នាយឧត្តមសេនីយ៍ មុឹង សំផន នាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីf ប្រគល់ជូនអនុសាខាកាកបាទក្រហមស្រុកចន្ទ្រា និងក្រុងបាវិត
ស្វាយរៀង៖ នាយឧត្តមសេនីយ៍ មុឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយក្រុងបាវិត និងស្រុកចន្ទ្រានៅព្រឹកថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២០នេះបានដឹកនាំក្រុមការងារនាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជាប្រគល់ជូនដល់អនុសាខាកាកបាទក្រហមក្រុងបាវិត និងស្រុកចន្ទ្រាដើម្បីទុកចែកជូនដល់ប្រជាពលរដ្ឋទីទល់ក្រ ជួបការលំបាក និងគ្រោះមហន្តរាយផ្សេងៗ។
លោកនាយឧត្តមសេនីយ៍មុឹង សំផនបានថ្លែងផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរ តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរអ្វីនោះឡើយ។ លោកនាយឧត្តមសេនីយ៍បានបន្ថែមទៀតថា យើងពិតជាដឹងហើយថាបច្ចុប្បន្នជំងឺកូវីដ១៩ កំពុងរាតត្បាតពាសពេញពិភពលោកក៏ដូចជាប្រទេសកម្ពុជាផងដែរដែលទាមទារឲ្យយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្ការទប់ស្កាត់នៃការរីករាលនៃជំងឺនេះផងដែរ។
លោក មុឹង សំផន បញ្ជាក់បន្ថែមថាជំងឺកូវីដ១៩នេះមិនទាន់ចប់នៅឡើយទេដោយតំណាក់ទី១បានសះស្បើយអស់១២២នាក់ ហើយនៅតំណាក់ទី២ ក៏បានឆ្លងចំនួនបីនាក់បន្ថែមទៀតដែលមកពីក្រៅប្រទេស ដូច្នេះមិនទាន់មានប្រជាពលរដ្ឋណាម្នាក់ឆ្លងពីពលរដ្ឋនៅក្នុងប្រទេសកម្ពុជានោះទេ។ហេតុនេះយើងត្រូវប្រុងប្រយ័ត្នខ្ពស់ បន្ថែមទៀតនៅតំណាក់កាលរលកទី២ ក្នុងការពារសុខភាព និងធ្វើអនាម័យតាមការណែនាំ របស់លោក គ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច ពីព្រោះជំងឺឆ្លងកូវិដ១៩ មិនទាន់រលាយ បាត់ពីផែនដីនៅ ឡើយទេ ព្រោះជំងឺនេះកាចសាហាវណាស់ វាអាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ និងអាចធ្វើឲ្យមនុស្សបាត់បង់ជីវិតដោយគ្មានថ្នាំព្យាបាលនោះទេ (យើងភ្លេចកូវីដ១៩ ប៉ុន្តែ កូវីដ១៩មិនភ្លេចយើងនោះទ្បើយ) ហើយជំងឺនេះបានវាយលុកខ្លាំងបានឆ្លងក្នុងប្រទេសមហាអំណាចដូចជាសហរដ្ឋអាម៉េរិកជាដើម។
លោក មុឹង សំផន ស្នើរដល់អាជ្ញាធរ និងអនុសាខាកាកបាទក្រហមស្រុកចន្ទ្រា និងក្រុងបាវិតត្រូវចុះឲ្យដល់ខ្នងផ្ទះពលរដ្ឋដែលជួបការលំបាកខ្វះខាតពិតប្រាដក ជាពិសេសនៅគ្រាដែលពលរដ្ឋមិនសូវបានចេញពីផ្ទះដោយសារជំងឺកូវីដ១៩ រាតត្បាតហើយខ្វះស្បៀងអាហារ ហើយយើងជាអាជ្ញាធរត្រូវតែរាយការណ៍ មកអនុសាខាកាកបាទក្រហមស្រុក ក្រុងដើម្បីដឹកនាំក្រុមការងារនាំស្បៀងទៅចែកជូនឲ្យបានទាន់ពេលវេលា មិនត្រូវទុកពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ដោយសារអត់អាហារនោះទេ។
អំណោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន និងលោកស្រីព្រមទាំងក្រុមការងារប្រគល់ជូនដល់អនុសាខាកាកបាទ ក្រហមកម្ពុជា ក្រុងបាវិត និងស្រុកចន្ទ្រាក្នុងមួយស្រុក ក្រុងទទួលបានអង្ករ១០តោន មី១០០កេស ទឹកត្រី១០០យូរ ទឹកស៊ីអ៊ីវ១០០យូរ ត្រីខ៨កេសធំ ប្រេងសាំង១០០០លីត្រ និងថវិកា១១,៥០០.០០០រៀល៕ធ.ដ