សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វ៉ាក់សាំងកូវីដ-១៩ គឺជាតម្រូវការយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់កម្ពុជា ខណៈទូតចិន អះអាងថា កម្ពុជា ជាប្រទេសដំបូង ដែលទទួលបានជំនួយវ៉ាក់សាំងកូវីដ១៩ ពីប្រទេសចិន
ភ្នំពេញ៖ នៅក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួន៦០ម៉ឺនដុស ក្នុងជំហានដំបូង ដែលរដ្ឋាភិបាលចិន និងកងទ័ពរំដោះប្រជាជនចិន ផ្តល់ជូនដល់រាជរដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២១ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាបានមានប្រសាសន៍ថា វ៉ាក់សាំង គឺជាតម្រូវការយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈានទៅយកជ័យជំនះលើជំងឺកូវីដ-19 ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថាទោះបីកម្ពុជា បានខិតខំប្រឹងប្រែងទប់ស្កាត់មិនឲ្យមានការរីករាលដាលនៃកូវីដ-19 នៅក្នុងសហគមន៍ និងមិនឲ្យប្រជាជនកម្ពុជាត្រូវបាត់បង់ជីវិតក៏ដោយក៏ប៉ុន្តែយើងមាន ការយល់ដឹងយ៉ាងច្បាស់ថា វ៉ាក់សាំងគឺជាតម្រូវការយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឈានទៅយកជ័យជំនះលើកូវីដ-19 ។ បញ្ហាវ៉ាក់ សាំង គឺជាបញ្ហាសំខាន់ដែលជាគន្លឹះសម្រាប់ការទប់ស្កាត់ ។
សម្តេចតេជោ បានបន្តទៀតថា វ៉ាក់សាំងមិនមែនជាដំណោះ ស្រាយតែមួយគត់សម្រាប់យក ឈ្នះលើកូវីដ-19 ទេ តែចាំបាច់ត្រូវអនុវត្តរួមគ្នាជាមួយនឹងវិធានការបង្ការ និងការពារដទៃទៀត ប៉ុន្តែវ៉ាក់សាំង គឺជាដំណោះស្រាយគន្លឹះមួយសម្រាប់ការពារអាយុជីវិតប្រជាជននៅ ចំពោះមុខ និងសម្រាប់លើកកម្ពស់ សុខុមាលភាពសាធា រណៈ នៅក្នុងរយៈពេលវែង ពិសេសស ម្រាប់ការធានាឱ្យសកម្មភាពសង្គម សេដ្ឋកិច្ច អាចដំណើរការបានពេញលេញឡើងវិញដែលនឹងជំរុញ លើក ស្ទួយនូវការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចនិងការលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេស។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្ដល់ជំនួយសប្បុរសធម៌នេះដល់កម្ពុជា ហើយសម្ដេចសង្ឃឹមថា ជំនួយនេះ មិនមែនជាជំនួយលើកទី១ទេ ហើយរដ្ឋាភិបាលចិន នឹងពិនិត្យមើលលទ្ធភាពក្នុងការជួយដល់កម្ពុជាបន្តទៀត ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិតជាមានការដឹងគុណចំពោះប្រទេសចិន ដែលបានផ្តល់វ៉ាក់សាំងដល់កម្ពុជានាពេលនេះ។
សម្តេចតេជោ បានគូសបញ្ជាក់ថា វ៉ាក់សាំងដែលផ្តល់មកកម្ពុជានេះ ជាវ៉ាក់សំាងដែលត្រូវបានទទួលស្គាល់ថា មានសុវត្ថិភាព និងប្រសិទ្ធិភាព ដែលត្រូវបានបញ្ជាទិញ និងអនុម័តឱ្យប្រើប្រាស់លើប្រទេសជាច្រើនលើពិភពលោក។
សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តប្រកាន់យក និងអនុវត្តតាមវិធានការសុខាភិបាល ដើម្បីសុខមាលភាពរបស់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។
នៅក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ឯកឧត្ដម វ៉ាង វិនធៀន បានបញ្ជាក់ថា កម្ពុជា គឺជាប្រទេសដំបូងគេ ដែលទទួលបានជំនួយជាវ៉ាក់សំាងកូវីដ១៩ ពីប្រទេសចិន។
ឯកឧត្ដម ឯកអគ្គរដ្ឋទូតចិន បានបញ្ជាក់ទៀតថា ការផ្តល់វ៉ាក់សាំងនេះ ជាការអនុវត្តតាមគោលនយោបាយរបស់ឯកឧត្ដម ប្រធានាធិបតី ស៊ី ជិនភីង ដែលអះអាងថា វ៉ាក់សាំងកូវីដ១៩ គឺជាទំនិញរួម។
ឯកឧត្ដមទូត បានអះអាងថា រដ្ឋាភិបាលចិន នឹងបន្តកិច្ចសហប្រតិតបត្តិការជាមួយកម្ពុជា និងផ្តល់ជំនួយជាបន្តបន្ទាប់ដល់កម្ពុជា រហូតដល់ទទួលបានជោគជ័យក្នុងការទប់ស្កាត់វីរុសកូវីដ ១៩។
សូមជម្រាបថា វ៉ាក់សាំងដែលបញ្ជូនមកដល់កម្ពុជានេះ មានចំនួន ៦០ម៉ឺនដូស ក្នុងជំហានដំបូង ក្នុងនោះចំនួន ៣០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា។
ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា អាយុដែលអាចចាក់បានគឺមានពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សាសិន ៕ ដោយលោក ព្រហ្ម វិចិត្រសុភា និងវណ្ណលុក


















