ឯកឧត្តម កៅ ថាច ចង់ឃើញយុវជនស្រុកល្វាឯម ខិតខំដាំដុះបន្លែ ផ្លែឈើ និងចិញ្ចឹមសត្វ ឲ្យបានកាន់តែច្រើន ចូលរួមបន្ថយការនាំចូលពីក្រៅប្រទេស
នៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២១ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាកសិករ និងទីផ្សារផលិតផលកសិកម្មរបស់ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកខ្សាច់កណ្តាល កៀនស្វាយ និងល្វាមឯម ព្រមទាំងសហការីបានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីសំណេះសំណាលជាមួយយុវជន និងកសិករនៅក្នុងស្រុកល្វាឯម ផ្សារ ភ្ជាប់ជាមួយវិស័យកសិកម្ម ដោយក្នុងកម្មវិធីនេះ ក៏មានប្រជាកសិករក្នុងស្រុកល្វាឯម សរុបប្រមាណ ២២០នាក់បានចូលរួម។
ក្នុងកម្មវិធីនោះដែរ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាព ពីវត្តមានរបស់ ឯកឧត្តម ជាប ដាវុធ ប្រធានផ្នែកហិរញ្ញវត្ថុ យុវជនថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកល្វាឯម ទទួលបន្ទុកចលនាយុវជន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម និងជាប្រធានគណបក្សស្រុកល្វាឯម និង លោក លោកស្រី សមាជិកក្រុមការងារយុវជន ក្រុមប្រឹក្សាឃុំ-ស្រុក ផងដែរ។
បន្ទាប់ពីស្តាប់របាយការណ៍ស្វាគមន៍របស់ លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណបក្សស្រុករួចមក ឯកឧត្តម កៅ ថាច បានមានប្រសាសន៍សំណេះសំណាលក្នុងកម្មវិធីថា កម្មវិធីសំណេះសំណាលនេះគ្រោងធ្វើជាច្រើនលើកមកហើយ ប៉ុន្តែ ដោយសារ បញ្ហាកូវិដ ១៩ ធ្វើអោយ កម្មវិធីនេះត្រូវបានពន្យាពេលជាច្រើនដងច្រើនសារ។ ប្រទេសកម្ពុជាយើង មានភ័ព្វសំណាងល្អដោយសារយើងមានថ្នាក់ដឹកនាំឆ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជំងឺកូវិដ ១៩ ត្រូវបានគ្រប់គ្រងទាន់ពេលវេលា។ តាមរយៈសកម្មភាព និងវិធានការផ្សេងៗ របស់រាជរដ្ឋាភិបាល ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវិដ ១៩ ក្នុងចំណោមប្រទេស ១៦៦ ជុំវិញពិភពលោក។ ឯកឩត្តម កៅ ថាច បាន លើកឡើងផងដែរ ពាក់ព័ន្ធនឹងសេដ្ឋកិច្ចទាំងក្នុងស្រុក និងបរទេស អំពីផលប៉ះពាល់ដែលបណ្តាលមកពីជំងឺនេះ និងអំពីវិធានការការពារនានារបស់បណ្តាលប្រទេសផ្សេងៗ ជម្រាបជូនដល់បងប្អូនកសិករអោយបានជ្រាបបន្ថែមជាព័ត៌មាន។
ឯកឧត្តម កៅ ថាច មានប្រសាសន៍បន្ថែមទៀតថា ដោយទទួលបាន ការទុកចិត្តពីរាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បាននិងកំពុងអនុវត្តគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាបាល ចំនួន ៥០ លានដុល្លារអាមេរិក ដោយអត្រាការប្រាក់តែ ០,៤២ភាគរយក្នុងមួយខែ តែប៉ុណ្ណោះ ដើម្បីធ្វើការផ្តល់ជូនដល់បងប្អូនកសិករ ធ្វើការពង្រីកការដាំដុះបន្លែ ចិញ្ចឹមសត្វ វ៉ារីវប្បកម្ម និងការផលិតកែច្នែ ខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម ដូចនេះ ឯកឧត្តម កៅ ថាច បន្តលើកទឹកចិត្តដល់កសិករក្នុងស្រុកល្វាឯម ធ្វើការទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីស្នើសុំឥណទាន ក្នុងគម្រោងនេះ ដើម្បីយកទៅពង្រីកការដាំដុះបន្លែ និងការចិញ្ចឹមសត្វជាដើម។
ពាក់ព័ន្ធទៅនឹងការផ្គត់ផ្គង់បន្លែ ត្រីសាច់ របស់បងប្អូនកសិករខ្មែរ បច្ចុប្បន្នការផ្គត់ផ្គង់បន្លែ ត្រីសាច់ ចូលទីផ្សាររបស់បងប្អូនប្រជាកសិករនៅមានកំរិត នៅឡើយ និងមិនអាចឆ្លើយតបបានគ្រប់គ្រាន់សម្រាប់ការប្រើសប្រាស់ក្នុងស្រុក ដូចនេះ យើងត្រូវធ្វើការនាំចូលបន្ថែមពីក្រៅប្រទេស ដើម្បីបំពេញបន្ថែមលើការខ្វះខាតនេះ។ ត្រង់ចំនុចនេះ បងប្អូនទាំងអស់គ្នាពិតជាបានទទួលស្គាល់ហើយថា នាំចូលទាំងនោះមានមួយចំនួនមានផ្ទុកសារធាតុគីមី ដែលធ្វើអោយប៉ះពាល់សុខមាលភាពបងប្អូនប្រជាពលរដ្ឋ អ្នកប្រើសប្រាស់យ៉ាងខ្លាំង។ ហេតុនេះហើយ ដោយសារតែមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្នុងនាមឯកឧត្តម កៅ ថាច ផ្ទាល់ ឯកឧត្តមពិតជាចង់ឃើញណាស់បងប្អូនប្រជាកសិករខ្មែរ ខិតខំដាំដុះបន្លែ ពង្រីកការចញ្ចឹម ប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ អោយបានច្រើន ដើម្បីធ្វើការផ្គត់ផ្គង់ចូលក្នុងស្រុកអោយបានគ្រប់គ្រាន់ មាននិរន្តភាព និងអាចឈានដល់ការនាំចេញបានទៅក្រៅប្រទេសបាន ដូចនេះហើយ តាមរយៈកម្មវិធីសំណេះសំណាលជាមួយកសិករ នាឳកាសនោះ ឯកឧត្តម កៅ ថាច បានធ្វើការស្នើសុំដល់បងប្អូនប្រជាកសិករត្រូវធ្វើការពង្រឹង និងពង្រីក សមត្ថភាពការដាំដុះបន្លែសុវត្ថិភាព ការចិញ្ចឹម អោយបានទិន្នផលខ្ពស់ ដើម្បីធ្វើការផ្គត់ផ្គង់ចូលទីផ្សារជំនួសអោយការនាំចូលពីក្រៅប្រទេស។
ពាក់ព័ន្ធនឹងអំពីបច្ចេកទេសដាំដុះបន្លែ ការចិញ្ចឹមត្រី សត្វ របស់ប្រជាកសិករមួយចំនួននៅមានកំរិត។ នៅក្នុងចំនុចនេះ ឯកឧត្តម កៅ ថាច ចង់ទាញចំណាប់អារម្មណ៍របស់បងប្អូនកសិករ យុវជន អោយមានឆន្ទះមុះមុត ក្នុងការកែប្រែទំលាប់ការដាំដុះបន្លែ ការចិញ្ចឹមត្រី សត្វ ក្នុងនាមកសិករ ទៅធ្វើក្នុងនាមជាសហគ្រិន ពោលគឺការដាំដុះបន្លែ ការចិញ្ចឹម ដើម្បីធ្វើជាពាណិជ្ចកម្ម ដោយមានផែនការច្បាស់លាស់ សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុកអោយបានគ្រប់គ្រាន់ និងមានសមត្ថភាពអាចនាំចេញទៅក្រៅប្រទេសបាន។ ឯកឧត្តម កៅ ថាច បានមានជំនឿជាក់ថា កាលណាបងប្អូននាំគ្នាកែប្រែទម្លាប់ក្នុងការដាំដុះបន្លែ ការចិញ្ចឹម បានជោគជ័យ នោះកំរិតជីវភាពរបស់ប្អូននឹងមានការកែប្រែកាន់តែប្រសើរឡើង និងជួយកាត់បន្ថយភាពក្រីក្រ របស់បងប្អូនប្រជាពលរដ្ឋបាន។
ពាក់ព័ន្ធនឹងគោលការណ៍ស្តង់ដារសុវត្ថិភាព ឯកឧត្តម កៅ ថាច បានបន្តធ្វើការស្នើសុំបងប្អូនប្រជាកសិករ ធ្វើ ដាំការដុះបន្លែ ធ្វើការចិញ្ចឹម សូមមេត្តាធ្វើការយកចិត្តទុកដាក់ខ្ពស់អំពីគុណភាព និងអនុវត្តតាមគោលការណ៍កសិកម្មល្អ ដើម្បីលើកកម្ពស់សុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ។
ចំពោះការចងក្រងសហគមកសិកម្ម និងរៀបចំទាំងផែនការដាំដុះ និងការចិញ្ចឹមឯកឧត្តម កៅ ថាច បន្តលើកទឹកចិត្តដល់បងប្អូនប្រជាកសិករ ឱ្យរៀបចំចងក្រងគ្នាជាសហគមកសិកម្ម និងត្រូវមានផែនការដាំដុះ ការផលិត និង ការចិញ្ចឹមឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។ កាលណា កសិករមានផែនការដាំដុះ ផែនការចិញ្ចឹម ច្បាស់លាស់ ផលិតផលរបស់បងប្អូននឹងធ្វើការផ្គត់ផ្គង់ចូលទីផ្សារមានស្ថេរភាព និងមានតំលៃ៕
