ថៃមានផែនការចាក់វ៉ាកសាំង Covid-19 ថ្នាក់ជាតិចាប់ពីថ្ងៃទី១៤ ខែកុម្ភៈខាងមុខ ដោយចាប់ផ្តើមពីបុគ្គលិកសុខាភិបាល និងបុគ្គលិកជួរមុខ
ថៃ៖ ថៃមានផែនការចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង Covid-19 ថ្នាក់ជាតិរបស់ខ្លួនចាប់ពីថ្ងៃទី១៤ ខែកុម្ភៈខាងមុខនេះ ដោយចាប់ផ្តើមពីបុគ្គលិកសុខាភិបាល និងបុគ្គលិកជួរមុខ នេះបើតាមក្រសួងសុខាភិបាលថៃ ។
រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃសុខភាពសាធារណៈថៃលោក គៀធីភូមិ វង្សក្រាជីត បានបញ្ជាក់ថា ដោយសារភាពអាចទទួលបាននូវវ៉ាក់សាំងនៅតែមានកម្រិតនោះ ក្រុមគោលដៅដែលមានហានិភ័យខ្ពស់នៃការឆ្លង នឹងត្រូវចាក់ក្នុងអំឡុងពេលដំណាក់កាលដំបូង ក្នុងចំណោមផែនការចាក់វ៉ាក់សាំងបីដំណាក់កាល ។
សូមរំលឹកថា កាលពីសប្តាហ៍មុន ប្រទេសថៃបានអនុម័តអោយវ៉ាក់សាំងរបស់ក្រុមហ៊ុន អាស្រ្តាហ្សេណេកា សម្រាប់ការប្រើប្រាស់បន្ទាន់ ហើយត្រូវបានគេរំពឹងថា នឹងទទួលបានចំនួន៥ម៉ឺនដូសនៅខែក្រោយពីក្រុមហ៊ុនអង់គ្លេស-ស៊ុយអ៊ែតមួយនេះ។ ថៃក៏នឹងទទួលបាន វ៉ាក់សាំងចំនួន២០ម៉ឺនដូសពីក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ បាយអូធិច ផងដែរ ៕ ប្រភព៖ ស៊ីនហួរ

