ ១ម៉ែត្រ តាមបណ្តោយសងខាងផ្លូវ, មានបង្គោលភ្លើងបំភ្លឺសាធារណៈ, មានគំនូសចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍តាមបទដ្ឋានបច្ចេកទេស។ បន្ថែមពីលើនេះផ្លូវសំខាន់ៗនឹងត្រូវបំពាក់កាមេរ៉ាសុវត្ថិភាពផងដែរ។

រាជរដ្ឋាភិបាលបានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំ និងអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ ។

ក្នុងនេះដែរ សម្ដេចប្រមុខរាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ខ្ពស់ លើផ្នែកបរិស្ថាន ដោយប្រើប្រាស់ថវិកា ១៧០លានដុល្លា ជាថវិកាមួយផ្នែកក្នុងទឹកប្រាក់ជំនួយឥតសំណងរបស់ចិន ៦០០លានដុល្លា ដើម្បីប្រើប្រាស់លើគម្រោងចម្រោះទឹកកខ្វក់នៅខេត្តព្រះសីហនុ ដើម្បីធានាថា ទឹកសមុទ្រនៅខេត្តព្រះសីហនុ មិនមានទឹកសំអុយទៅបំពុលបរិស្ថាន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner