ទំនងជាស្រវឹងស្រា បើករថយន្ត lexus បុកកង់បីខ្មែរពីក្រោយបណ្តាលឲ្យបុរសម្នាក់រងរបួស
ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្ត lexusrx300 មួយគ្រឿងជ្រុលទៅបុកម៉ូតូកង់បីខ្មែរពីក្រោយបណ្ដាលឲ្យម្ចាស់កង់បីធ្លាក់រងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១និង ៣០ នាទីយប់អធ្រាត្រឈានចូលថ្ងៃទី១៦ ខែមករាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ចំណុចមុខមន្ទីរពេទ្យចន្ទ្រា ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត lexusrx300 មួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ 2AR-3795 ធ្វើដំណើរតាមដងផ្លូវ ២១៧ ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅមុខម៉ូតូកង់បីខ្មែរបើកនៅខាងមុខពីក្រោយផ្នែកខាងឆ្វេងពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូកង់បីរងរបួស ចំណែករថយន្តបែកកង់ខាងមុខខាងឆ្វេងរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយមានតំណាងភាគីទាំងសងខាងចុះមកដល់កន្លែងកើតហេតុរួចបាននាំគ្នាទៅមើលជនររងគ្រោះនៅឯមន្ទីរពេទ្យ និងធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ដោយ៖ ជីម ភារ៉ា



