ខេត្តបាត់ដំបងបានដាក់ឲ្យអនុវត្តនូវផែនការសកម្មភាព និងថវិកាឆ្នាំ២០២១ ក្រោមក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២ របស់ខ្លួន

ថ្លែងក្នងឱកាសបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តនូវផែនការសកម្មភាពនិងថវិកាឆ្នាំ២០២១ ក្រោមក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចក្នុងតំបន់ទន្លេសាប ជំហាន២ របស់ខេត្តបាត់ដំបង នៅសណ្ឋាគារឡឺប្រស៊ីដង់ នាព្រឹកថ្ងៃទី១៩ ខែមករានេះឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត ជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជា នាយកគម្រោងខេត្តបាត់ដំបង បានថ្លែងទៅកាន់ក្រុមការងារថ្នាក់ស្រុក ថ្នាក់ខេត្ត និងសមាជិកសមាជិកា ដែលជាសេវាករនិងអ្នកពាក់ព័ន្ធទាំងអស់ ដែលមកពីស្រុកចំនួន៤រួមមានស្រុកមោងឫស្សី,​ ស្រុករុក្ខគីរី, ស្រុកបវេល និងស្រុកថ្មគោល និងមកពីឃុំចំនួន៣០ ត្រូវសម្រេចឲ្យបាននូវលទ្ធផលសំខាន់ៗចំនួនបី គឺ៖១-ការកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ គាំទ្រផលិតភាពកសិកម្មនិងកែលម្អជីវភាព។ដោយត្រូវបង្កើនសមត្ថភាពគ្រប់គ្រងហានិភ័យ និងគ្រោះមហន្តរាយ។ ២-ការកែលម្អបរិយាកាសសម្រាប់ការបង្កើតនូវផលិតភាពកសិកម្ម ពិពិធកម្មកសិកម្មនិងភាពធន់នឹងអាកាសអាតុ។៣- និងការគ្រប់គ្រងគម្រោងប្រកបដោយប្រសិទ្ធភាព។

គោលបំណងនៃការបើកអង្គសិក្ខាសាលាផ្សព្វផ្សាយនេះ ដែលរៀបចំឡើងដោយក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ(គជអប)គឺ៖ផ្តោតសំខាន់ដើម្បីឲ្យមន្ត្រីកសិកម្មស្រុកនិងមន្ត្រីផ្សព្វផ្សាយព័ត៌មានចល័តឃុំ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចងក្រុមកែលម្អទីផ្សារសម្រាប់ខ្សែច្រវ៉ាក់តម្លៃកសិកម្មនិងចំណងទីផ្សាររបស់គម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២។ និងដើម្បីបង្កើននូវការយល់ដឹងថ្មីជូនដល់មន្ត្រីពាក់ព័ន្ធខាងលើ តាមរយៈការផ្សព្វផ្សាយសៀវភៅណែនាំស្តីពីការបង្កើតទីផ្សារកសិកម្មសម្រាប់កសិករ។ ជាពិសេសក្រុមកែលម្អជីវភាព និងការសម្របសម្រួល និងការច្របាច់បញ្ចូលរវាងអ្នកទិញនិងក្រុមកសិករផលិត ក្នុងគោលបំណងជួយដោះស្រាយទីផ្សារសម្រាប់កសិករតាមខេត្ត ស្រុក ឃុំ សង្កាត់គោលដៅនីមួយៗរបស់គម្រោង ( TSSD-AF)។

គួររំលឹកដែរថា៖គម្រោងកាត់បន្ថយភាពក្រីក្រនិង អភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាប ជំហាន២នឹងត្រូវអនុវត្តរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០០៨ដល់ឆ្នាំ២០២៣ ដោយអនុវត្តលើខេត្តចំនួន៧ ក្នុងនោះមាន៖ខេត្តបាត់ដំបង, កំពង់ចាម, ត្បូងឃ្មុំ, ព្រៃវែង, កំពង់ធំ, សៀមរាប និងខេត្តបន្ទាយមានជ័យ។ ដោយឡែក ខេត្តបាត់ដំបង មានស្រុកគោលដៅនៃគម្រោងមានចំនួន៤ស្រុកនិងឃុំចំនួន៣០។

ឯកឧត្តម អ៊ុយ សុធាវី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និង ដៃគូអភិវឌ្ឍន៍នានារួមមាន៖ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)និងមូលនីធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម(IFAD) ដែលបានផ្តល់ជំនួយឥតសំណង និងហិរញ្ញប្បទានកម្ចីសម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រ តាមរយៈនៃគម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២។ ព្រមទាំងក្រុមការងារអនុវត្តគម្រោងទាំងអស់និងអ្នកពាក់ព័ន្ធ ដើម្បីឆ្លើយតប នឹងតម្រូវការប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលរងខេត្តបាត់ដំបងនិងជានាយកគម្រោងខេត្ត ក៏បានជំរុញលើកទឹកចិត្តដល់ក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំនិងសេវាករព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលជាសិក្ខាកាម ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការស្តាប់បទបង្ហាញរបស់ក្រុមសម្របសម្រួលថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីឲ្យគម្រោងអនុវត្ត ទៅតាមគោលបំណង ដែលបានគ្រោងនិងការរំពឹងទុករបស់ខ្លួន៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner