សមុទ្រឈើ-ភ្នំបាយឆៅគឺជាកន្លែងទេសចរណ៍គយគន់ទេសភាពព្រៃឈើដ៏ស្រស់ត្រកាល ក្នុងខេត្តមណ្ឌលគិរី

ដោយ​៖​ម៉ា​ដេប៉ូ​
​មណ្ឌលគិរី​៖​សមុទ្រ​ឈើ​គឺជា​កន្លែង​តែមួយគត់​ដែល​អ្នកទេសចរ​បានលឺ​ពាក្យ​នេះ​កាលបើ​ធ្វើដំណើរ​ទៅដល់ ខេត្ត មណ្ឌលគិរី​។​ទីកន្លែង​ដែល​អ្នក​ទេសចរ​អាចធ្វើ​ដំណើរ​ទៅកាន់​ទីនោះ ហើយ​ដែល​គេ​បាន​ស្គាល់​ស្ទើរ​គ្រប់គ្នា​នោះ​គឺ​សមុទ្រ​ឈើ ភ្នំ​បាយ​ឆៅ ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​ឡៅ​កា ឃុំ​សុខដុម ក្រុង​សែន​មនោ​រ​ម្យ ខេត្ត​មណ្ឌល​គិ​រី និង​មាន​ចម្ងាយ​ប្រហែល​៦​គីឡូម៉ែត្រ ពី​រង្វង់​មូល​គោព្រៃ​។​


​តាមពិត​សមុទ្រ​ឈើ ភ្នំ​បាយ​ឆៅ​ស្ថិតនៅក្នុង​ប្រភេទ រមណីយដ្ឋាន ព្រៃភ្នំ​។​ទីនេះ​ជា​កន្លែង ទេសចរណ៍​កែច្នៃ​ឬ​រមណីយដ្ឋាន​កែច្នៃ មាន​ទេសភាព​ស្រស់ត្រកាល​នៃ​ព្រៃភ្នំ​។ អ្វី​ដែលជា​ចំណុច​សំខាន់ៗ ក៏ដូចជា​ភាព​ទាក់ទាញ​នៃ​រមណីយដ្ឋាន​សមុទ្រ​ឈើ ភ្នំ​បាយ​ឆៅ​ដែល​អាចធ្វើឱ្យ​ភ្ញៀវទេសចរ​មាន​ចំណាប់​អារ​ម្ម​ណ៏​នោះ មានដូចជា​៖ ទស្សនា​ទេសភាព​ព្រៃឈើ​ពី​កំពូលភ្នំ គយគន់​ថ្ងៃ​រះ​ពេលព្រឹក​ព្រលឹម គយគន់​ថ្ងៃ​លិច សួនផ្កា​កែច្នៃ កន្លែង​បោះតង់ និង​ខ្យល់អាកាស​បរិសុទ្ធ​នា​ព្រៃភ្នំ​ជាដើម​។​


ស្ទើរ​ជា​រៀងរាល់ថ្ងៃ​តំបន់​ទេសចរណ៍ ភ្នំ​បាយ​ឆៅ​នេះ​គេ​តែងតែ​សង្កេតឃើញ​មាន​អ្នកដំណើរ និង​ភ្ញៀវទេសចរ​ឈប់​ចត​រថយន្ត ដើម្បី​ថតរូប​ទេសភាព​ដែល​ចេញពី​ធម្មជាតិ​ដ៏​ស្រស់ត្រកាល ដែល​គេ​អាច​មើលឃើញ​នូវ​ព្រៃភ្នំ​ដ៏​ខៀវស្រងាត់​គ្រប់​រដូវ​កាល ដោយ​ធ្វើឱ្យ​អ្នក​ដែល​បាន​ទៅដល់​ម្តង​ហើយ នឹង​ចង់ទៅ​ម្តងទៀត​មិនចេះ​នឿយណាយ​។​
ជាមួយគ្នា នៅលើ​កំពូលភ្នំ​ដ៏​ខ្ពស់​ភ្ញៀវទេសចរ​ទាំងឡាយ​បាននាំគ្នា​ទៅ​ឈរ​ពីលើ​កំពូលភ្នំ​សម្លឹង​ចុះមក​ក្រោម​ឃើញ​ទេសភាព​ធម្មជាតិ​ព្រៃភ្នំ​ដាច់​កន្ទុយភ្នែក គួរឱ្យ​ចង់​គយគន់​ក្រៃលែង​។ ភ្ញៀវ​ខ្លះ​បាន​ត្រេកត្រអាល​ជាមួយនឹង​ការថតរូប​ទេសភាព​ដ៏​ស្រស់បំព្រង​គ្មាន​ពីរ​នៅ​ទីនោះ​។​
​ក្រៅពី​កន្លែង​ទស្សនា​ព្រៃឈើ ការ​ស្រូបយក​ខ្យល់អាកាស​ភ្ញៀវទេសចរ​ក៏​អា​ចរក​កន្លែង​អង្គុយ​លំហែរ​កាយ​ដោយ​ក្នុងនេះ មាន​ខ្យូ​ស​អង្គុយ រឺក៏​តូប​អង្គុយ​ជាច្រើន​សម្រាប់​ភ្ញៀវទេសចរ​។​ក្រៅពីនេះ​ក៏មាន​សេវាកម្ម​ទទួល​កម្មង់​អាហារ​បរិភោគ​ផងដែរ​។​

​ ​យ៉ាងណាក្តី​តំបន់​ទេសចរណ៍​កន្លែង​នេះ​ពុំទាន់​មាន​សណ្ឋាន​គារ ផ្ទះសំណាក់​ឬ​កន្លែង​សម្រាក​ពេលយប់​នៅឡើយ​ទេ​ក្រៅ​អំពី​បោះតង់ ។​ហេតុនេះ​អ្នក​ទេសចរណ៍​ទៅកាន់​កន្លែង​នេះ​ត្រូវធ្វើ​ដំណើរ​ទៅ​សម្រាក​នៅ​កន្លែង​ផ្សេង​វិញ​។​
​ ​អ្នកទេសចរ​ទៅកាន់​ខេត្តមណ្ឌលគិរី​មិនគួរ​មើលរំលង​តំបន់​សមុទ្រ​ឈើ​ភ្នំ​បាយ​ឆៅ​មួយកន្លែង​នេះឡើយ​៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner