អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលអតីតទីតាំងរបស់មេបញ្ជាការជាន់ខ្ពស់សមរភូមិមុខនៃកងទ័ពកម្ពុជាប្រជាធិបតេយ្យ”ខ្មែរក្រហម”ដែលស្ថិតនៅក្នុងស្រុកកំរៀង
អតីតទីបញ្ជាការជាន់ខ្ពស់ សមរភូមិមុខ របស់កងទ័ព នៃ របបខ្មែរក្រហម កម្ពុជាប្រជាធិបតេយ្យកន្លងមក ដែលស្ថិតក្នុងភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ដែលបានបន្សល់ទុកក្រោយពីបញ្ចប់សង្រ្គាមស៊ីវិលរវាងកងទ័ពរដ្ឋាភិបាលនិងកងទ័ពកម្ពុជាប្រជាធិបតេយ្យ និងក្រោយការធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលដើម្បីបញ្ចប់នូវជម្លោះដ៏រ៉ាំរ៉ៃមួយ ក្រោមគោលនយោបាយផ្សះផ្សារបង្រួបបង្រួមជាតិនិងការដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោហ៊ុនសែន នៅក្នុងអំឡុងឆ្នាំ១៩៩៨ ដើម្បីបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា។ហើយទីតាំងខាងលើនេះ ត្រូវបានរដ្ឋបាលស្រុកកំរៀង ផ្តល់នូវទីតាំងនេះ ធ្វើជាទីបញ្ជាការ ក្រុមប្រតិបត្តិករបោសសម្អាតមីនហេឡូត្រាស HalloTrus ក្នុងអំឡុងឆ្នាំ២០០៣ រហូតមកដល់សព្វថ្ងៃនេះ។
នេះបើតាមការគូសបញ្ជាក់ពីលោក សុខ គឹមខុន អភិបាលស្រុកកំរៀង ក្នុងឱកាសដែលឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើល និងចង់ស្វែងយល់ពីអតីតទីតាំងមេបញ្ជាការជាន់ខ្ពស់សមរភូមិមុខរបស់អតីតទាហានខ្មែរក្រហមក្នុងចន្លោះពេលនៃសង្គ្រាមស៊ីវិលកន្លងមក នាព្រឹកថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០២១នេះ។ ក្នុងខណៈពេលដែលឯកឧត្តមអញ្ជើញចុះពិនិត្យមើលទីតាំងត្រៀមបំរុងទុក ដើម្បីធ្វើជាទីកន្លែងធ្វើមណ្ឌលចត្តាឡីស័កទទួលពលករខ្មែរវិលត្រឡប់ពីថៃឲ្យស្នាក់នៅនិងត្រួតពិនិត្យសុខភាព រយៈពេល១៤ថ្ងៃ ដើម្បីត្រួតពិនិត្យនិងធ្វើតេស្តសំណាករកមេរោគកូវីដ-19។
លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានឲកយដឹងបន្ថែមទៀតថា៖ ក្រោយពីការធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាល អតីតទីតាំងយោធាដ៏សំខាន់មួយនេះត្រូវបានគ្រប់គ្រងដោយរដ្ឋបាលបាលស្រុក ហើយស្រុកបានយកទីតាំងនេះផ្តល់ជូនឲ្យក្រុមប្រតិបត្តិករអង្គការដោះមីន ហេឡូត្រាស់ ធ្វើជាទីតាំងនៃស្នាកការកណ្តាលរបស់ខ្លួនដើម្បីធ្វើសកម្មភាពដោះមីននៅតំបន់នេះ ក្រោយពីបញ្ចប់សង្គ្រាមស៊ីវិល។លោកបានបញ្ជាក់ទៀតថា៖អតីតទីតាំងយោធាប្រវត្តិសាស្ត្រ នៃ របបខ្មែក្រហមនេះ ត្រូវបានរដ្ឋបាលស្រុក ធ្វើការឲ្យទៅគណបក្សស្រុកជាអ្នកគ្រប់គ្រងនិងជាទ្រព្យសម្បត្តិចុះបញ្ជីអចលនទ្រព្យរបស់គណបក្សតាំងពីឆ្នាំ២០០៣រហូតមក។លោកអភិបាលស្រុកកំរៀង ក៏បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖ អតីតទីតាំងយោធារបស់មេបញ្ជាការជាន់ខ្ពស់សមរភូមិមុខខ្មែរក្រហមចុងក្រោយបំផុត ដែលមានវត្តមាន លោក សុន សេន មេដឹកនាំនៃរបបខ្មែរនៅទីនេះផ្ទាល់តែម្តង។ លោកអភិបាលស្រុកកំរៀង បានសង្កត់ធ្ងន់ឲ្យដឹងដែរថា៖ក្រោយពីក្រុមប្រតិបត្តិករដោះមីនហេឡូត្រាស់ ត្រូវបញ្ចប់នូវបេសកកម្មដោះមីនរបស់ខ្លួន អាជ្ញាធរ នៃ រដ្ឋបាលស្រុកកំរៀង គ្រោងរៀបចំអតីតទីតាំងយោធាប្រវត្តិសាស្ត្រនេះ ដើម្បីធ្វើជាទីកន្លែងសារមន្ទីរប្រវត្តិសាស្ត្រយោធានៃរបបខ្មែរក្រហម នៅក្នុងស្រុកខ្លួន។
ក្នុងឱកាសចុះពិនិត្យមើលទីតាំងប្រវត្តិសាស្ត្រដែលជាអតីតទីបញ្ជាការយោធាជាន់ខ្ពស់សមរភូមិមុខនៃរបបខ្មែរក្រហម ដែលត្រូវបានផ្តួលឲ្យរលំរលាយនូវរចនាសម្ព័ន្ធយោធាទាំងស្រុងកាលពីជាង២០ឆ្នាំកន្លងមកនេះ ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ បានសំដែងការគាំទ្រនូវគោលការណ៍របស់ក្រសួងការពារជាតិ ដោយមានគម្រោងនិងចង់រក្សាទុកនូវអតីតទីតាំងមេបញ្ជាការជាន់ខ្ពស់ នៃយោធាក្នុងរបបខ្មែរក្រហមមួយនេះដោយរៀបចំធ្វើជាទីកន្លែងប្រវត្តិសាស្ត្រ ដើម្បីរក្សាទុកជាសារមន្ទីរជាប្រវត្តិសាស្ត្រសំរាប់ឲ្យមនុស្សជំនាន់ក្រោយ បានឃើញបានយល់ដឹង និងបានធ្វើការសិក្សា ស្រាវជ្រាវបន្ថែម។ ជាពិសេសយុវជនជំនាន់ក្រោយៗ ឲ្យកាន់តែយល់ដឹងបន្ថែមទៀត នៃរបបខ្មែរក្រហម…។ ក្នុងឱកាសនេះដែរ ឯកឧត្តម ងួន រតនៈ ក៏បានឲ្យដឹងផងដែរថា ការរៀបចំទីតាំងខាងលើនេះ គឺនៅក្រោយពេលដែល បេសកកម្មរបស់ក្រុមប្រតិបត្តិករដោះមីននៃអង្គការ ហេឡូត្រាស់ ត្រូវបានបញ្ចប់នូវបេសកកម្ម របស់ខ្លួន និង ក្រោយពេលប្រគល់ទីតាំងនេះ មកឲ្យអាជ្ញាធរ នៃ រដ្ឋបាលស្រុកកំរៀង វិញ។
សូមបញ្ជាក់ថា៖ អតីតទីតាំងមេបញ្ជាការជាន់ខ្ពស់នៃសមរភូមិមុខ របស់កងទ័ពកម្ពុជាប្រជាធិបតេយ្យ នៃរបបខ្មែរក្រហម និងជាទីតាំងបញ្ជាការផ្ទាល់របស់លោក សុន សេន។ ដែលជាមេដឹកនាំសំខាន់ក្នុងចំណោមមេដឹកនាំរបបខ្មែរក្រហម។ ហើយនៅទីនេះ បានបន្សល់ នូវផ្ទះឈើមួយខ្នង និង ជម្រកលេណដ្ឋានមួយកន្លែង ដែលស្ថិតចំពីមុខផ្ទះ។ ហើយបច្ចុប្បន្ននេះ ត្រូវបាន អង្គការដោះមីនហេឡូត្រាស់ ខ្ចីធ្វើជាទីបញ្ជាការនៃប្រតិបត្តិការសកម្មភាពដោះមីន នៅក្នុងតំបន់នោះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )






















