ឯកឧត្តម កៅ ថាច អញ្ជើញចុះពិនិត្យការដាំបន្លែ ការចិញ្ចឹមសត្វ និងការធ្វើវារីវប្បកម្ម នៅខេត្តសៀមរាប

ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសហការីបានបន្តចុះពិនិត្យកសិដ្ឋានដាំបន្លែ ការចិញ្ចឹមសត្វ និងការធ្វើវារីវប្បកម្មនានា នៅក្នុងខេត្តសៀមរាប។

ដំណើរចុះពិនិត្យនាឪកាសនោះ គឺដើម្បីតាមដានការប្រើប្រាស់ឥណទាន និងប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទាន ក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលជួយទៅលើវិស័យកសិកម្ម នៅក្នងបរិបទកូវីដ១៩ ផ្តោតលើផ្នែកចំនួន៤ ដូចជា ការដាំបន្លែ ផ្លែឈើ ការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្មនិងការកែច្នៃផលិតផលកសិកម្ម។

ឯកឧត្តម កៅ ថាច ក៏បានបញ្ជាក់ដែរថា ឥណទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានអត្រាការប្រាក់ត្រឹមតែ ០,៤២% ក្នុងមួយខែ ផ្តល់ជូនប្រជាកសិករ យកទៅពិនិត្យមុខរបរនោះ គឺត្រូវបានប្រើប្រាស់រួចរាល់អស់ហើយ ហើយធនាគារកសិកម្មក៏មានគម្រោងក្នុងការស្នើសុំបន្ថែមទៀត នូវកញ្ចប់ហិរញ្ញប្បទានពិសេស ដែលជាជុំបន្ទាប់ ផ្តល់ឥណទានពិសេសនេះ ជូនដល់ប្រជាកសិករបន្ថែមទៀត។ ឯកឧត្តម កៅ ថាច ក្នុងដំណើរនាឪកាសនោះ ក៏មានរកដំណោះស្រាយទីផ្សារជូនប្រជាកសិករផងដែរ ដោយបានណែនាំជូនប្រជាកសិករចុះកិច្ចសន្យាកសិកម្មជាមួយក្រុមហ៊ុនផ្សារបន្លែសុវត្ថិភាពខ្មែរ ដើម្បីធ្វើការសិក្សា និងពង្រីកទីផ្សារបន្ថែមទៀត។

ក្នងដំណើរអញ្ជើញទៅដល់កសិដ្ឋានចញ្ចឹមត្រីមួយកន្លែងស្ថិតនៅភូមិ ព្រៃក្រូច សង្កាត់ក្របីរាល ក្រុងសៀមរាប ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម កៅ ថាច បានជួបសំណេះសំណាលជាមួយប្រជាកសិករដែលបានពង្រីកមុខរបរដាំដុះកាន់តែច្រើន ក្រោយពីបានទទួលឥណទានពិសេសនេះ។

លោក ម៉ៅ បញ្ញា តំណាងកសិដ្ឋាន បានអោយដឹងថា កសិដ្ឋាននេះមានផ្ទៃដីសរុប៨ហិកតា ។ បន្ទាប់ពីទទួលបានឥណទានពីធនាគារអេអឌីប៊ី ក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល រួចមក កសិដ្ឋានលោក មានឱកាស និងលទ្ធភាពពង្រីកបន្ថែម ព្រមជាមួយនឹងដើមទុនគ្រប់គ្រាន់ដើម្បីធ្វើការផ្គង់លើចំណី លើពូជជាដើម។ សូមបញ្ជាក់ថា កសិដ្ឋាននេះបានទទួលឥណទានពីធនាគារអេអឌីប៊ី ក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានអត្រាការប្រាក់ត្រឹមតែ ០,៤២% ក្នុងមួយខែ ដើម្បីយកទៅពង្រីកមុខរបរចញ្ចឹមត្រី។

កាលពីល្ងាចថ្ងៃទី២៤ ខែមករា ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសហការី បានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានដាំបន្លែសរីរាង្គ ឈ្មោះហេបភី អែន ខូ ដែលមានអាស័យដ្ឋានស្ថិតនៅឃុំសសរស្តុំ ស្រុកពួក ខេត្តសៀមរាប។

តាមការអោយដឹងពី លោក សុខា ម្ចាស់កសិដ្ឋាន បានអោយដឹងថា កសិដ្ឋានរបស់លោក មានផ្ទៃដីទំហំ៨ ហិកតា ដាំដុះបន្លែសរីរាង្គដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ហើយ មានទីផ្សារនៅ ខេត្តសៀមរាប និងភ្នំពេញ។ ក៏ប៉ុន្តែកសិដ្ឋានរបស់លោក បានផ្អាកសកម្មភាពដាំដុះជាបណ្តោះអាសន្ន ដោយសារបញ្ហាកូវិដ ១៩ បានធ្វើអោយអ្នកបញ្ជារទិញបន្លែរបស់លោកបានផ្អាកជាបណ្តោះអាសន្ន ស្របពេលកសិដ្ឋានរបស់លោកកំពុងជួបវិបត្តិហិរញ្ញវត្ងុ និងបានកាត់បន្ថយបុគ្គលិកពីចំនួន៦០នាក់ មកត្រឹម១០នាក់តែប៉ុណ្ណោះ។

ដោយមើលឃើញថាកសិដ្ឋាននេះបានរៀបចំរចនាសម្ព័ន្ធដាំដុះបានល្អ និងរៀបរយ ប៉ុន្តែដោយសារបញ្ហា កូវិដ ១៩ និងបញ្ហាហិរញ្ញវត្ថុ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល បានលើកទឹកចិត្ត និងណែនាំ អោយលោក សុខា ទាក់ទងមកធនាគារអេអឌីប៊ី ដើម្បីធ្វើការសិក្សាលទ្ធភាពទំលាក់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដោយអត្រាការប្រាក់០,៤២%ក្នុងមួយខែ ដើម្បីអោយកសិដ្ឋានរបស់លោក អាចបើកដំណើរការឡើងវិញបាន។ ជាមួយគ្នានេះ ឯកឧត្តម ប្រតិភូ បានណែនាំម្ចាស់កសិដ្ឋាន ធ្វើកិច្ចសហការជាមួយក្រុមហ៊ុនផ្សារបន្លែសុវត្ថិភាពខ្មែរ ដើម្បីធ្វើការសិក្សា និងពង្រីកទីផ្សារបន្ថែមទៀត៕

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner