Ford ខាតជិត 3 ពាន់លានដុល្លារនៅត្រីមាសចុងក្រោយតែបង្កើនប្រាក់វិនិយោគលើរថយន្តអគ្គិសនីទ្វេដង

បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតចិនដេលីនៅថ្ងៃនេះបានសរសេរថាក្រុមហ៊ុនយក្សអាមេរិក Ford Motor Co បានប្រកាសបណ្តាក់ទុកវិនិយោគដល់ទៅទ្វេដងទៅលើផែនការផលិតរថយន្តអគ្គិសនីរបស់ខ្លួន ពោលគឺប្រមាណជា 29 ពាន់លានដុល្លារទោះបីជាត្រីមាសទី 4 កាលពីឆ្នាំ 2020 ត្រូវបានមើលឃើញការខាតបង់ដល់ទៅ 2.8 ពាន់លានដុល្លារក្តី។

Ford បាននិយាយទៀតថា សម្រាប់ត្រីមាសដំបូងដើមឆ្នាំនេះវិញខ្លួនក៏នឹងអាចត្រូវប្រឈមមុខទៅនឹងខាតបង់ផលិតកម្មចន្លោះពី 10 ទៅ 20 ភាគរយផងដែរ ដោយសារបញ្ហាកង្វះខាតបន្ទះឈឺបនៅទូទាំងពិភពលោក ហើយអាចនឹងធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលប្រមាណជា 1 ទៅ 2.5 ពាន់លានដុល្លារផងដែរ។

ទោះបីជាយ៉ាងណាក្តីភាគហ៊ុនរបស់ Ford នៅនាទីចុងក្រោយកាលពីត្រីមាសទី 4 កន្លងទៅបានកើនឡើង1.5 ភាគរយដោយសារលទ្ធផលនៃការផលិតនៅចុងត្រីមាស ជាពិសេសការព្យាករណ៍ទុកនូវប្រាក់ចំណេញដែលមានចំនួនលើសពីការរំពឹងទុករបស់ Wall Street។

ថ្លែងទៅក្នុងសន្និសិទកាសែតមួយប្រធានផ្នែកហិរញ្ញវត្ថុលោក John Lawler បាននិយាយថា ៖ ប្រសិនបើរថយន្តអគ្គិសនី EV នឹងនៅតែបន្តកើនឡើងប្រជាប្រិយភាពចំពោះអតិថិជនទាំងឡាយនោះយើងនឹងធ្វើឲ្យប្រាកដថា Ford នឹងមិនបណ្តោយឲ្យទីផ្សារនេះរបូតទៅអ្នកផ្សេងឡើយ។

Ford ក៏បានបញ្ជាក់ដែរថាក្រៅតែពី 29 ពាន់លានដុល្លារវិនិយោគទៅលើការផលិតរថយន្តអគ្គិសនី ហើយក្នុងនោះកញ្ចប់ប្រាក់ 22 ពាន់លានដុល្លារផ្សេងទៀតនឹងត្រូវប្រើប្រាស់រហូតដល់ឆ្នាំ2025 ទៅលើកិច្ចការងារបច្ចេកវិទ្យាអគ្គិសនី ដែលជាទំហំធំគុណនឹង 2 ដង ដែល Ford ធ្លាប់ធ្វើការប្តេជ្ញាចិត្តកន្លងមកចំពោះបច្ចេកវិទ្យានេះ។

ក្រៅពីនោះ Ford ក៏នឹងវិនិយោគប្រាក់ 5 ពាន់លានដុល្លារចាប់ពីឆ្នាំ 2021 នេះនិង7 ពាន់លានដុល្លារចាប់ពីឆ្នាំ 2025 ទៅលើបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិផងរយៈពេល 10 ឆ្នាំផងដែរ។

ក្នុងពេលដំណាលគ្នានេះ ក្រុមហ៊ុនគូប្រជែងដ៏ធំរបស់ខ្លួនគឺ General Motors Co វិញក៏បាននិយាយផងដែរថា ខ្លួននឹងចំណាយប្រាក់រហូតទៅដល់ 27 ពាន់លានដុល្លារឲ្យបានត្រឹមឆ្នាំ 2023 សម្រាប់រថយន្តអគ្គិសនី និងបើកបរដោយស្វ័យប្រវត្តិ ដែលតាមផែនការ General Motor ចង់ផលិតឲ្យបានរថយន្តប្រភេទនេះចំនួន 30 ជំរើសឲ្យបានត្រឹមឆ្នាំ 2025 និងដាក់គោលដៅលក់ឲ្យបានដល់ទៅ 1 លានរថយន្តអគ្គិសនីនៅក្នុងទីផ្សារអាមេរិក និងចិនត្រឹមឆ្នាំ2025ខាងមុខនេះ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner