សហរដ្ឋអាម៉េរិកព្រមានលុបចោលលក្ខន្តិកៈពាណិជ្ជកម្មពិសេសសម្រាប់ទីក្រុងហុងកុង បើសិនចិនអនុម័តច្បាប់សនិ្តសុខជាតិថ្មីលើដែនដីស្វយ័តនេះ

សហរដ្ឋអាម៉េរិក៖ មន្រ្តីកំពូលសេតវិមានបានព្រមានជាថ្មីទៀតថា សហរដ្ឋអាម៉េរិកនឹងលុបចោលលក្ខន្តិកៈពាណិជ្ជកម្មពិសេស សម្រាប់ទីក្រុងហុងកុង បើសិនជាចិនអនុម័តច្បាប់សនិ្តសុខជាតិថ្មីលើដែនដីស្វយ័តមួយនេះ នេះបើតាមសារព័ត៌ មានរ៉យទ័រនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ។

នៅក្នុងកម្មវិធី ហ្វេស ឌឹ ណេសិន របស់ស្ថានីយទូរទស្សន៍ CBS នៅថ្ងៃអាទិត្យម្សិលមិញ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក រ៉ូប៊ឺត អូប្រាយអិន បានសង្កត់ធ្ងន់ ថា ប្រទេសចិនកំពុងរំលោភបំពានលើកិច្ចព្រមព្រៀងឆ្នាំ១៩៨៤ ដែលបានផ្ដល់ស្វយ័តភាពដល់ទីក្រុងហុងកុងរហូតដល់ឆ្នាំ២០៤៧ ។

ការលើកឡើងបែបនេះរបស់លោក រ៉ូប៊ឺត អូប្រាយអិន ធ្វើឡើងបន្ទាប់ពីកងកម្លាំងប៉ូលិសហុងកុងបានសម្រេចប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករប្រឆាំងរដ្ឋាភិបាល ដែលប្រមូលផ្តុំគ្នាតវ៉ាចំពោះគម្រោងរបស់ប្រទេសចិន ស្តីពីការចង់ដាក់ចេញនូវច្បាប់សន្តិសុខជាថ្មីលើទីក្រុងហុងកុង ។ ពាក់ព័ន្ធនឹងស្ថានការណ៍កាលពីថ្ងៃអាទិត្យម្សិលមិញនេះដែរ អ្វីៗអាចនឹងវិលទៅរកភាពតានតឹងឡើងវិញ បន្ទាប់ពីបាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាលហុងកុងបានស្ងប់ស្ងាត់មួយរយៈធំ ដោយសារតែការឆ្លងរាតត្បាតជាសកលនៃជម្ងឺ COVID-19 ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner