លោក ចូ បៃដិន បង្ហាញកញ្ចប់ជំនួយសេដ្ឋកិច្ចថ្មីមួយ ដែលមានទំហំទឹកប្រាក់រហូតដល់១.៩ទ្រីលានដុល្លារ (Video)
បរទេស ៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន បានធ្វើការប្រកាសបង្ហាញពីផែនការកញ្ចប់ថវិកាជំនួយសេដ្ឋកិច្ចថ្មីមួយ ដែលមានទំហំរហូតទៅដល 1.9 ទ្រីលានដុល្លារ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ។
ប្រសិនបើសំណើដែលបានបញ្ជូនទៅសភានេះត្រូវបានអនុម័តនោះ វាក៏នឹងមានបញ្ចូលជាមួយនឹងកញ្ចប់ថវិកាសម្រាប់ចំណាយរបស់ពលរដ្ឋអាមេរិកប្រមាណជាង១ទ្រីលានដុល្លារផងដែរ ដែលវានឹងត្រូវប្រើប្រាស់ដោយការផ្តល់ជូនជាសាច់ប្រាក់ផ្ទាល់ដល់ពលរដ្ឋអាមេរិកទាំងអស់គឺ១.៤០០ដុល្លារក្នុងម្នាក់ ។ កញ្ចប់ជំនួយក៏ត្រូវបានគេដឹងដែរថា មានរួមទាំងកញ្ចប់ថវិកាសម្រាប់ប្រយុទ្ធប្រឆាំងនឹងវិរុសកូវីដប្រមាណ៤១៥ពាន់លានដុល្លារ ព្រមទាំងកញ្ចប់ជំនួយសម្រាប់អាជីវកម្មខ្នាតតូចប្រមាណ៤៤០ពាន់លានដុល្លារផងដែរ ។
លោក បៃដិន ក៏ធ្លាប់បានបញ្ជាក់អំពីផែនការរបស់លោក ដែលនឹងប្រើប្រាស់កញ្ចប់ប្រាក់ដល់ទៅ២០ពាន់លានដុល្លារ សម្រាប់តែការងារចាក់វ៉ាក់សាំងជូនពល រដ្ឋអាមេរិក និងមានទាំងការពន្លឿនការចាក់វ៉ាក់សាំងឲ្យបានលឿនបំផុតទាំងនៅក្នុងក្រុង និងនៅតាមទីជនបទ ខណៈដែលអាមេរិកបានទទួលស្គាល់វ៉ាក់សាំងចំនួនពីរហើយគិតមកទល់ពេលនេះ ប៉ុន្តែអ្នកជំនាញកំពុងអំពាវនាវឲ្យមានការបង្កើនល្បឿនការងារថែមទៀត ៕