ក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃសម្រេចបានទឹកប្រាក់៧.២៥ពាន់លានដុល្លារ ធ្លាក់ចុះ២៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩
ភ្នំពេញ៖ យោងតាមទិន្ន័យរបស់នាយកដ្ឋានចរចាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មថៃ ដែលដកស្រង់ដោយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានអោយដឹងថា ក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និង ថៃសម្រេចបានទឹកប្រាក់ ៧.២៥ពាន់លានដុល្លារ ធ្លាក់ចុះ២៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលមានទឹកប្រាក់៩.៤ពាន់លានដុល្លារ ។
ក្នុងទំហំពាណិជ្ជកម្មខាងលើនេះ ការនាំចេញរបស់កម្ពុជាទៅថៃ មានតម្លៃ១.១៥ពាន់លានដុល្លារ ធ្លាក់ចុះ៤៩ភាគរយ បើធៀបនឹងឆ្នាំ២០១៩មានតម្លៃ២.២៧ពាន់លានដុល្លារ។ ចំណែកការនាំចូលពីថៃមកកម្ពុជាវិញ មានតម្លៃ៦.១ពាន់លានដុល្លារ ធ្លាក់ចុះ១៥ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មានតម្លៃ៧.១៥ពាន់លានដុល្លារ ខណៈតួលេខនេះធ្វើអោយមានឱនភាពជញ្ជីងពាណិជ្ជកម្មដល់ទៅ៤.៩៥ពាន់លានដុល្លារ ។ ចំពោះមុខទំនិញដែលកម្ពុជានាំចេញទៅកាន់ទីផ្សារថៃ ភាគច្រើនគឺជាផលិតផលកសិកម្ម ខណៈផលិតផលនាំចូលពីថៃមកកម្ពុជាវិញមានដូចជារថយន្ត ប្រេងឥន្ធនៈ ជីកសិកម្ម ផលិតផលចំណីអាហារ និងគ្រឿងថែសម្រស់ជាដើម។
គួររំលឹកផងដែរថា នៅក្នុងឆ្នាំ២០១៩កន្លងទៅ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ សម្រេចបានក្នុងទំហំទឹកប្រាក់៩.៤១៧លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅថៃមានទឹកប្រាក់២. ២៧១លានដុល្លារ ខណៈថៃនាំចូលមកកម្ពុជាវិញ មានទឹកប្រាក់៧.១៤៦ដុល្លារ ៕


