ក្រុមហ៊ុនសែលកាតប្រកាសដាក់ឱ្យដំណើរការមជ្ឈមណ្ឌលអប់រំតាមអនឡាញទំនើបថ្មី

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ ក្រុមហ៊ុនសែលកាតនៅថ្ងៃទី១៥ មករា ២០២១នេះ បានប្រកាសពីការបើកដំណើរការ មជ្ឈមណ្ឌលអប់រំ (Education Hub) តាមអនឡាញ ដើម្បីអនុញ្ញាតឱ្យអតិថិជនសែលកាតរបស់ខ្លួន អាចចូលទស្សនាមាតិកាអប់រំតាមអនឡាញ ដោយឥតដែនកំណត់នៅទូទាំងប្រទេសកម្ពុជា។

សេវាកម្មនវានុវត្តន៍ផ្នែកឌីជីថល ដែលមានផ្តល់ជូននៅលើ Education Hub នេះ រួមមានសាលាអេឡិចត្រូនិច (E-School) កម្មវិធី ឃីម សុខហេង (Khim Sok Heng) និង កម្មវិធី iKnow iKnow ជាដើម។ Education Hub គឺជាមធ្យោបាយដ៏ល្អបំផុតមួយ សម្រាប់អ្នកសិក្សាគ្រប់រូបដែលមានបំណងចង់បង្កើនចំណេះដឹងរបស់ខ្លួន ជាមួយនឹងសមត្ថភាពក្នុងការទទួលបានការអប់រំឌីជីថលគ្រប់ទីកន្លែងនៅទូទាំងប្រទេសកម្ពុជា ដែលដំណើរការដោយសែលកាត។

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឱ្យដឹងថា Education Hub គឺជាផ្នែកមួយនៃគោលដៅរបស់ក្រុមហ៊ុនសែលកាត និងរ៉ូយ៉ាល់គ្រុប ដើម្បីបង្កើនអក្ខរកម្មឌីជីថល និងសមត្ថភាពយុវជននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាដើម្បីធានាឱ្យបាននូវការអប់រំប្រកបដោយគុណភាព នៅក្នុងអំឡុងស្ថានការណ៍ឥតទិសដៅច្បាស់លាស់នេះផងដែរ។

គួរបញ្ជាក់ថាក្រុមហ៊ុនសែលកាត បានដាក់ឱ្យដំណើរការកម្មវិធីអប់រំតាមរយៈកម្មវិធីទូរស័ព្ទ iKnow iKnow នៅក្នុងឆ្នាំ ២០២០ ដើម្បីផ្តោតទៅលើសិស្សសាលាចាប់ពីថ្នាក់ទី ៦ ដល់ទី ១២។ សេវាកម្មនេះ មានផ្តល់ជូននៅទូទាំងប្រទេស ដោយអ្នកប្រើប្រាស់ត្រូវចំណាយត្រឹមតែ១២០០រៀលប៉ុណ្ណោះ ក្នុងមួយសប្តាហ៍។

ក្រុមហ៊ុនសែលកាតបានឱ្យដឹងថាចំពោះអតិជនសែលកាត អាចបន្តមានឱកាសឈ្នះរង្វាន់អាហារូបករណ៍រយៈពេលមួយឆ្នាំដោយឥតគិតថ្លៃ ដើម្បីសិក្សានៅសាកលវិទ្យាល័យនាំមុខគេចំនួន ៣ នៅកម្ពុជា ដោយក្នុងនោះរួមមានសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (PUC) និងសាកលវិទ្យាល័យកម្ពុជា (UC) តាមរយៈការចូលរួមប្រើប្រាស់កម្មវិធីអប់រំ ដើម្បីឆ្លើយសំណួរស្វែងរកចម្លើយត្រឹមត្រូវ។ កាន់តែពិសេសទៀតនោះ អតិថិជនក៏នឹងមានឱកាសប្រចាំខែ ដើម្បីឈ្នះម៉ូតូយ៉ាម៉ាហា X-Ride ចំនួន២គ្រឿងផងដែរ។

កម្មវិធី E-School Cambodia ដែលមាននៅលើ Education Hub របស់សែលកាត នឹងផ្តល់ជូនវគ្គសិក្សាតាមវីដេអូ (Video On Demand) ចំនួន ១២ វគ្គ ដោយផ្តោតលើថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេស ដោយឥតគិតថ្លៃរយៈពេលមួយខែ សម្រាប់រាល់អតិថិជនសែលកាតដែលប្រើប្រាស់លេខកូដប្រូម៉ូសិន “Cellcard”។ មុខវិជ្ជាជាច្រើន ដែលអនុលោមតាមស្តង់ដារអប់រំកម្ពុជារបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់គ្រប់កម្រិតចាប់ពីមត្តេយ្យសិក្សាដល់ថ្នាក់វិទ្យាល័យ ក៏នឹងមានដាក់ជូនឱ្យប្រើប្រាស់ផងដែរ។

កម្មវិធីសិក្សា Khim Sok Heng មានផ្តល់ជូននូវមាតិការសិក្សាតាមវីដេអូ (Video On Demand) ដល់អតិថិជន ជាមួយនឹងគម្រោងបង់ថ្លៃប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និង ប្រចាំខែ ដែលអតិថិជនអាចបង់ថ្លៃគម្រោងដោយប្រើប្រាស់ទឹកប្រាក់នៅក្នុងគណនីសែលកាតរបស់ខ្លួន។ លោក ឃីម សុខហេង (Khim Sok Heng) គឺជាសាស្ត្រាចារ្យដ៏ល្បីល្បាញ និងទទួលបានការគោរពដ៏ខ្ពស់មួយរូប ខាងផ្នែកបណ្តុះបណ្តាលជំនាញទន់។ មាតិកាតាមអនឡាញ រួមមានវគ្គស្តីពីភាពជាអ្នកដឹកនាំ ទំនាក់ទំនងគ្រួសារ ជំនាញធុរកិច្ច ការលើកទឹកចិត្តនិងការកែលំអខ្លួនឯង និងមានជំនាញដទៃៗទៀតជាច្រើន។

គួរបញ្ជាក់ដែរថាអតិថិជនសែលកាតដែលមានចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់ Education Hub អាចចូលទស្សនាមាតិការបស់កម្មវិធីនេះបាន តាមរយៈ Cellcard App ដែលអាចស្វែងរកបាននៅលើហាងរបស់ iOS និង Android៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner