សិង្ហបុរីមានមហិច្ឆិតាបង្កើនវិស័យផលិតកម្មឲ្យបាន 50 ភាគរយក្នុងរយៈពេល 10 ឆ្នាំខាងមុខ
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតចិនដេលី CNA នៅថ្ងៃចន្ទម្សិលមិញបានឲ្យដឹងថា ប្រទេសសិង្ហបុរីបានធ្វើការបង្ហាញផែនការថ្មីមួយដែលនឹងធ្វើយ៉ាងណាឲ្យវិស័យផលិតកម្មរបស់ខ្លួនមានចំនួនកើនឡើងដល់ទៅ 50 ភាគរយក្នុងរយៈពេល 10 ឆ្នាំខាងមុខ ហើយធានាឲ្យបានទៀតថាវិស័យនេះនឹងស្ថិតនៅតែជាបង្គោលសេដ្ឋកិច្ចធំបំផុតទី 5 ប្រទេស។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មលោក Chan Chun Sing បានបញ្ជាក់ថា នេះមិនត្រឹមតែជាគោល
ដៅដែលប្រកបទៅដោយមហិច្ឆតានោះទេ ប៉ុន្តែវាក៏នឹងក្លាយទៅជាវិធីត្រួសត្រាយផ្លូវសម្រាប់ធ្វើកំណែប្រែចំនួនដែលនឹងអាចអនុញ្ញាតឲ្យផលិកម្មនឹងមានទំហំធំជាងមុនផងដែរ។
លោករដ្ឋមន្ត្រីបានបន្តថា៖កាលពីអតីតកាលវិស័យផលិតកម្ម និងរោងចក្រគឺត្រូវពឹងផ្អែកទាំងស្រុងទៅលើតម្លៃថ្លៃដើម និងការប្រកួតប្រជែងគ្នាលើតម្លៃនាំចេញបើមិនដូច្នេះទេវានឹងមានការផ្លាស់ប្តូរទីតាំងរោងចក្រទៅកាន់ប្រទេសផ្សេងដែលមានតម្លៃធូរថ្លៃជាងជាមិនខាន។
លោកបន្ថែមថា ៖ មិនត្រឹមតែធ្វើឲ្យមានកំណើនដល់ទៅ 50 ភាគរយនោះទេ សិង្ហបុរីក៏នឹងបង្កើនតម្លៃរបស់ផលិតកម្មដែរ ដោយសង្ឃឹមថាការប្រកួតប្រជែងតម្លៃថ្លៃដើមនឹងមិនស្ថិតនៅជាមូលដ្ឋានទៀតឡើយ ប៉ុន្តែគួរតែផ្អែកទៅលើគុណភាពនៃផលិតផលដែលយើងអាចផ្តល់ឲ្យជំនួសវិញ។
បច្ចុប្បន្ន វិស័យផលិតកម្មរបស់សិង្ហបុរីគឺមានសមត្ថភាពធ្វើបានទៅដល់ 21 ភាគរយឬប្រមាណជា 106 ពាន់លានដុល្លារនៃទំហំផលិតផលក្នុងស្រុក GDP ហើយតាមទិន្នន័យកម្មករដែលធ្វើការនៅក្នុងវិស័យនេះមានចំនួនប្រមាណជា 450,000 នាក់ឬ 12 ភាគរយនៃកម្លាំងពលកម្មក្នុងស្រុកទាំងអស់។ កម្មករដែលធ្វើការនៅក្នុងវិស័យនេះ
អាចទទួលបានប្រាក់កម្រៃជាមធ្យម 4,700 ដុល្លារអាមេរិក៕