មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ប្រចាំខេត្តសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរផ្សារសាមគ្គី និងមីនីម៉ាតមួយចំនួន ដើម្បីចុះត្រួតពិនិត្យរកភាពមិនប្រក្រតី លើផលិតផលម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគដែលបានដាក់តាំងលក់នៅទីនោះ
សៀមរាប៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ប្រចាំខេត្តសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរផ្សារសាមគ្គី និងមីនីម៉ាតមួយចំនួន នៅក្នុងក្រុងសៀមរាប ដើម្បីចុះត្រួតពិនិត្យរកភាពមិនប្រក្រតីលើផលិតផលម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគដែលបានដាក់តាំងលក់នៅទីនោះ ដោយទទួលបានលទ្ធផលជាអវិជ្ជមាន រយៈកាលកន្លងមកយើងមានកិច្ចសហការយ៉ាងល្អពីរដ្ឋបាលខេត្តសៀមរាប និងបណ្តាអង្គភាពជំនាញថ្នាក់ក្រោមជាតិ សាខា (ក.ប.ប) ខេត្តសៀមរាប បានធ្វើការអង្កេត ត្រួតពិនិត្យ ស្រាវជ្រាវ រកភាពមិនប្រក្រតីលើផលិតផលម្ហូបអាហារ ឬក៏មិនមែនម្ហូបអាហារដែលដាក់លក់លើទីផ្សារ និងបណ្តាញលក់ដូរតាមអនឡាញ ទទួលបានផ្លែផ្ការជាបន្តបន្ទាប់ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ។
លោក លឹម វុឌ្ឍី អនុប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តសៀមរាប បានអោយដឹងថា៖ នៅក្នុងកិច្ចប្រតិបត្តិការណ៍នេះ យើងបានចុះត្រូតពិនិត្យនៅក្នុងផ្សារសាមគ្គី ស្ថិតនៅភូមិបន្ទាយចាស់ និងផ្សារទំនើបៗ មួយចំនួនរួមមាន៖ ផ្សារទំនើប អាស៊ីផ្លាហ្សា អង្គរម៉ាក់ ឃីត ហ៊ុយ ម៉េង មីនីម៉ាត ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវស៊ីវុត្ថា សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាបខេត្តសៀមរាប។
ចំពោះគោលដៅសំខាន់ក្នុងប្រតិបត្តិការនៃការត្រួតពិនិត្យនេះ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេតប្រើប្រាស់ និងភាពមិនអនុលោមផ្សេងទៀត។ លោកបានបន្តទៀតថា៖ បន្ទាប់ពីបានធ្វើការត្រួតពិនិត្យរួចមកយើងទទួលបានលទ្ធផលល្អ ដោយពុំឃើញមានភាព មិនអនុលោមលើផលិតផលទំនិញណាមួយឡើយ។ នេះបើតាមប្រសាសន៏ របស់លោក អនុប្រធានសាខានោះ ទំនិញដែលមិនមានភាពអនុលោមនោះរួមមាន ម្ហូបអាហារដែលហួសកាលបរិច្ឆេទ ម្ហូបអាហារដែលប្រើប្រាស់សារធាតុគីមីហាមឃាត់ និងជាពិសេសអាល់កុលដែលពុំមានសុវត្ថិភាព ដែលប្រជានកម្ពុជាកំពុងពេញនិយមប្រើប្រាស់ ក្នុងខណៈដែលមេរោគកូវីដ-១៩ កំពុងរាតត្បាតទូទាំងពិភពលោកផងដែរ។
គួររំលឹកថា៖ ម្ហូបចំណីអាហារ និងគ្រឿងកំប៉ុងផ្សេងៗ ដែលបានដាក់តាំងលក់នៅក្នុងផ្សារសាមគ្គី ផ្សារ អាស៊ី ផ្សារអអ្គរ ម៉ាក់ឃីត និង ហ៊ុយ ម៉េង មីនីម៉ាត ក្នុងក្រុងសៀមរាប បន្ទាប់ពីបានត្រូតពិនិត្យនឹងធ្វើតេស្តរួចមក គឺពុំបានរកឃើញនូវសារធាតុគីមី ដែលត្រូវបានគេដាក់ទៅលើចំណីអាហារដើម្បីឲ្យរក្សាទុកបានយូរ នឹងផុតកំណត់ហួសកាលបរិច្ឆេទនោះឡើយ ចំពោះម្ហូបចំណីទាំងអស់នោះ វាមានលក្ខណៈល្អបែបធម្មជាតិនឹងមានសុវត្ថិភាពថែមទៀតផង៕ធ.ដ
ដោយ ស៊ាន សុផាត