រៀបចំកម្មវិធីជ្រើសរើសរកកីឡាករគុនខ្មែរ ដើម្បីយកទៅប្រកួតនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ឈានឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមកម្ពុជាកំពុងរៀបចំកម្មវិធីប្រកួតប្រដាល់គុនខ្មែរដើម្បីជ្រើសរើសរកកីឡាគុនខ្មែរជើងឯក ថ្នាក់ជាតិ សម្រាប់ជ្រើសរើសកីឡាករឈានទៅប្រកួតបន្តនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលនឹងត្រូវធ្វើឡើងនាឆ្នាំនេះ នៅឯប្រទេសវៀតណាម។

          ទន្ទឹមជាមួយនឹងព្រឹត្តិការណ៍នេះដែរក្រុមហ៊ុនសែលកាតបានប្រកាសធ្វើការឧបត្ថម្ភគាំទ្រក្នុងកម្មវិធីនេះផងដែរ។

គួរបញ្ជាក់ថាការប្រកួតជ្រើសរើសកីឡាករជើងឯកសម្រាប់ហ្វឹកហាត់ដើម្បីត្រៀមខ្លួនធ្វើជាតំណាងឱ្យប្រទេសកម្ពុជានៅក្នុងខែវិច្ឆិកាខាងមុខ។ការប្រកួតជើងឯកនេះដែរ ត្រូវបានរៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរ ក្រោមការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ក្រុមហ៊ុនសែលកាត កាលពីឆ្នាំកន្លងទៅបានរួមកិច្ចសហការរយៈពេល ២ ឆ្នាំ ជាមួយនឹងស្ថាប័ន ONE Championship មានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដែលជាស្ថាប័នផ្នែកកីឡា និងការកម្សាន្តដ៏ធំបំផុតមួយនៅលើពិភពលោក។

ក្នុងព្រឹត្តិការណ៍ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៥ ខែមករាកន្លងមក ដោយមានការថ្លែងសុន្ទរកថា ស្វាគមន៍ រវាងលោក តែម មឿន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងលោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត។

លោក អៀនវ៉ាត សុន បានឱ្យដឹងថា៖ “ខណៈដែលក្រុមសែលកាតចូលរួមធ្វើជាតំណាងឱ្យគុណតម្លៃ និងកេរ្តិ៍ដំណែលប្រពៃណីខ្មែរ វាពិតជាប្រសើរណាស់ក្នុងការជួយដល់វិស័យគុនខ្មែរយើង ដែលកីឡានេះ គឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងជាកីឡាដ៏ជាទីមោទនបំផុតមួយសម្រាប់ប្រទេសកម្ពុជា” ។

ដោយឡែកលោក ចាន់ រតនា ដែលជាកំពូលកីឡាករដ៏ឆ្នើមប្រចាំឱ្យកម្ពុជា និងជាទូតសុឆន្ទៈតំណាងឱ្យក្រុមហ៊ុនសែលកាតផងនោះ ក៏បាន គូសបញ្ជាក់ថា គុនខ្មែរ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រូបគាត់ ទាំងផ្នែកអាជីព និងការកសាងអនាគតផ្ទាល់ខ្លួន ពោលគឺបានជួយរូបគាត់ឱ្យទទួលបាននូវកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងការប្រកួតអន្តរជាតិ ក្នុងនាមជាកីឡាករប្រយុទ្ធរបស់ ONE Championship ។

គួរបញ្ជាក់ថាកម្មវិធីប្រកួតជើងឯកនេះ នឹងត្រូវធ្វើឡើងរហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅឯពហុកីឡាដ្ឋានស្តាតចាស់ (មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ) នារាជធានីភ្នំពេញ ដោយក្នុងនោះ នឹងមានការចូលរួមរបស់កីឡាករកំពូលៗរបស់ខ្មែរយើង នៅក្នុងកម្រិតទម្ងន់ផ្សេងៗគ្នាផងដែរ៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner