នៅរសៀលថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងកូវីដ១៩ របស់មិត្តចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទទួល វ៉ាក់សាំងកូវីដ១៩ របស់មិត្តចិន នៅរសៀលថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២១នេះ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។

នៅក្នុងឱកាសទទួលបានវ៉ាក់សាំងការពារកូវីដ១៩ របស់មិត្តចិននេះ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មានផងដែរ។

សូមបញ្ជាក់ថា តាមរយៈសេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី០៥ ខែកុម្ភៈ ក្រសួងសុខាភិបាល បានប្រកាសថា រដ្ឋាភិបាលចិន នឹងផ្តល់ជាជំនួយវ៉ាក់សាំងចំនួន ៣០ម៉ឺនដូស និងសេរ៉ាំងចំនួន ៣០ម៉ឺន៨រយ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា អាយុដែលអាចចាក់បាន គឺមានពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សាសិន ។

ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ដែរថា អ្នកជំនាញការចិន ៤នាក់ ក៏នឹងធ្វើដំណើរមកជាមួយ មកជួយបណ្តុះបណ្តាលក្រុមគ្រូពេទ្យកម្ពុជា អំពីការប្រើប្រាស់វ៉ាក់សាំង ការទុកដាក់វ៉ាក់សាំង និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ផងដែរ ៕ ដោយ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner