សិក្ខាកាម ដែលជាចៅក្រម និងអាជ្ញាកណ្តាលកីឡាវ៉ូវីណាម នឹងកាន់តែច្បាស់ពីការអនុវត្តជាក់ស្តែងលើទីលាន និងបទបញ្ញត្តិទូទៅ នៃកីឡា ពីវគ្គបណ្តុះបណ្តាលនាពេលនេះ

ថ្លែងក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាលកម្រិត “ក” កីឡាវ៉ូវីណាម ប្រចាំឆ្នាំ២០២០ នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឯកឧត្តម ស៊ុម សារឿន ប្រធានព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានលើកឡើងថា ស្ថិតក្នុងបរិបទនិងគន្លងថ្មីនៃការរៀនរស់នៅជាមួយនឹងកូវីដ-១៩នេះ សហព័ន្ធវីណាមមិនបានផ្តេកផ្តួល និងមានការភ័យខ្លាចនឹងជំងឺកូវីដ១-៩ ដោយមិនធ្វើសកម្មភាពអ្វីទាំងអស់នោះទេ ផ្ទុយទៅវិញសហព័ន្ធបានបន្តយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍធនធានមនុស្ស ជាពិសេសធនធានចៅក្រម និងអាជ្ញាកណ្តាល ដើម្បីកសាងថ្នាលចៅក្រម និងអាជ្ញាកណ្តាលឲ្យមានការរីកចម្រើនបន្ថែមទៀត ។


ប្រធានព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានលើកឡើងថា ការរៀបចំការបណ្តុះបណ្តាលចៅក្រម និងអាជ្ញាកណ្តាលនេះ បានអនុវត្តយ៉ាងហ្មត់ចត់តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគោរពបានយ៉ាងខ្ជាប់ខ្ជួននូវវិធានរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលធ្វើឲ្យការបណ្តុះបណ្តាលប្រព្រឹត្តទៅដោយជោគជ័យ និងមានសុវត្ថិភាព ។

ឯកឧត្តម ស៊ុម សារឿន បានបន្ថែមថា វគ្គនេះផ្តោត សំខាន់ទៅលើច្បាប់ និងបែបបទ នៃការប្រកួត ការដាក់ពិន័យ និងការព្រមាន បច្ចេកទេសដាក់ពិន្ទុឲ្យកីឡាករ កីឡាការិនី ការអនុវត្តជាក់ស្តែងលើទីលាន និងបទបញ្ញត្តិទូទៅ នៃកីឡា ។ រីឯលទ្ធផលការសិក្សា ឯកឧត្តម បានសង្កេតឃើញថា សិក្ខាកាម នៅមានសមត្ថភាពខ្វះខាតច្រើន ដែលចាំបាច់ណាស់ត្រូវតែពង្រឹងបន្ថែមទៀត ក្នុងន័យដើម្បីធ្វើឲ្យសិក្ខាកាមក្លាយទៅជាចៅក្រម និងអាជ្ញាកណ្តាល ប្រកបដោយគុណវុឌ្ឍ និងថាមពលទាំងក្នុងក្របខ័ណ្ឌការប្រកួតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ នាពេលអនាគត ។ ហេតុដូចនេះ សហព័ន្ធវីវីណាមកម្ពុជានៅមានកិច្ចការជាច្រើនទៀត ត្រូវបំពេញនៅក្នុងឆ្នាំ២០២១នេះ គឺបន្តបើកវគ្គបណ្តុះបណ្តាលចៅក្រម និងអាជ្ញាកណ្តាលឲ្យបានច្រើនបន្ថែមទៀត ដើម្បីពង្រឹង និងជំរុញការអភិវឌ្ឍសមត្ថភាពធនធានរបស់ពួកគាត់ឲ្យកាន់តែប្រសើរ ។


ឯកឧត្តម អ៊ូ រតនា អគ្គលេខាធិការ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបញ្ជាក់ថា ក្រោមការផ្តល់ថវិការគាំទ្ររបស់ក្រសួងអប់រំយុវជន និងកីឡា សហព័ន្ធបានរៀបចំវគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាល កម្រិត “ក” កីឡាវ៉ូវីណាម ប្រចាំឆ្នាំ២០២០ បន្ទាប់ពីដំណើរការអស់រយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ដែលមានសិក្ខាកាមចូលរួមចំនួន២៨នាក់ ស្រ្តី៥នាក់ ដែលមកពីបណ្តាលខេត្តចំនួន៩ និងក្លិបនៅរាធានីភ្នំពេញ ចំនួន៦ និង២ក្រសួង ។


សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលចៅក្រម និងអាជ្ញាកណ្តាលកីឡាវ៉ូវីណាមនេះ មានការចូលរួមពីគ្រូឧទ្ទេស២រូប គឺលោក ទេព ជីវសុខម និងលោក កៅ មករា ។ ជាលទ្ធផលសិក្ខាកាមទាំងអស់ទទួលបាននិទ្ទេសល្អ៥០% និទ្ទេសមធ្យម ៣០% និងនិទ្ទេសខ្សោយ២០% ៕
