ក្រុមហ៊ុន Boeing ប្រកាសខាតបង់ប្រាក់ប្រចាំឆ្នាំជិត១២ពាន់លានដុល្លារ និងពន្យារពេលចេញលក់យន្តហោះថ្មី 777X របស់ខ្លួនរហូតដល់ឆ្នាំ២០២៣
អាមេរិក៖ ក្រុមហ៊ុន ប៊ូអ៊ីង បានរាយការណ៍ពីកំណត់ត្រាខាតបង់ប្រាក់ប្រចាំឆ្នាំរហូតដល់១១.៩ពាន់លានដុល្លារ ស្របពេលដែលក្រុមហ៊ុននេះក៏បានខាតបង់ប្រាក់ចំនួន៦.៥ពាន់លានដុល្លារពីការពន្យារពេលចេញលក់យន្ដហោះថ្មី 777X របស់ខ្លួន ។
ការពន្យារពេលលក់យន្តហោះថ្មី 777X បានរួមចំណែកធ្វើឱ្យខាតបង់នៅត្រីមាសទី ៤ របស់ក្រុមហ៊ុនរហូតដល់៨.៤ពាន់លានដុល្លារ ដោយនាំឱ្យមានការខាតបង់សរុបសម្រាប់ឆ្នាំ ២០២០កន្លងទៅនេះ កើនឡើងដល់១១.៩ពាន់លានដុល្លារ ដែលជាការខាតបង់ប្រចាំឆ្នាំដ៏ធំបំផុតមិនធ្លាប់មាន ។
ប្រភពបានអោយដឹងថា ក្រុមហ៊ុនផលិតយន្តហោះដ៏ធំរបស់អាមេរិកមួយនេះ បានមើលឃើញពីប្រាក់ចំណូលរបស់ខ្លួនត្រូវបំផ្លាញ ដោយសារការបដិសេធការបញ្ជាទិញពីបណ្តាក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម ដែលបង្កឡើងដោយវិបត្តិកូវីដ១៩ និងការផ្អាកយន្តហោះម៉ូឌែល 737 MAX របស់ខ្លួនរយៈពេល២០ខែ ដែលឥឡូវរំពឹងចែកចាយដំបូងនូវយន្តហោះ 777X ដែលមានតួខ្លួនធំទូលាយនៅចុងឆ្នាំ២០២៣ខាងមុខ មិនមែននៅចុងឆ្នាំ២០២២ដូចការគ្រោងទុកនោះទេ ៕ ប្រភព៖ Business insider

