ក្រោយផ្ទុះអាវុធមួយប្រាវជាមួយសមត្ថកិច្ច ជនដៃដល់ដែលបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌ បានស្លាប់ នៅខេត្តក្រចេះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា ជនដៃដល់ ដែលបានបាញ់សម្លាប់នាយរងនគរបាលព្រហ្មទណ្ឌ ពេលនេះបានស្លាប់ហើយ ក្រោយពេលផ្ទុះអាវុធមួយប្រាវជាមួយសមត្ថកិច្ចនៅខេត្តក្រចេះ ដោយសារជននេះបានបាញ់តដៃមិនព្រមប្រគល់ខ្លួន។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ ថ្លែងថា ករណីផ្ទុះអាវុធនេះ បានកើតឡើងនៅល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅចំណុចអូរកណ្តៀង ស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់ពីកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលស្រុកសំបូរ នឹងនគរបាលខេត្តស្ទឹងត្រែង ឡោមព័ទ្ធជនដៃដល់។ ជនដៃដល់ដែលត្រូវបាញ់ស្លាប់ ក្រោយតដៃជាមួយសមត្ថកិច្ចនេះ មានឈ្មោះ អ៊ា ណារ៉េន ដែលបានបាញ់សម្លាប់ លោកវរសេនីយ៍ រ៉េត ស៊ីណាត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីមានទំនាស់ដោយសាររឿងគ្រោះថ្នាក់ចរាចរណ៍ នៅមហាវិថីសហព័ន្ធរុស្ស៉ី ត្រង់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ។

សូមរំលឹកថា មុនពេលគ្រោះថ្នាក់ចរាចរណ៍នោះ ជនដៃដល់ដែលជាខ្មាន់កាំភ្លើង និងបក្ខពួកម្នាក់ទៀត បានជិះរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX300 ពណ៌ខ្មៅ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី លុះជិះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្ត Ford Rapter របស់ជនរងគ្រោះបណ្តាលឲ្យបែកស្តុបខាងក្រោយ បន្ទាប់ពីបុកហើយភាគីទាំងពីរ ក៏បានបើករថយន្តចូលខាង ដើម្បីសម្របសម្រួលគ្នា បន្ទាប់ពីសម្រួលគ្នាអស់រយៈពេលជិតកន្លះម៉ោងហើយក៏មិនត្រូវគ្នា ស្រាប់តែមួយសន្ទុះក្រោយមកទៀតជនដៃដល់បាន ដើរទៅឡានទាញកាំភ្លើងយកមកបាញ់ជនរងគ្រោះ ត្រូវចំក្បាល និងដងខ្លួនបណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែង ហើយនាំគ្នាបើករថយន្តរត់គេចខ្លួនតែម្តង។

ក្រោយប្រតិបត្តិការស្រាវជ្រាវដោយនគរបាលព្រហ្មទណ្ឌ និងនគរបាលមូលដ្ឋាន រហូតដល់រសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនបានជនសង្ស័យម្នាក់ ដែលជាបក្ខពួករបស់ខ្មាន់កាំភ្លើង ហើយជាអ្នកបើករថយន្ដនៅថ្ងៃបង្កហេតុ។

បក្ខពួករបស់ខ្មាន់កាំភ្លើងម្នាក់នេះឈ្មោះ កែ ចាន់មាន ត្រូវបានលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ចំនួន ២បទល្មើស រួមមាន៖ សមគំនិតក្នុងអំពើឃាតកម្ម និងជួញដូរគ្រឿងញៀន ហើយត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្ន៕ ដោយ ប៊ុនធី ឆៃហួត ភារ៉ា និងវណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner