ឆ្នាំ២០២១ ខេត្តព្រះសីហនុនឹងមានព្រឹត្តិការណ៍ធំៗ ចំនួន៣ទាក់ទងវិស័យទេសចរណ៍
ខេត្តព្រះសីហនុ៖ តាមគម្រោងនៅឆ្នាំ២០២១នេះ ខេត្តព្រះសីហនុនឹងមានរៀបចំព្រឹត្តិការណ៍ធំៗ ចំនួន៣ ទាក់ទងនឹងវិស័យទេសចរណ៍ក្នុងនោះរួមមាន ៖ ទី១/ ព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ « ជិះកង់ នៃក្តីស្រឡាញ់ , ទី២/ ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការផ្លូវថ្មីទាំង៣៤ខ្សែ និងទី៣/ ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ឆ្នាំ២០២១ ។ ប៉ុន្តែនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ នឹងមានរៀបចំមុនគេនូវព្រឹត្តិការណ៍ « ជិះកង់នៃក្តីស្រឡាញ់ » ។
សូមជម្រាបថា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលាខេត្តព្រះសីហនុ មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ « ជិះកង់នៃក្តីស្រឡាញ់ » ការត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការផ្លូវថ្មីទាំង៣៤ខ្សែ និងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ឆ្នាំ២០២១ ក្រោមវត្តមានឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការអូឡាពិកកម្ពុជា ( NOCC ) បានថ្លែងឲ្យដឹងថា មកដល់ពេលនេះអ្នកចុះឈ្មោះចូលរួមសម្រាប់ព្រឹត្តិការណ៍ « ជិះកង់នៃក្តីស្រឡាញ់» បានជិត២០០នាក់ហើយ ហើយកំពុងតែទទួលការចុះឈ្មោះបន្តទៀត ។ ឯកឧត្តមបញ្ជាក់ថា សម្រាប់ទីតាំងចុះឈ្មោះចូលរួមព្រឹត្តិការណ៍នោះមាន៣កន្លែងរួមមាន ទី១/ នៅទីតាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជិតរង្វង់មូលវត្តសំពៅមាស សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ, ទីតាំងទី២ ក្រុមហ៊ុន Cambodia Events Organizer ផ្ទះលេខ79C, ផ្លូវ 155, សង្កាត់ទួលទំពូង ខណ្ឌចំការមន និងទីតាំងទី៣ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។

ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ឲ្យដឹងដែរថា ព្រឹត្តិការណ៍ជិះកង់ នៃក្តីស្រឡាញ់នេះជាព្រឹត្តិការណ៍មួយបន្តបញ្ជ្រាបការផ្សព្វផ្សាយឲ្យមានការផ្លាស់ប្ដូរឥរិយាបទ ក្នុងស្រទាប់យុវវ័យ នៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ១៤កុម្ភៈ ដែលកន្លងមកយុវជនមួយចំនួននៅតែយល់ច្រឡំនូវនិយមន័យពិតនៃថ្ងៃបុណ្យនេះ។ ឯកឧត្តមថា និយមន័យពិតនៃទិវានៃក្តីស្រឡាញ់គឺសំដៅទៅលើការគោរពស្រឡាញ់ចំពោះឪពុកម្តាយ ក្រុមគ្រួសារ មិត្តភ័ក្រ្ត មិនមែនជាថ្ងៃដែលត្រូវលះបង់ព្រហ្មចារីយ៍ដល់គូស្នេហ៍នោះទេ។
លោកបន្ថែមថា ព្រឹត្តិការណ៍ជិះកង់នៃក្តីស្រឡាញ់» ក៏មានគោលបំណងបង្ហាញពីសក្តានុពលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ សណ្តាប់ធ្នាប់ អនាម័យថ្មីរបស់ទីក្រុងគោលដៅទេសចរណ៍តំបន់ឆ្នេរនៃខេត្តព្រះសីហនុផងដែរ។

តាមរយៈការជិះកង់នេះនឹងនាំឲ្យយុវជន និងមហាជនបានចូលរួមក្នុងសកម្មភាពកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ព្រមទាំងទាក់ទាញឲ្យមហាជនជួយលើកកម្ពស់ដល់វិស័យទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រទៀតផង។
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានថ្លែងឲ្យដឹងដែរថា ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះត្រូវបានរៀបចំវិញ្ញាសាកីឡាជិះកង់ចំនួន៣ប្រភេទរួមមាន ៖ទី១ ប្រណាំងកង់ភ្នំចំងាយ៤០គីឡូម៉ែត្រដោយចេញដំណើរពីឆ្នេរឈើទាល១ ។ ទី២/ ជិះកង់កម្សាន្តឆ្នេរសមុទ្រចំងាយ២៥គីឡូម៉ែត្រចេញដំណើរពីឆ្នេរអូរឈើទាល១ និងទី៣/ ជិះកង់ក្រុមគ្រួសារ និងគូរស្នេហ៍ចំងាយ១៥គីឡូម៉ែត្រ ដោយចេញដំណើរពីឆ្នេរអូរឈើទាល១ដូចគ្នា ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញនូវក្តីរំភើបរីករាយយ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏ធំធេងដែលខេត្តព្រះសីហនុសម្រេចបានក្នុងពេលថ្មីៗនេះ សំខាន់ផ្លូវទាំង៣៤ខ្សែ ក្រោមការចង្អុរបង្ហាញប្រកបដោយឆន្ទៈខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម ក៏ថ្លែងការអរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់ថ្នាក់ សំខាន់អភិបាលខេត្តព្រះសីហនុមន្ត្រីរាជការ ប្រជាពលរដ្ឋទូទាំងខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ខេត្តដែលមិននឹកស្មានដល់ ដូចសព្វថ្ងៃនេះ ។

ឯកឧត្តម ថោង ខុន ក៏បានបញ្ជាក់ដែរថា ហេតុអ្វីបានជាយើងហ៊ានរៀបចំព្រឹត្តិការណ៍ « ជិះកង់នៃក្តីស្រឡាញ់ » អំឡុងពេលដែលវិស័យទេសចរណ៍ទូទាំងពិភពលោកមានការធ្លាក់ចុះយ៉ាងគំហុកដូច្នេះ ។ ឯកឧត្តម សង្កត់ធ្ងន់ថា បញ្ហាកូវីដ-១៩ បានធ្វើឲ្យវិស័យទេសចរណ៍ទូទាំងពិភពលោកធ្លាក់ចុះប្រមាណ៨០% និងប៉ះពាល់វិស័យសេដ្ឋកិច្ចប្រមាណ៩៧៥.០០០លានដុល្លារអាមេរិក ខណដែលប៉ះពាល់ដល់វិស័យការងាររហូតដល់ដល់១២០លាននាក់ឯណោះ ។ ចំណែកនៅតំបន់អាស៊ានក៏ដូចកម្ពុជាក៏មានការធ្លាក់ចុះប្រមាណ៨០% ផងដែរ ។
ប៉ុន្តែឯកឧត្តមថា សម្រាប់កម្ពុជាយើងបានកត់សម្គាល់ឃើញថា បានគ្រប់គ្រងបានល្អអំឡុងពេលវិបត្តិកូវីដ-១៩ ហើយចំណុចដែលសំខាន់នោះគឺយើងគ្រប់គ្រងបានដោយមានអ្នកឆ្លងតិច ហើយមិនមានអ្នកស្លាប់នោះទេ ហើយករណីនេះគឺមានតែកម្ពុជាតែប៉ុណ្ណោះ ។ ករណីនេះហើយបានអនុញ្ញាតិឲ្យប្រទេសកម្ពុជាយើងឆ្លៀតឱកាសជម្រុញវិស័យសេដ្ឋកិច្ចជាបណ្តើរៗ សំខាន់វិស័យកសិកម្ម ឧស្សាហកម្ម និងជម្រុញទេសចរណ៍ផ្ទៃក្នុងតែម្តង ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ទូទាំងសកលលោកបានដាក់ចេញនូវសេណារីយោ៣ សម្រាប់ស្តារឡើងវិញនូវវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩ ខណដែលសេណានីយោទី១/ វិស័យទេសចរណ៍អន្តរជាតិនឹងងើបឡើងវិញនៅពាក់កណ្តាលឆ្នាំ២០២៣ ។

ចំពោះសេណានីយោទី២គឺងើបឡើងវិញនៅចុងឆ្នាំ២០២៣ និងសេណារីយោទី៣ អាចងើបឡើងវិញនៅចុងឆ្នាំ២០២៤ឯណោះ ។ ប៉ុន្តែឯកឧត្តមថា អ្វីទាំងអស់គឺវាចំណុះទៅលើប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំង និងចំណុះលើការរិតដ្បិតការដើរហើយនៅតាមព្រំដែនការឆ្លងពីប្រទេសមួយទៅប្រទេសមួយទៀត និងទី៣/ ចំណុះទៅលើសេដ្ឋកិច្ចពិភពលោកតែ ម្តង ។

ឯកឧត្តមថ្លែងថា កន្លងទៅថ្មីៗនេះ ក្រុមប្រទេសអាស៊ានបានប្រកាសរួចហើយ អំពីវិធីជម្រុញកម្មវិធីនាក់វ៉ាក់សាំងដោយសង្កត់ធ្ងន់ថា ទេសចរណ៍ចូលអាស៊ានត្រូវតែមានការចាក់វ៉ាក់សាំងរួចហើយ ប៉ុន្តែការចាក់វ៉ាក់សាំងតែមិនមែនអាចធ្វើឡើងដោយឆាប់រហ័សនោះទេ ព្រោះកង្វះខាតវ៉ាក់សាំងផង ខណដែលសកម្មភាពចាក់វ៉ាកសាំងក៏មិនមែនធ្វើក្នុងរយៈពេលខ្លីបានដែរ ។

ឯកឧត្តម ថោង ខុន បានបញ្ជាក់បន្ថែមថា សម្រាប់កម្ពុជាយើងក៏ជាឱកាសជម្រុញវិស័យទេសចរណ៍ក្នុងស្រុកផងដែរ ដូចជាផលិតផលទេសចរណ៍ជាដើម ។ ដូច្នេះព្រឹត្តិការណ៍ « ជិះកង់នៃក្តីស្រឡាញ់ » វាក៏ជាផលិតផលទេសចរណ៍ផងដែរ ។ ឯកឧត្តមថា យើងអាចរៀបចំព្រឹត្តិការណ៍ទេសចរណ៍បានមែន តែត្រូវរៀបចំព្រឹត្តិការណ៍ណាដែលមិនប៉ះពាល់ដល់៣កុំ៣ការពារដែលជាវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ឯកឧត្តមថា ខណនេះយើងត្រូវឆ្លៀតបង្កើតផលិតផលទេសចរណ៍ថ្មី ដើម្បីផ្សព្វផ្សាយទាក់ទាញទេសចរណ៍ក្នុងស្រុកផងដែរ និងផ្សព្វផ្សាយទៅទេសចរណ៍អន្តរជាតិបានដឹងសំដៅទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ ៕