ឯកឧត្តម ងិន ឃន ប្រធានក្រុមការងារគណបក្សចុះពង្រឹងមូលដ្ឋានក្រុងបាត់ដំបង បានជម្រុញឲ្យគ្រប់គណបក្សមូលដ្ឋានភូមិ-សង្កាត់ទាំង១០ យុវជន-ជនសកម្ម របស់ គណបក្សក្រុង ពង្រឹងនូវធ្លុងសាមគ្គីផ្ទៃក្នុង ដើម្បីកសាងកម្លាំងបក្សក្នុងការត្រៀមដណ្តើមប្រៀបឈ្នះសម្រាប់ការបោះឆ្នោតឆ្នាំ២០២២ និង ២០២៣ ខាងមុខ
ឯកឧត្តម ងិន ឃន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជា ប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបង បានដាក់ចេញនូវផែនការដើម្បីពង្រឹងការងារដល់បក្សមូលដ្ឋានគ្រប់ថ្នាក់នៅក្នុងសង្កាត់ទាំង១០នៃក្រុងបាត់ដំបង ដោយបានធ្វើការណែនាំក្រើនរំលឹកមេបក្សភូមិ – សង្កាត់ឲ្យបន្តភាពសកម្មរបស់ខ្លួនជាមួយបងប្អូនប្រជាពលរដ្ឋជាសមាជិកបក្សគណបក្សប្រជាជន និងការកសាងកម្លាំងថ្មីជាកូនចៅរបស់សមាជិកគណបក្សប្រជាជន និងកម្លាំងថ្មីដែលទើបគ្រប់អាយុសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។ ជាពិសេស ត្រូវចេះចលនាសមាជិកគណបក្សដទៃ និងបងប្អូនដែលនៅមិនទាន់ជ្រើសយកគណបក្សណាមួយ នៅឡើយនោះ ដើម្បីឲ្យចូលរួមជាមួយជីវភាពនយោបាយរបស់គណបក្សប្រជាជនសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។
ការលើកឡើងរបស់ឯកឧត្តមប្រធានក្រុមការងារនៃគណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបងនេះ គឺក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនិងពិនិត្យមើលអំពីវឌ្ឍនភាពការងាររបស់គណបក្សក្រុងក្នុងខែឧសភា ឆ្នាំ២០២០ និង លើកទិសដៅផែនការសកម្មភាពសម្រាប់អនុវត្តបន្តខាងមុខទៀត។ក្នុងកិច្ចប្រជុំនេះ ក៏មានវត្តមាន ឯកឧត្តម អនុប្រធានក្រុមការងារចុះជួយក្រុង ឯកឧត្តម លោកជំទាវ ដែលជាប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះពង្រឹងមូលដ្ឋានបណ្តាសង្កាត់ទាំង១០ និងថ្នាក់ដឹកនាំបក្សសមាជិកបក្សមូលដ្ឋាននៃសង្កាត់១០ កាលពីព្រឹកថ្ងៃទី៣១ខែឧសភាថ្មីៗនេះ។
តាមរយៈរបាយការណ៍អំពីវឌ្ឍនភាពនៃសកម្មភាពការងាររបស់គណបក្សប្រជាជនកម្ពុជាក្រុងបាត់ដំបង របស់ លោកផេង សិទ្ធី ប្រធានគណបក្សក្រុង បានរំលេចឲ្យដឹងថា៖ក្រៅពីគណបក្សក្រុង និងគណបក្ស១០សង្កាត់។មានសាខាបក្សមូលដ្ឋានក្នុងក្រុង ចំនួន៤។មានក្រុមបក្សចំនួន ៦.៤១៤ក្រុមបក្ស។គ្រួសារបក្សចំនួន ១៧.៦០៧គ្រួសារ។សមាជិកគណបក្សចំនួន ៥០.៩៨៩នាក់ជាស្ត្រីចំនួន២៨.៩៨៣នាក់។លោកប្រធានគណបក្សក្រុង ក៏បានគូសបញ្ជាក់ឲ្យដឹងផងដែរថា៖ ការកសាង នូវសមាជិកបក្សថ្មី គិតត្រឹមថ្ងៃទី១៦មីនាឆ្នាំ២០២០បានចំនួន ១.៣៣៣នាក់ ជាស្ត្រី ៦៨៨នាក់។ក្នុងនោះកូនចៅសមាជិកបក្សចំនួន៩៦៧នាក់ ជាស្ត្រី៥០៨នាក់។មកពីគណបក្សដទៃចំនួន ៣៦៦នាក់ជាស្ត្រី១៨០នាក់។ហើយថ្មីៗកន្លងមកនេះ គណបក្សសង្កាត់ព្រែកព្រះស្តេច បានប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន ១៨៦នាក់ ក្រោមវត្តមានឯកឧត្តម ងួន រតនៈ ប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង កាលពីថ្ងៃទី ២៩ ខែឧសភា កន្លងទៅនេះ ។
កិច្ចប្រជុំប្រចាំខែនេះ ក៏បានធ្វើការវាយតម្លៃអំពីសកម្មភាពនិងផែនការរួមរបស់គណបក្សក្រុង និងការដាក់ចេញនូវវិធានការនិងផែនការជម្រុញរបស់ក្រុមការងារគណបក្សចុះជួយក្រុងផងដែរ ដោយបានផ្តោតនូវការវាយតម្លៃ ពីភាពសកម្ម របស់ខ្លួននិងពីចំណុចអវិជ្ជមាន ពីភាពអសកម្ម មួយចំនួនដែលត្រូវបានកែលម្អតម្រង់ទឹសកាងារនិងជម្រុញបន្ថែមពីឯកឧត្តម ងិន ឃន និង ឯកឧត្តម សៀងស៊ុតថង និង ឯកឧត្តម ឡេង ប៉េងឡុង ជាអនុប្រធាននៃក្រុមការងារគណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបង ផងដែរ។
ឯកឧត្តម ងិន ឃន ប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបង ក៏បានថ្លែងជម្រុញដល់គ្រប់មេបក្សមូលដ្ឋានត្រូវបន្តនូវផែនការសកម្មភាពនៃកម្មវិធីនយោបាយ គោលនយោបាយរបស់គណបក្ស និងពីក្រុមការងារគណៈពង្រឹងមូលដ្ឋានគ្រប់ថ្នាក់បានដាក់ចេញ ដើម្បីយកទៅអនុវត្តជាក់ស្តែង ដែលក្នុងនោះរួមមានការចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលគ្រប់អាយុដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដល់ពលរដ្ឋទាំងពីរភេទ។ ការងារចិញ្ចឹមចលនានិងចុះតាមមូលដ្ឋាន តាមខ្នងផ្ទះ និងផ្សារភ្ជាប់ពីជីវភាពនិងសុខទុក្ខប្រជាជនក្នុងមូលដ្ឋានផ្ទាល់របស់ខ្លួន។ការជម្រុញការរៀបចំកញ្ចប់មូលនីធិបក្សនៅតាមបណ្តាគណបក្សឃុំ-សង្កាត ក្រុងស្រុករបស់ខ្លួន។ឯកឧត្តមប្រធានក៏បានជម្រុញឲ្យគណបក្សមូលដ្ឋានសង្កាត់បន្តសកម្មភាព ក្នុងការចុះធ្វើអនាម័យ និងបន្តការចុះបាញ់ថ្នាំតាមមូលដ្ឋានខ្លួន។ហើយក្នុងនេះដែរ គ្រប់បក្សមូលដ្ឋានទាំងអស់ ត្រូវបន្តធ្វើការអប់រំដល់បងប្អូនប្រជាពលរដ្ឋត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន គឺ៖ការធ្វើអនាម័យឲ្យបានជាប់ជាប្រចាំក្នុងការលាងសម្អាតដៃ ជាមួយសាប៊ូ អាល់កុលនិងជែល ដើម្បីថែរក្សាសុខភាពអាយុជីវិត ផ្ទាល់ខ្លួនម្នាក់ៗនិងដើម្បីបញ្ចៀសឲ្យបានពីការឆ្លងនិងការចម្លងនូវមេរោគកូវីដ-19 ដែលមិនទាន់បាត់នៅលើពិភពលោកនៅឡើយ។ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានក្រុមការងារក៏បានប្រគល់នូវថវិកាចំនួន៥០ម៉ឺនរៀល ដល់មូលនីធិគណបក្សសង្កាត់នីមួយៗចំនួន៤ រួមមាន៖ គណបក្សសង្កាតព្រែកព្រះស្តេច,គណបក្សសង្កាត់រតនៈ, គណបក្សសង្កាត់ក្តុលដូនទាវ និង គណបក្សសង្កាត់អូរម៉ាល់។ព្រមទាំងបានឧបត្ថម្ភជាសោហ៊ុយ ជូនដល់ក្រុមការងារ និងអ្នកចូលរួមប្រជុំ ផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )