នាយរងខុទ្ទការល័យសម្តេចក្រឡាហោម និងអាជ្ញាធរខេត្តបាត់ដំបង ចុះពិនិត្យទីតាំង ដើម្បីត្រៀមសម្ពោធអគារសិក្សាថ្មី១ខ្នង និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សា សម្តេច ជា ស៊ីម នៅថ្ងៃទី២០ ខែមករា ខាងមុខនេះ
បាត់ដំបង៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ពុធ សុផាត អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ និងជានាយរងខុទ្ទការល័យសម្តេចក្រឡាហោម អមដំណើរដោយ ឯកឧត្តម ណុប ដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និងលោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានចុះពិនិត្យទីតាំងដើម្បីត្រៀមលក្ខណៈរៀបចំពិធីសម្ពោធអគារសិក្សាថ្មីមួយខ្នង ២ជាន់ ស្មើនឹង១០បន្ទប់ និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សា សម្តេច ជា ស៊ីម នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ពុធ សុផាត និងឯកឧត្តម ណុប ដារ៉ា បានប្រាប់ទៅថ្នាក់ដឹកនាំសាលា ឱ្យខិតខំប្រឹងប្រែងបង្ហាត់បង្រៀន សិស្ស ឲ្យទទួលបានលទ្ធផលល្អប្រសើរ ដូចឆ្នាំសិក្សាកន្លងមក ជាពិសេស ត្រូវណែរនាំ និងចូលរួមទប់ស្កាត់ មិនឱ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩ ដល់សិស្សនិស្សិត ក្នុងឆ្នាំ ២០១៩-២០២០ កន្លងទៅនេះផងដែរ ៕ ដោយវណ្ណលុក