ក្រសួងពាណិជ្ជកម្មបង្ហាញលទ្ធផលនៃការចេញវិញ្ញាបនបត្រប្រភពដើមទំនិញជាអេឡិចត្រូនិក

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបង្ហាញអំពីលទ្ធផលដែលទទួលបានក្នុងការអនុវត្ដជាក់ស្ដែងការងារផ្តល់សេវាសាធារណៈដោយក្រសួងបានអនុវត្តន៍ការចេញវិញ្ញាបនបត្រប្រភពដើមទំនិញជាអេឡិចត្រូនិកសម្រាប់ការធ្វើពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងការផ្តល់អាជ្ញាប័ណ្ណនាំចេញនាំចូលវិញ្ញាបនបត្រ ត្បូងពេជ្រមិនទាន់កែច្នៃ (គឹមប័រលីប្រូសេស) ជាពិសេសចូលរួមចុះបញ្ជីពាណិជ្ជកម្ម តាមថ្នាលបច្ចេក វិទ្យារួម(CAM DX) ដែលអាចភ្ជាប់ព័ត៌មានជាមួយអគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីពាណិជ្ជកម្មនៅខេត្តឧត្តរមានជ័យកាលពីថ្ងៃទី25មករា ម្សិលមិញនេះថា ក្រសួងពាណិជ្ជកម្មសម្រេចបានលទ្ធផលល្អប្រសើរទាំងការងារផ្តល់សេវាសាធារណៈ និងការងារពាណិជ្ជកម្មក្រៅប្រទេស និងរកទីផ្សារ ក្នុងនោះការចេញវិញ្ញាបនបត្រប្រភពដើមទំនិញជាអេឡិចត្រូនិកក៏បានចូលរួមចុះបញ្ជីពាណិជ្ជ កម្មតាមថ្នាលបច្ចេក វិទ្យារួម(CAM DX)ដែលអាចភ្ជាប់ព័ត៌មានជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយទទួលបានការចុះបញ្ជីតែក្នុងរយៈពេល 3ថ្ងៃប៉ុណ្ណោះ។

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ក្រសួងពាណិជ្ជកម្ម ក៏បានជួយដល់ការចុះបញ្ជីម៉ាកវិញ្ញាតកម្ម “MALYS ANGKOR” ម៉ាកសម្គាល់ភូមិសាស្ត្រ “ម្រេចកំពត” បានចូលជាសមាជិកនៃច្បាប់ទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀងលីស្បោន ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងបានសម្របសម្រួលចុះបញ្ជីសម្គាល់ភូមិសាស្ត្រទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” “អំបិលនិងផ្កាអំបិលកំពត” ក្រូចពោធិ៍សាត់-ខេត្តពោធិ៍សាត់”។

ជាមួយគ្នានេះ ក្រសួងក៏បានជំរុញការប្រើប្រាស់រូបសញ្ញាជាតិនៃម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” ក្រូចថ្លុងកោះទ្រង់” និងម៉ាកសមូហភាព “គុយទាវភ្នំពេញ” ព្រមទាំងរៀបចំចុះបញ្ជីម៉ាកសមូហភាព “អំបុកកំពង់ធំ” “ពងទាកូនខេត្តតាកែវ” “នំបញ្ចុកខេត្តសៀមរាប” “ចម្លាក់ប្រាក់-ស្ពាន់ ខេត្តកណ្តាល” “ស្មូនឆ្នាំងដី” កំពង់ឆ្នាំង៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner