ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជំរុញការយកចិត្តទុកដាក់ និងគិតដល់ឧត្តមប្រយោជន៍របស់កុមារ
ក្នុងសាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នាឱកាសខួបលើកទី៧១ នៃទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៩ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជានាចក្រកម្ពុជា មានប្រសាសន៍ «ត្រូវយកចិត្តទុក និងគិតទៅដល់ឧត្តមប្រយោជន៍របស់កុមារ ជាពិសេសកុមាររស់នៅកន្លែងថែទាំជំនួស កុមារកំពុងរស់នៅកន្លែងឃុំឃាំង កុមារដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ ឬប្រយោលពីកូវីដ-១៩»។
នៅក្នុងឱកាសនៃការប្រារព្ធទិវានេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសែន បានអំពាវនាវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ដើម្បីទប់ស្កាត់ការឆ្លង COVID19 ដល់កុមារ។ «ទោះបីជាកម្ពុជាយើងមានរបាយការណ៍ស្តីពីករណីឆ្លងដល់កុមារតែមួយករណីក៏ដោយ ប៉ុន្តែ COVID-19 បានបង្កឲ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់កុមារគ្រប់រូប និងកាន់តែប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតចំពោះកុមារដែលរស់នៅក្នុងគ្រួសារក្រីក្រ»។
នេះជាប្រសាសន៍លើកឡើងរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។ សម្តេចតេជោ ក៏បានបញ្ជាក់បន្ថែមថា ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែងរកលទ្ធភាពក្នុងការធ្វើយ៉ាងណាឲ្យកុមារគ្រប់រូបនៅគ្រប់ទីកន្លែង ជាពិសេសកុមារក្នុងគ្រួសារក្រីក្រ ទទួលបានសេវាអប់រំ អនាម័យ និងទឹកស្អាតស្មើៗគ្នានៅក្នុងកំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ១៩ ។
សូមបញ្ជាក់ថា នៅក្នុងសារអបអរសាទរខួបលើកទី៧១ នៃទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៩ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកោតសរសើរផងដែរ ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ និងដៃគូទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មលើវិស័យកុមារ ដោយសម្រេចបាននូវសិទ្ធិជាមូលដ្ឋានទាំង៤ គឺសិទ្ធិរស់រានមានជីវិត សិទ្ធិអភិវឌ្ឍ សិទ្ធិទទួលបាននូវការការពារ និងសិទ្ធិចូលរួម៕