សិក្ខាកាមពលទាហានថ្មី ក្នុងក្រមខ័ណ្ឌកងទ័ពជើងគោគ ប្រចាំឆ្នាំ២០២០ ចំនួន៣៩៥នាក់ ទទួលបានការហ្វឹកហាត់បាញ់គ្រាប់ពិត នៅទីបញ្ជាការហ្នឹកហ្វឺនយោធភូមិភាគទី៤ អូរកូនតឹង
សិក្ខាកាមពលទាហានថ្មី ក្នុងក្រមខ័ណ្ឌកងទ័ពជើងគោគ ប្រចាំឆ្នាំ២០២០ ចំនួន៣៩៥នាក់ (ស្ដ្រី ១១នាក់) ត្រូវបានហ្នឹកហាត់បាញ់គ្រាប់ពិត ដើម្បីយល់ដឹងពីតួនាទីភារៈកិច្ច និងយុទ្ធសាស្ដ្រនៃយុទ្ធវិធីក្នុងជួរកងទ័ព ។ ការហ្វឹកហាត់បាញ់គ្រាប់ពិតនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការរងកងទ័ពជើងគោក កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ទីបញ្ជាការហ្នឹកហ្វឺនយោធភូមិភាគទី៤ អូរកូនតឹង ក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ពៅ ហេង មានប្រសាសន៍សំណេះសំណាល ដោយបានគូសបញ្ជាក់ថា ប្អូនៗជាពលទាហានក្រមខ័ណ្ឌថ្មី នៃកងទ័ពជើងគោកប្រចាំឆ្នាំ២០២០ ដែលបានធ្វើការហ្នឹកហ្វឺនរយៈពេលបីខែមកនេះ នៅសាលាពលទាហានមិត្ដភាព កម្ពុជា វៀតណាម ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប ។ ឯកឧត្តម បានបន្ថែមថា មេរៀនដែលទើបចាប់ផ្ដើមលើកដំបូងនេះ ជាមេរៀនទី១ដែលសិក្សារយៈពេលបីខែទាំងទ្រឹស្ដី និង ការហ្វឹកហាត់បាញ់គ្រាប់ពិតនៅជាក់ស្ដែង ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានលើកផងដែរ អំពីលទ្ធផលនៃការអនុវត្ដ របស់សិក្ខាកាម ជាលទ្ធផលល្អអាចទទួលយកបាន ។ ឯកឧត្តមក៏បានបន្តទៀតថា ការហ្វឹកហាត់នេះធ្វើឡើង ដើម្បីឲ្យសិក្ខាកាមពលទាហានបានយល់ពីតួនាទី និងយុទ្ធវិធីបាញ់គ្រាប់ពិត ក្នុងជួរកងកម្លាំងយោធា មុនពេលពួកគាត់ចាកចេញពីសាលាហ្វឹកហ្វឺនទៅកាន់តាមបណ្ដាអង្គភាពផ្សេងៗ ស្របតាមពាក្យស្លោក ( ស៊ូបង្ហូរញើសនៅលើទីលានហ្វឹក ហ្វឺន ប្រសើរជាងការបង្ហូរឈាមនៅក្នុងសមរភូមិ )។ ឯកឧត្តមឧត្ដមសេនីយ៍ឯក បានបន្ថែមថា ការបាញ់ស៊ីបគ្រាប់ពិតនេះ គឺមានពីរគោលដៅ ដែលមានចម្ងាយ១០០ម៉ែត្រ និងចម្ងាយ១៥០ម៉ែត្រ ទៅតាមការបង្វឹករបស់គ្រូ ។ ការហ្វឹកហាត់នេះជាលើកទីមួយ ដែលជាការបាញ់គ្រាប់ពិតមេរៀនទី១ កាំភ្លើងអាកា៤៧ ហើយតាមលទ្ធផលបណ្ដោះអាសន្នត្រួតពិនិត្យបាន១០០នាក់ លទ្ធផលពូកែ៨នាក់ គ្រាន់បើ៣២នាក់ មធ្យម៥៥នាក់ ខ្សោយ៥នាក់។ ក្នុងនោះអ្នកពូកែត្រូវបានមេបញ្ជាការយោភូមិភាគទី៤ បានបំពាក់ផ្កា កន្សែងពោះគោ១និងថវិកា៥ម៉ឺនរៀល ។
ឯកឧត្តមក៏បានសំណូមពរដល់ពលទាហានទាំងអស់ ចូលរួមហ្វឹកហាត់បាញ់គ្រាប់ពិតនេះ ឲ្យមានថ្វីដៃខ្លាំងពូកែ និងប្រសិទ្ធិភាព ដើម្បីចូលរួមការពារបូរណភាពទឹកដី និងសូមឲ្យមានភាពស្មោះត្រង់ និងជាតិមាតុភូមិរបស់ខ្លួនទាំងអស់គ្នា ។
សូមបញ្ជាក់ផងដែរថា ការហ្វឹកហាត់បាញ់គ្រាប់ពិតនេះ ធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នៅទីបញ្ជាការហ្នឹកហ្វឺនយោធភូមិភាគទី៤ អូរកូនតឹង ក្នុងស្រុកវ៉ារិន ខេត្ដសៀមរាប ៕