សហភាពអ៊ឺរ៉ុបព្រមានរឹតបន្តឹងច្បាប់លើការនាំចេញវ៉ាក់សាំង Covid-19 ចំពេលមានជម្លោះជាមួយក្រុមហ៊ុន AstraZeneca
ប៊ែលហ្ស៊ិក៖ សហភាពអ៊ឺរ៉ុបព្រមានថា ខ្លួននឹងរឹតបន្តឹងច្បាប់លើការនាំចេញវ៉ាក់សាំង Covid-19 ចំពេលមានជម្លោះជាមួយក្រុមហ៊ុនផលិតឱសថ អាស្រ្តាហ្សេណេកា ជុំវិញការកាត់បន្ថយការផ្គត់ផ្គង់តាមការគ្រោងទុក ទៅអោយប្លុកដែលមានសមាជិក២៧ប្រទេសមួយនេះ ។
ស្នងការសុខាភិបាលសហភាពអឺរ៉ុបលោកស្រី ស្តេឡា គីរៀឃីដ បានបង្ហោះសារនៅលើ Twitter ថា កិច្ចពិភាក្សាកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ជាមួយក្រុមហ៊ុន អាស្រ្តាហ្សេណេកា បានបង្ហាញលទ្ធផលមិនពេញចិត្ត ដោយសារការខ្វះភាពច្បាស់លាស់ និងការពន្យល់មិនគ្រប់គ្រាន់ ។ លោកស្រី គីរៀឃីដ បន្ថែមថា សហភាពអឺរ៉ុបបានស្នើសុំផែនការលម្អិតអំពីការចែកចាយវ៉ាក់សាំង ហើយកិច្ចប្រជុំបន្ទាប់ជាមួយក្រុមហ៊ុន អាស្រ្តាហ្សេណេ នឹងត្រូវធ្វើឡើងនៅថ្ងៃពុធសប្តាហ៍នេះ ។ លោកស្រីបានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបនឹងចាត់វិធានការណាមួយ ដែលចាំបាច់ ដើម្បីការពារពលរដ្ឋរបស់ខ្លួន ។
សូមជម្រាបថា កាលពីសប្តាហ៍មុន ក្រុមហ៊ុន អាស្រ្តាហ្សេណេ បានប្រាប់ទៅកាន់សហភាពអឺរ៉ុបថា ខ្លួនខកខានចំពោះគោលដៅផ្គត់ផ្គង់របស់ខ្លួន ដោយសារតែបញ្ហាផលិតកម្ម ខណៈអឺរ៉ុបត្រូវបានគេរិះគន់ចំពោះការចែកចាយយឺតយ៉ាវនូវវ៉ាក់សាំងដែលខ្លួនទិញក្នុងនាមរដ្ឋជាសមាជិកទាំងអស់ ៕ ប្រភព៖ Reuters


