សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការប្រមូលផ្តុំហ្វឹកហាត់ជាថ្មី
ក្រោយទទួលបានសេចក្តីជូនដំណឹង ពីក្រសួងសុខាភិបាល កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ដែលមានការឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចអោយសហព័ន្ធកីឡាជាតិទាំងអស់ចាប់ផ្តើមរៀបចំការប្រកួត និងប្រមូលផ្តុំអត្តពលិកហ្វឹកហាត់ឡើងវិញ ប៉ុន្តែជាលក្ខណៈបិទទ្វា មិនអោយមានអ្នកចូលរួមទស្សនាដោយផ្ទាល់ ទាក់ទងនឹងសេចក្តីជូនដំណឹង និងមានការឯកភាពបីប្រមុខរាជរដ្ឋាភិបាល លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានសម្តែងការសប្បាយរីករាយ និងបានត្រៀមផែនការរួចជាស្រេច សម្រាប់ផែនការប្រមូលផ្តុំហ្វឹកហាតបង្កើនសិទ្ធិផលឡើងវិញ ។
ក្រោយសម្តែងការរីករាយរួចលោក ណយ ផាណា បានធ្វើទាក់ទងប្រធានក្លឹបតាមបណ្តាខេត្ត និងអាណាព្យាបាល ដើម្បីកោះហៅអោយត្រឡ់មកប្រមូលផ្តុំ នៅសប្តាហ៍ក្រោយ ដើម្បីត្រៀមប្ហរមូលផ្តុំហ្វឹកហាត់ឡើងវិញ តែត្រូវរងចាំប្រជុំជាមួយក្រសួងអប់រំ និងសហព័ន្ធកីឡាជាតិនានា នៅថ្ងៃអង្គារ៍សប្តាហ៍ក្រោយសិន ។ លោកអគ្គលេខាធិការ បានបញ្ជាក់ថា រយៈពេលជាង២ខែមកនេះ ដែលក្រសួងអប់រំប្រកាសរំសាយការប្រមូលផ្តុំការហ្វឹកហាត់ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីត-១៩ លោក សង្កេតឃើញថា សមត្ថភាព សិទ្ធិផល របស់អត្តពលិកកាយសម្ព័ន្ធ មានការធ្លាក់ចុះយ៉ាងខ្លាំងគួរអោយបារម្ភ បើទោះបីជាសហព័ន្ធបានដាក់ផែនការ សម្រាប់ហ្វឹកហាត់តាមផ្ទះជារៀងរាល់ថ្ងៃ ដើម្បីរក្សាបានត្រឹមតែកម្លាំងកាយប៉ុណ្ណោះ ។
លោក បានអះអាងទៀតថា កីឡាកាយសម្ព័ន្ធជាប្រភេទកីឡាជំនាញ ត្រូវការកន្លែងហ្វឹកហាត់ ដែលមានស្តង់ដារបច្ចេកទេសត្រឹមត្រូវទើបរក្សាបានកម្លាំង និងបច្ចេកទសបាន ។ទាក់ទងនឹងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល និងមានការឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លោក ណយ ផាណា បន្ថែមថា សហព័នុ្ធបានត្រៀមវិធានការថែរក្សាអនាម័យ តាមសេចក្តីណែនាំ រួមជាស្រេចសម្រាប់អត្តពលិកត្រឡប់មកប្រមូលផ្តុំវិញ ដូចជា សម្អាតកន្លែងស្នាក់នៅ ហូបចុក អោយបានស្អាត មិនអនុញ្ញាតិអោយអត្តពលិកចេញក្រៅដោយគ្នាការអនុញ្ញាតិ ប្រើប្រាស់ម៉ាស៊ីនសម្រាប់វាស់កម្តៅ និងល៊ាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល នៅពេលដែលចូលហាត់ ចាប់កាន់ឧបករណ៍មួយ ទៅឧបករណ៍មួយ អោយបានស្អាត ។
សូមបញ្ជាក់ថា បន្ទាប់ពីមានការរីករាលដាលជំងឺកូវីត-១៩ នៅទូទាំងពិភពលោក ចាប់តាំងពីដើមឆ្នាំ២០២០មក រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការប្រកាសអោយមានការពន្យាពេលការប្រកួតកីឡា និងការប្រមូលផ្តុំហ្វឹកហាត់ជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ ទើបរាជរដ្ឋាភិបាលបានប្រកាស អោយមានការប្រកួតឡើងវិញ ៕