លោក Jeff Bezos សម្រេចចិត្តលាឈប់ពីតំណែងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon ដើម្បីទុកពេលផ្តោតសំខាន់លើការងារធំៗជាច្រើនទៀត
អាមេរិក៖ លោក ចេហ្វ បេហ្សូស សម្រេចចិត្តលាឈប់ពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon ដែលលោកផ្ទាល់ជាអ្នកបង្កើតកាលពីជាង២៧ឆ្នាំមុន ។
ការលាលែងពីតំណែងរបស់លោក ចេហ្វ បេហ្សូស នឹងចាប់ផ្ដើមនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ខាងមុខ ខណៈលោក អ៊ែនឌី ចាសស៊ី ដែលបច្ចុប្បន្នជានាយប្រតិបត្តិផ្នែកសេវាកម្មវែបសាយរបស់ Amazon នឹងត្រូវឡើងមកកាន់មុខតំណែងនេះជំនួសវិញ ។
បើតាមសេចក្ដីថ្លែងការណ៍មួយផ្ញើជូនបុគ្គលិកក្រុមហ៊ុន Amazon កំពូលមហាសេដ្ឋីអាមេរិករូបនេះ មិនបានបញ្ជាក់ពីហេតុផលលម្អិតចំពោះការសម្រេចចិត្តបែបនេះរបស់លោកនោះទេ ដោយគ្រាន់តែនិយាយថា ការលាឈប់នេះ នឹងផ្ដល់ពេលវេលា និងថាមពលដែលត្រូវការ ដើម្បីផ្ដោតជាសំខាន់លើការងារពាក់ព័ន្ធនឹងមូលនិធិ Day 1 Fund, បេហ្សូស Earth Fund, ក្រុមហ៊ុន Blue Origin និងរឿងដទៃៗទៀតដែលលោកចង់ធ្វើ ៕ ប្រភព៖ Reuters

