សាកល្បងវិធីទាំង 7 នេះប្រហែលជាអាចជួយអ្នកឱ្យងើបពីគេងដោយស្រស់ស្រាយ
ចំណេះដឹងទូទៅ៖ មនុស្សគ្រប់រូបទទួលទានដំណេកនិងក្រោកពីដំណេកជារៀងរាល់ថ្ងៃក្នុងពេលវេលាប្រហាក់ប្រហែលគ្នា ប្រសិនបើក្រោកពីគេងហើយមានអារម្មណ៍ស្រស់ស្រាយ នោះមានន័យថាជីវិតពោពេញដោយថាមពលបំពេញការងារ ព្រមទាំងមានសេចក្តីសុខទាំងចិត្តទាំងកាយ។ ដំណេកសំខាន់ខ្លាំងណាស់សម្រាប់ជីវិត បើមានវិបត្តិដំណេកនោះនឹងផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងក្នុងដំណើរជីវិតប្រចាំថ្ងៃ។ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួន ជួយឱ្យយើងក្រោកពីដំណេកពោរពេញដោយថាមពល និងមានទំនុកចិត្តលើខ្លួនឯង។
ទីមួយ. គេងឱ្យគ្រប់គ្រាន់តាមវ័យ ៖ ជាធម្មតាមនុស្សចាស់គួរគេងឱ្យបានពីប្រាំពីរទៅប្រាំបីម៉ោង ចំណែកក្មេង និងយុវវ័យគួរគេងឱ្យបានពីប្រាំបួនទៅដប់មួយម៉ោង។ គេងលើសម៉ោង ឬខ្វះម៉ោងនឹងអាចធ្វើឱ្យអ្នកមានអារម្មណ៍ខុសប្លែកគ្នាពីការគេងគ្រប់គ្រាន់តាមម៉ោង។ អ្នកអាចគេងបន្ថែម ប្រសិនបើថ្ងៃណាដែលអ្នកគិតថាគេងមិនគ្រប់ ប៉ុន្តែមិនត្រូវដោះដូរខុសម៉ោងដែលត្រូវចូលគេងនៅថ្ងៃបន្ទាប់នោះទេ។
ទីពីរ. ប្រើប្រាស់បន្ទប់ដែលងងឹតនិងស្ងាត់សម្រាប់គេង៖ អ្នកគួរជៀសវាងប្រើប្រាស់ពន្លឺខ្លាំងនៅក្នុងបន្ទប់គេង។ ព្យាយាមអានសៀវភៅជំនួសឱ្យការមើលទូរស័ព្ទ ឬទូរទស្សន៍ ម្យ៉ាងទៀតអ្នកអាចប្រើប្រាស់កាសដាក់ត្រចៀកប្រសិនបើបន្ទប់របស់អ្នកមានសំឡេងរំខានច្រើន។
ទីបី. រក្សាសីតុណ្ហភាពពេលគេងឱ្យបានល្អ ៖ ជាធម្មតាគេងនៅពេលយប់អាកាសធាតុនឹងចុះត្រជាក់ជារឿងធម្មជាតិ ដូចនេះគួរតែពិចារណាមិនត្រូវឱ្យសីតុណ្ហភាពក្នុងបន្ទប់របស់អ្នកចុះត្រជាក់ពេក ឬក្តៅពេកនោះទេ។ អ្នកស្រាវជ្រាវបានរកឃើញថា ការទទួលទានដំណេកដោយមិនស្លៀកសម្លៀកបំពាក់ ជារឿងដ៏ល្អបំផុត ប៉ុន្តែជាមួយនឹងភួយនៅក្បែរដើម្បីអាចកែប្រែសីតុណ្ហភាពរាង្គកាយពេលចាំបាច់។
ទីបួន. ធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ ៖ យើងដឹងហើយថាការហាត់ប្រាណជារឿងដែលល្អបំផុតសម្រាប់សុខភាព មិនត្រឹមតែប៉ុណ្ណោះវានឹងជួយឱ្យអ្នកអាចគេងលក់ជាមួយនឹងអារម្មណ៍ស្រស់ស្រាយផងដែរ ប៉ុន្តែដាច់ខាតត្រូវគួរទុករយៈពេលពីរម៉ោងនៅមុនពេលគេង។
ទីប្រាំ.ទទួលទានអាហារនិងភេសជ្ជៈដោយមានទំនួលខុសត្រូវ ៖ ទទួលទានអាហារឱ្យបានពីរ ឬបីម៉ោងមុនចូលគេង។ ផឹកភេសជ្ជៈឬទឹកឱ្យបានច្រើននៅពេលថ្ងៃជៀសវាងចំនួនច្រើនពេកមុនពេលចូលគេង ព្រោះធ្វើឱ្យអ្នកភ្ញាក់កណ្តាលយប់រំខានដំណេក។ ការទទួលជាតិកាហ្វេអ៊ីនឱ្យបានយ៉ាងហោចណាស់ច្រើនជាង ប្រាំមួយម៉ោងមុនចូលគេង ព្រោះវានឹងធ្វើឱ្យអ្នកមិនងុយគេងរយៈពេលដល់ទៅដប់ពីរម៉ោង។
ទីប្រាំមួយ. ជៀសវាងពិសារគ្រឿងស្រវឹងមុនចូលគេង ៖ ពិតណាស់វាជួយឱ្យអ្នកគេងឆាប់លក់លឿន ប៉ុន្តែករណីនេះអ្នកវិទ្យាសាស្ត្រជឿជាក់ថា ផឹកគ្រឿងស្រវឹងប៉ុន្មានគួរតែផឹកទឹកឱ្យបានស្មើគ្នា ទោះបីជាអ្នកត្រូវងើបពេលគេងដើម្បីរកបន្ទប់ទឹកក្តី។ ជក់បារី និងផឹកគ្រឿងស្រវឹង ផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់ដំណេក។
ប្រាំពីរ. ជៀសវាងការគេងថ្ងៃរយៈពេលយូរពេក ៖ គេងពេលថ្ងៃអាចធ្វើឱ្យប៉ះពាល់ដល់ពេលវេលាគេងរបស់អ្នកនៅពេលយប់។ អ្នកអាចចាប់ផ្តើមគេងខុសម៉ោងកាន់តែយប់ជ្រៅ (ពន្យាពេលគេងកាន់តែយូរ) ហើយមិនបានជួយដល់សុខភាពរបស់អ្នកឡើយ។ ដូចនេះការគេងថ្ងៃតិចជាងកន្លះម៉ោងជារឿងល្អបំផុតដែលគួរអនុវត្តន៍៕