កម្ពុជាត្រៀមដាក់អនុវត្តន៍ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស

អត្ថបទដោយ៖
ធី ដា

ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (GTAS) ជាប្រពន្ធ័មានភាពស៊ីចង្វាក់ទៅនឹងឧត្តមានុវត្តន៍អន្តរជាតិ និងមានសមត្ថភាពអាចទទួលព័ត៌មានអ្នកដំណើរជាមុន នូវទិន្នន័យមួយចំនួនដូចជា ១) ទទួលយកទិន្នន័យអ្នកដំណើរជាមុនតាមផ្លូវអាកាស ពីក្រុមហ៊ុនអាកាសចរ, ២) ផ្ដល់ព័ត៌មានអ្នកដំណើរទៅអាជ្ញាធរមានសមត្ថកិច្ចជាមុន មុនពេលហោះហើរ ផ្អែកតាមទិន្នន័យសំបុត្រយន្តហោះ និងការផ្ដល់ព័ត៌មានអ្នកដំណើរនៅពេល Check-In, ៣) ធ្វើសន្ធានកម្មទិន្នន័យ (Interface) ជាមួយប្រព័ន្ធដទៃទៀតបាន, ៤) អភិវឌ្ឍមុខងារបន្ថែមតាមតម្រូវការប្រើប្រាស់ជាក់ស្ដែង (Open Source), ៥) តាមដានរំហូរព័ត៌មានអ្នកដំណើរ និងទំនិញរបស់អ្នកដំណើរ (Passenger Luggage), ៦) ផ្ដល់ព័ត៌មានជាមុនដើម្បីវិភាគលើហានិភ័យការងារសំខាន់ៗមួយចំនួនដូចជា បទល្មើសរត់គេចពន្ធ ការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម បទល្មើសគ្រឿងញឿន និង បទល្មើសឆ្លងដែននានា។

ក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (ក.ប.អ.) នៅព្រឹកថ្ងៃទី១៣មករាឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយនិងពិគ្រោះយោបល់ស្តីពីការត្រៀមដាក់អនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System-GTAS) នៅទីស្តីការរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

ពិធីនោះធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយមានការចូលរួមពី មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សមាជិក សមាជិការនៃក្រុមការងារអន្តរក្រសួង ក.ប.អ. ប្រតិបត្តិករហោះហើរជាតិនិងអន្តរជាតិ និងភាគីពាក់ព័ន្ធផ្សេងទៀត សរុបប្រមាណ៥០ នាក់។ គោលបំណងនៃកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់នោះ គឺដើម្បីផ្សព្វផ្សាយខ្លឹមសារប្រកាសអន្តរក្រសួងស្តីពីការដាក់ឱ្យដំណើរការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យ អ្នកដំណើរតាមផ្លូវអាកាស , សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអន្តរក្រសួងអនុវត្តន៍ប្រព័ន្ធវាយតម្លៃ ហានិភ័យអ្នកដំណើរតាមផ្លូវអាកាស , សេចក្តីព្រាងសេចក្តីណែនាំអនុវត្តស្តីពីកាតព្វកិច្ច និងវិធីសាស្ត្រ ផ្តល់ទិន្នន័យអ្នកដំណើរតាមផ្លូវអាកាស អមដោយសេចក្តីណែនាំ Cambodia API Operation Manual និងសេចក្តីណែនាំ Cambodia PNR Operation Manual ដល់ប្រតិបត្តិករហោះហើរជាតិនិងអន្តរជាតិ និងភាគីពាក់ព័ន្ធ។

អនុលោមតាមការសម្រេចរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចេញប្រកាសអន្តរក្រសួង ចុះថ្ងៃទី៧កក្កដា ឆ្នាំ២០២០ ក្នុងគោលបំណងដាក់ឱ្យដំណើរការព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស ដើម្បីទទួលព័ត៌មានអ្នកដំណើរជាមុន និងកត់ត្រាឈ្មោះអ្នកដំណើរចេញ-ចូលព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្ដាប្រតិបត្តិករហោះហើរជាតិនិងអន្តរជាតិ និងក្រុមហ៊ុនហោះហើរជាលក្ខណៈឯកជនពាណិជ្ជកម្ម ដែលរាល់ទិន្នន័យរបស់អ្នកដំណើរតាមផ្លូវអាកាសត្រូវរក្សាជាការសម្ងាត់។

បន្ទាប់មក ក្រុមការងារអន្តរក្រសួងអនុវត្តន៍ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស ត្រូវបានបង្កើតឡើង តាមរយៈសេចក្ដីនៅ ខែសីហា ឆ្នាំ២០២០ ដែលមានភារកិច្ចរៀបចំផែនការសកម្មភាពការងារដាក់ឱ្យអនុវត្តប្រព័ន្ធ, រៀបចំសេចក្ដីណែនាំអនុវត្ត, ធ្វើការផ្សព្វផ្សាយនិងពិគ្រោះយោបល់ និងសហការសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធជាដើម។

ការដាក់ឱ្យអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (GTAS) ដែលអាចទទួលបានទិន្នន័យអ្នកដំណើរជាមុន (Advance Passenger Information-API) និងកំណត់ត្រាឈ្មោះអ្នកដំណើរ (Passenger Name Record-PNR) ជាសមិទ្ធផលដ៏ថ្លៃថ្លាថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមគោរពតាមនិយាមនិងការណែនាំរបស់អង្គការអាកាចរស៊ីវិលអន្តរជាតិ (International Civil Aviation Organization – ICAO) និង អង្គការគយពិភពលោក (World Custom Organization – WCO) នៃអង្គការសហប្រជាជាតិ ដែលបានស្នើសុំដល់បណ្តារដ្ឋជាសមាជិក ត្រូវសហការនិងពង្រឹងលើដំណើរការគ្រប់គ្រងសន្តិសុខអ្នកដំណើរតាមផ្លូវអាកាស នៅតាមប្រទេស តំបន់ និងពិភពលោក៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner