លោក ចូ បៃដិន សុំទោសចំពោះការទុកអោយកងកម្លាំងឆ្មាំជាតិដែលឈរជើងនៅវិមានសភា ដេកនៅចំណតរថយន្ត (Video)
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្លែងសុំទោស ក្រោយសមា ជិកមួយចំនួននៃកងកម្លាំងឆ្មាំជាតិ ដែលឈរជើងនៅវិមានសភា ត្រូវបានគេមើលឃើញថា ដេកនៅចំណតរថយន្ត ។ រឿងនេះធ្វើអោយមានកំហឹងក្នុងចំណោមអ្នកនយោបាយ ហើយអភិបាលរដ្ឋមួយចំនួនបានកោះហៅកងទ័ពមកវិញ ដោយសារតែភាពចម្រូងចម្រាស់នេះ ។
ទាហានជាង២ម៉ឺន៥ពាន់នាក់ត្រូវបានដាក់ពង្រាយនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីការពារពិធីស្បថចូលកាន់តំណែងជាផ្លូវការរបស់លោក ចូ បៃដិន បន្ទាប់ពីមានអំពើហិង្សាដ៏អាក្រក់នៅវិមានសភាកាលពីថ្ងៃទី០៦ ខែមករាកន្លងទៅ ។ ជុំវិញបញ្ហានេះដែរ លោក បៃ បានទូរស័ព្ទទៅប្រធានការិយាល័យឆ្មាំជាតិនៅថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ដើម្បីសុំអភ័យទោស និងសួរថាតើលោកអាចធ្វើអ្វីបាន ។
ជាមួយគ្នានេះ ជំទាវទី១ Jill Biden ក៏បានទៅសួរសុខទុក្ខកងទ័ពមួយចំនួនផងដែរ ដើម្បីថ្លែងអំណរគុណដល់ពួកគេផ្ទាល់ ដោយនាំ Biscuit ពីសេតវិមានទៅធ្វើជាអំណោយ ។ លោកស្រីនិយាយថា ខ្ញុំមកថ្ងៃនេះ ដើម្បីថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នា ដែលបានរក្សាខ្ញុំ និងក្រុមគ្រួសារឲ្យមានសុវត្ថិភាព ៕ ប្រភព៖ Reuters


