កសិករដាំស្ពៃក្តោបនៅខេត្តមណ្ឌលគិរីទទួលបានទាំងទិន្នផលល្អនិងតម្លៃខ្ពស់

ដោយ៖ម៉ាដេប៉ូ

មណ្ឌលគិរី៖ប្រជាកសិករដែលធ្លាប់ប្រកបរបចូលព្រៃកាប់ឈើនិងបរបាញ់សត្វព្រៃហើយដែលបច្ចុប្បន្នបានផ្លាស់ប្តូរងាកមកប្រកបរបរដាំបន្លែរបែបធម្មជាតិវិញនោះបានបង្ហាញក្តីសប្បាយចិត្តបន្ទាប់ពីការប្រកបរបរដាំបន្លែរបស់ពួកគាត់ទទួលបានទិន្នផលខ្ពស់ហើយតម្លៃទីផ្សារខ្ពស់ដែលធ្វើឱ្យជីវភាពគ្រួសារផ្លាស់ប្តូរ។

          អ្វីដែលជាទីចាប់អារម្មណ៍ក្នុងចំណោមកសិករដាំបន្លែទាំងនេះគេឃើញការដាំបន្លែសរីរាង្គនៅខេត្តមណ្ឌលគិរីនាពេលបច្ចុប្បន្នពួកគាត់កំពុងតែងាកមកដាំបន្លែ ស្ពៃក្ដោបច្រើនជាងប្រភេទបន្លែដទៃទៀត ខណៈដែលស្ពៃក្ដោបខេត្តមណ្ឌលគិរី ត្រូវបានអ្នកបរិភោគទូទៅវាយតម្លៃថា មានគុណភាពល្អ ស្រួយឆ្ងាញ់ជាងប្រភេទស្ពៃក្ដោប ដែលដាំតំបន់ផ្សេងទៀត។

          ខណៈដែលកំពុងតែកាត់ស្ពៃក្តោបដើម្បីលក់ឱ្យដល់អតិថិជនលោក  លីវ ស៊ីយ៉ែនមានអាយុ៣៤ ឆ្នាំរស់នៅក្នុងស្ថិតភូមិអរបួន ឃុំ អរបួនលើ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរីបានរៀបរាប់ថាការដាំស្ពៃក្តោបរបស់លោកទទួលបានលទ្ធផលល្អ ហើយមានប៉ុន្មានត្រូវបានគេទិញយកអស់ៗគ្មានសល់ទេ។

បុរសដែលបានដាំស្ពៃក្តោបទទួលបានជោគជ័យច្រើនឆ្នាំមកនេះបានឱ្យដឹងថាលោកបានដាំសក្តោបចច្រើនជាងប្រភេទបន្លែដទៃ ព្រោះស្ពៃក្ដោបអាចល​ក់បា​ន​ក្នុងតម្លៃថ្លៃ និងមានទីផ្សារល្អជាងបន្លែផ្សេងៗ ។

លោកបន្តថា ស្ពៃក្ដោបរបស់លោ​កអាចលក់រាយបានក្នុងតម្លៃ ៥ពា​ន់​រៀល ក្នុង១គីឡូក្រាម និង៣៥០០រៀលសម្រាប់លក់ដុំ ហើយមាន​ប៉ុន្មានក៏លក់អស់ដែរ ព្រោះមានទីផ្សារបញ្ជា​ទិញ ដោយថ្ងៃខ្លះ មានគេកម្មង់ទិ​ញពី ភ្នំពេញថែមទៀត។

          បើតាមការបញ្ជាក់ពីលោក ស៊ីយ៉ែនបានអះអាងនៅមុនមិនទាន់ដាំ ស្ពៃក្តោបលោក បាន ប្រមូលផលបានក្នុងមួយឆ្នាំពីបន្លែផ្សេងៗបានពី២០លានរៀលទៅ២៥លានរៀលទៀតផង។

 សូមបញ្ជាក់ថាបច្ចុប្បន្នលោកស៊ីយ៉ែនបានដាំបន្លែរួមមានស្ពៃក្តោប  ត្រឡាច ត្រសក់  សាលាដ ខ្ទឹម ប៉េងប៉ោះ ម្ទេស  ដោយទទួលបានផលយ៉ាងល្អប្រសើរបន្តបន្ទាប់។

          ទាក់ទិនក្នុងការដាំបន្លែនេះដែរ លោក ហានសុខនមេឃុំអរបួនលើ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរីបានឱ្យដឹងថាពលរដ្ឋនៅឃុំនេះភាគច្រើនបានផ្លាស់ប្តូរពីការចូលព្រៃបរបាញ់សត្វនិងកាប់ព្រៃឈើ ហើយនាំគ្នាងាកមកដាំបន្លែកាន់តែច្រើនឡើង។ជាមួយគ្នាជីវភាពរបស់ពួកគាត់ក៏កាន់តែប្រសើរឡើងដែរ។

          ដោយឡែកលោក សេង ទៀកនាយកអង្កការWWFបានចាត់ទុកថាជាការមួយល្អខ្លាំងណាស់ ដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានលំនឹងមិនចាំបាច់ចូលព្រៃបរបាញ់សត្វឬកាប់ព្រៃឈើប្រឈមនឹងច្បាប់ដូចមុនទៀត។

      គួរបញ្ជាក់ថាប្រជាពលរដ្ឋក្នុងតំបន់នេះបាននាំគ្នាដាំបន្លែច្រើនមុខក្នុងនោះដូចជាស្ពៃក្តោប,ត្រឡាច ត្រសក់  សាលាដ ខ្ទឹម ប៉េងប៉ោះ ម្ទេស  ដោយសុទ្ធសឹងជាបន្លែសរីរាង្គ ។ជាមួយគ្នាទិន្នផលក៏ទទួលបានខ្ពស់និងការលក់លើទីផ្សារមានទាំងក្នុងខេត្តមណ្ឌលគិរី ហើយមួយផ្នែកបញ្ចូនមកលក់រាជធានីភ្នំពេញនិងបណ្តាខេត្តមួយចំនួនទៀត៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner