រដ្ឋមន្ត្រីក្រសួងបរិស្ថាន ៖ “វិទ្យាសាស្ត្រ​បរិស្ថាន” ជាជំនាញចាំបាច់សម្រាប់ប្រទេសកម្ពុជា

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ មហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំ លើកទី16 (ថ្ងៃទីមួយ) បាន​ប្រព្រឹត្តទៅ​តាមប្រព័ន្ធអនឡាញក្រោម​ប្រធានបទ “វិទ្យាសាស្ត្រ​បរិស្ថាន” ។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា កម្ពុជាត្រូវការអ្នកជំនាញវិទ្យាសាស្ត្រ​បរិស្ថានដើម្បី​ធ្វើ​ការ​ងារ​លើក​កម្ពស់បរិស្ថាន។ ស្របគ្នានេះការបណ្តុះបណ្តាលជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ឱ្យបានទូលំទូលាយ ជាមូលដ្ឋាននៃការកសាងធនធានមនុស្សដែលមានជំនាញវិទ្យាសាស្ត្របរិស្ថាន​​។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា ៖ “ក្នុងបរិបទដែលពិភពលោកកំពុងយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ ការគាំពារបរិស្ថាន ការអភិវឌ្ឍន៍ជីវៈចម្រុះ និងការអភិវឌ្ឍប្រក​​បដោ​យ​ចីរភាព ជាបញ្ហាប្រឈមរួមរបស់មនុស្សជាតិ កម្ពុជាត្រូវការចាំបាច់នូវអ្នកជំនាញផ្នែកប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍បៃតង ថាមពលស្អាត កិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍន៍ធនធានធម្មជាតិ និងជីវចម្រុះ…”។

ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ការកសាងធនធានមនុស្សផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានឹងជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើមាគ៌ាមួយដែលមានចីរភាព និងមាននិរន្តរភាពសម្រាប់បរិស្ថាន ដើម្បីការរស់នៅប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនិងមនុស្សគ្រប់ជំនាន់។

“ការអប់រំ STEM ពោលគឺវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និងការអប់រំ STEAM ដាក់បញ្ចូលសិល្បៈជាផ្នែកមួយនៃការអប់រំសំដៅលើការលើកកម្ពស់បទពិសោធន៍ និងការរស់នៅប្រចាំថ្ងៃ ពិតជាចាំបាច់និងមានសារៈសំខាន់បំផុតសម្រាប់កម្ពុជាយើង ដើម្បីអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចនិងការងារអភិវឌ្ឍន៍សង្គមជាតិ…។ ស្របពេលកម្ពុជាទទួលបានដំណក់ប្រេងលើកដំបូង ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ពិតជាសំខាន់ជាងពេលណាៗទាំងអស់”។

ចំណែកឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការអប់រំ STEM មានសារៈសំខាន់គ្រប់វិស័យស្របតាមកាវិវឌ្ឍនយ៉ាងឆាប់រហ័សនៅក្នុងពិភពលោក។ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានបន្តថា នៅកម្ពុជាកម្លាំងចលករការងារជាមួយនឹងជំនាញ STEM រួមចំណែកយ៉ាងពេញលេញទៅលើការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច ដែលក្រសួងអប់រំកំពុងយកចិត្តទុកដាក់លើជំនាញទាំងនេះ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ក្នុងមហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំ លើកទី16 ឆ្នាំ 2021។

“ក្រសួងអប់រំ យុវជន និងកីឡា បាននិងបន្តអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ពង្រឹងការអប់រំស្ទែម ព្រមទាំងដាក់បញ្ចូលគមនាគមន៍ព័ត៌មានវិទ្យានិងបច្ចេកវិទ្យានៅតាមសាលារៀន ក្រោមប្រធានបទត្រៀមខ្លួនដើម្បីអនាគត។ មហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំ លើកទី16 នឹងល្បងសមត្ថភាពយុវជនកម្ពុជាឱ្យចេះប្រើប្រាស់ជំនាញ STEM ដើម្បីត្រៀមលក្ខណៈសម្រាប់អនាគត” ប្រសាសន៍ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន។

សូមជម្រាបថា វិទ្យាសាស្រ្តបរិស្ថាន ជាវិស័យមួយដែលមានមុខងារជាច្រើនរួមបញ្ចូលគ្នានិយាយពីទំនាក់ទំនងសកម្មភាពរបស់មនុស្សនិងបញ្ហាបរិស្ថាន។ ឧទាហរណ៍ជាក់ស្តែង តើមនុស្សអាចប្រើប្រាស់ធនធានធម្មជាតិដូចជាទឹក ដី រុក្ខជាតិដោយរបៀបណា ហើយសកម្មភាពទាំងនោះប៉ះពាល់អ្វីខ្លះដល់បរិស្ថាន? ទន្ទឹមគ្នានេះក៏មានសិក្សាអំពីបញ្ហាបរិស្ថានផ្សេងៗតែមនុស្សកំពុងជួបប្រទះ ដែលភាគច្រើនបង្កឡើងដោយសកម្មភាពរបស់មនុស្ស ដូចជាការកើនកម្ដៅផែនដី បញ្ហាភ្លៀងអាស៊ីត ការបាត់បង់ព្រៃឈើ និងបញ្ហាប្រឈមជាច្រើនទៀត។

គួរបញ្ជាក់ថា មហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំ លើកទី16 ឆ្នាំ 2021 ប្រព្រឹត្តទៅរយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃទី 25 – 29 ខែមករា ក្រោម​ប្រធានបទ “ត្រៀមខ្លួនដើម្បីអនាគត” ដើម្បី​ផ្ដល់​ឱកាស​ឱ្យសិស្សានុសិស្ស​ទូទាំង​ប្រទេស​ស្វែងយល់​បន្ថែមអំពី​ប្រធាន​បទ​នានាកំពុងកើតមាននៅក្នុងពិភពលោក។ កម្មវិធីនេះ​រៀបចំ​ឡើង​ដោយ​អង្គការ​មហោស្រព​ពិព័រណ៍​កម្ពុជា និង​អង្គការ STEAM Cambodia ក្រោម​កិច្ចសហការ​ពី​ក្រសួងអប់រំ យុវជន និង​កីឡា និង​គាំទ្រ​ពី​ក្រសួង​បរិស្ថាន៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner