រថភ្លើងគំរូថ្មីរបស់ចិនធ្វើដំណើរលឿនដូចហោះក្នុងល្បឿន620គីឡូម៉ែត្រក្នុង1ម៉ោង
បរទេស៖ កាលពីពេលថ្មីៗនេះប្រទេសចិនបានប្រកាសបង្ហាញជាផ្លូវការនូវគំរូរថភ្លើងដ៏អស្ចារ្យថ្មីមួយទៀតដែលមានសមត្ថភាពខ្លាំងលើសរថភ្លើងល្បឿនលឿននៅតាមបណ្តាប្រទេសផ្សេងៗនៅលើសាកលលោក។
រថភ្លើងគំរូថ្មីនេះមានឈ្មោះថា Maglev អាចមានសមត្ថភាពធ្វើដំណើរបានរហូតទៅដល់ 620 គីឡូម៉ែត្រក្នុងមួយម៉ោង។ Maglev ប្រើប្រាស់ម៉ាស៊ីនដែលបំពាក់មកជាមួយដោយប្រព័ន្ធដំណើរកំដៅដ៏ខ្ពស់មួយ high-temperature superconducting(HTS) ដែលអាចធ្វើឲ្យតួរថភ្លើងពេលធ្វើដំណើរមើលទៅដូចជាកំពុងហោះពីលើផ្លូវដែកដែលបំពាក់ដោយបច្ចេកវិទ្យាមេដែករបស់ខ្លួនយ៉ាងដូច្នោះ។
គំរូទូរថភ្លើងដែលមានប្រវែង 21 ម៉ែត្រត្រូវបានដាក់បង្ហាញនៅក្នុងសនិ្នសីទសារព័ត៌មានមួយនៅក្នុងទីក្រុង Chendu ខេត្ត Sichuan កាលពីថ្ងៃទី13 ខែមករាកន្លង។ លើសពីនេះ សកលវិទ្យាល័យដែលទទួលរ៉ាប់រង់លើគ្រោងការណ៍នេះក៏បានសាងសង់ផ្លូវគំរូដែលមានប្រវែង 165 ម៉ែត្រផងដែរដើម្បីប្រើប្រាស់សម្រាប់កិច្ចការងារសាកល្បង ដើម្បីអាចឱ្យមានការធ្វើតេស្តជាក់ស្តែងដោយអ្នកដំណើរជិះនៅខាងក្នុងផងទូររថភ្លើង។
យោងតាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យ He Chuan សកលវិទ្យាធិការរងនៃសកលវិទ្យាល័យ Southwest Jiaotong University ដែលជាអ្នកកំពុងធ្វើការងារលើការអភិវឌ្ឍ Maglev បានថ្លែងប្រាប់អ្នកសារព័ត៌មានថា តាមផែនការរថភ្លើងគំរូថ្មីនេះនឹងអាចបង្ហាញវត្តមាននៅក្នុងប្រតិបត្តិការរបស់ខ្លួនយូរបំផុត 10 ឆ្នាំហើយលឿនបំផុត 3 ឆ្នាំ។
លោកបន្តថា ខេត្ត Sichuan ជាទីតាំងសំបូរទៅដោយធនធានកម្រក្រោមដីសម្រាប់ប្រើប្រាស់ក្នុងការកសាងផ្លូវដែកដ៏ពិសេសនេះ ដូចនេះវាជារឿងដ៏ល្អបំផុតដើម្បីអាចផ្សព្វផ្សាយពីកិច្ចការងារអភិវឌ្ឍប្រព័ន្ធធ្វើដំណើរល្បឿនលឿនបែបនេះ។
គួរកត់សម្គាល់ផងដែរថា ប្រទេសចិនជាប្រទេសដែលគ្របដណ្តប់ទៅដោយប្រព័ន្ធផ្លូវដែកដ៏ច្រើន និងធំបំផុតលើលោក ដែលមានប្រវែងសរុបទៅដល់ 37,000គីឡូម៉ែត្រ រាប់ទាំងខ្សែរថភ្លើងធម្មតា និងខ្សែរថភ្លើងល្បឿនលឿនសម្រាប់អាជីវកម្ម៕