Amazon រងការរិះគន់បង់ពន្ធលើអចលនទ្រព្យទាបខ្លាំងជាងហាងតូចៗនៅអង់គ្លេស

បរទេស៖អត្ថបទមួយដែលត្រូវបានចេញផ្សាយដោយទូរទស្សន៍ BBC នៅថ្ងៃចន្ទនេះបានឲ្យដឹងថាក្រុមហ៊ុនយក្សអនឡាញAmazon កំពុងត្រូវបានទទួលរងការរិះគន់យ៉ាងខ្លាំងចំពោះការបង់ពន្ធលើអចលទ្រព្យដែលមានទំហំតិចតួចជាងអត្រាបង់ពន្ធដែលអ្នកលក់រាយតាមហាងតូចៗនៅក្នុងប្រទេសអង់គ្លេសទៅទៀត។

តួលេខលក់ដែល Amazon បានធ្វើកាលពីឆ្នាំ 2020 កន្លងទៅនេះមានប្រមាណជា 26.5 ពាន់លានដុល្លារ ឬ 19.3 ពាន់លានផោនគិតនៅក្នុងទីផ្សារចក្រភពអង់គ្លេសពោលគឺមានការកើនឡើងដល់ទៅ 51 ភាគរយកាលពីឆ្នាំ 2019 ប៉ុន្តែបើគេក្រឡេកទៅមើលការបង់ពន្ធលើអចលនទ្រព្យរបស់ខ្លួនវិញគឺមានត្រឹមតែ 71.5 លានផោន ឬប្រមាណជា 0.37 ភាគរយប៉ុណ្ណោះនៃទំហំលក់រាយទាំងអស់របស់ Amazon។

ប្រភពដដែលបានសរសេរទៀតថា អត្រាបង់ពន្ធកម្រិតនេះមានចំនួនតិចជាងខ្លាំងមែនទែនបើធៀបទៅនឹងអត្រាបង់ពន្ធដែលវិស័យនេះគួរតែត្រូវបានធ្វើ ប៉ុន្តែជាការឆ្លើយ Amazon ធ្លាប់បានអះអាងថាក្រុមហ៊ុនមិនត្រឹមតែបង់ពន្ធជូនរដ្ឋាភិបាលអង់គ្លេសនោះទេប៉ុន្តែខ្លួនបានបង្កើតការងារជាច្រើនពាន់កន្លែងផងដែរនៅទីនេះ។

គួរឲ្យដឹងដែរថា Business rates គឺជាពន្ធលើអចលនទ្រព្យដែលត្រូវបានគេពិនិត្យមើលទៅលើតម្លៃនៃអចលទ្រព្យដូចជាអគារការិយាល័យ ឬហាងទៅគុណជាមួយនឹងអត្រាពន្ធដែលកំណត់ដោយរដ្ឋាភិបាល ហើយពន្ធមួយនេះជារៀងរាល់ឆ្នាំនឹងត្រូវបានកែប្រែ និងដាក់ចូលជាធរមានចាប់ពីថ្ងៃទី1 ខែមេសាតទៅ។

យោងតាមការបញ្ជាក់របស់ទីភ្នាក់ងារជាតិទទួលបន្ទុកកិច្ចការងារស្ថិតិជាតិ ឬ ONS បានបង្ហាញថាពេញមួយឆ្នាំគិតត្រឹមថ្ងៃទី 31 ខែធ្នូតួលេខលក់រាយពីហាងដែលមានទីតាំងច្បាស់លាស់នៅក្នុងប្រទេសអង់គ្លេសបានធ្លាក់ចុះ 10.3 ភាគរយគឺពី 318.5 ពាន់លានផោនកាលពីឆ្នាំ 2019 មកត្រឹមតែ 285.5 ពាន់លានផោននៅក្នុងឆ្នាំ 2020។

ក្រុមហ៊ុនផ្តល់ប្រឹក្សានៃអាជីវកម្មលក់រាយដែលមានឈ្មោះថា Altus Group បាននិយាយថាអាជីវកម្មនិងហាងលក់រាយតូចៗនៅក្នុងប្រទេសអង់គ្លេសបានបង់ពន្ធលើអចលនទ្រព្យរបស់ខ្លួនដល់ទៅ 8.25 ពាន់លានផោនគឺក្នុងអត្រា 2.9 ភាគរយនៃទំហំលក់សរុបដែលយើងអាចមើលឃើញយ៉ាងងាយថាមានចំនួនច្រើនជាងអ្វីដែល Amazon បានបង់នៅក្នុងឆ្នាំ 2020 ដូចគ្នា។

ដោយឡែកក្រុមហ៊ុនជំនាញពន្ធមួយទៀតដែលមានឈ្មោះថា Centre for Retail Research (CRR) ក៏បានគណនារកឃើញដែរថាកាលពីឆ្នាំ 2019 អាជីវកម្មលក់រាយបានបង់ពន្ធ 7.17 ពាន់លានផោនស្មើនឹង 2.3 ភាគរយនៃទំហំលក់សរុបរបស់ខ្លួន។

ទាំង Altus Group និង CRR បាននាំគ្នាធ្វើការសំដែងការមិនពេញចិត្តឡើយចំពោះ Amazon ដែលបច្ចុប្បន្នកំពុងមានទីតាំងស្តុកទំនិញនិងចែកចាយដល់ទៅជិត100 កន្លែងនៅទូទាំងប្រទេសនោះគឺមិនបានធ្វើការបង់ពន្ធគ្រប់គ្រាន់នោះឡើយ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner