មូលហេតុពិតប្រាកដដែលម្តាយឪពុកមិនគួរមើលរំលងសៀវភៅរូបភាពសម្រាប់កុមារ
ភ្នំពេញ៖ សៀវភៅរូបភាពសម្រាប់កុមារជាផ្នែកមួយជួយបណ្តុះទម្លាប់ឱ្យកុមារស្រឡាញ់អំណាននិងសៀវភៅ។ បច្ចុប្បន្នសៀវភៅរូបភាពសម្រាប់កុមារមានច្រើនទម្រង់ កំពុងបង្កើតឡើងក្នុងបំណងលើកកម្ពស់គុណភាពយល់ដឹងពីជីវិតនិងបទពិសោធរស់នៅសម្រាប់កុមារ ឬអាចនិយាយបានថាជាពេលវេលាដែលកុមារត្រូវរៀនសូត្រចំណេះដឹងថ្មីៗបន្ថែម ខណៈពួកគេនឹងក្លាយជាធនធានមនុស្សដឹកនាំសង្គមជាតិនាថ្ងៃអនាគត។ តើអ្វីជាលក្ខណៈពិសេសនៃសៀវភៅរូបភាពសម្រាប់កុមារម្តាយឪពុកមិនគួរមើលរំលង?
លោក ហោ សុខៈ នាយកកម្មវិធីអំណាន នៃអង្គការរូមធូរីដកម្ពុជា មានប្រសាសន៍ថា សៀវភៅរូបភាពសម្រាប់កុមារ ជាប្រភេទសៀវភៅដែលមានលក្ខណៈសមស្របសម្រាប់កុមារអាន ព្រមទាំងផ្តល់តម្លៃអប់រំនិងគំនិតច្នៃប្រឌិតដល់កុមារ។ លោកកត់សម្គាល់ថា នៅកម្ពុជាម្តាយឪពុកមួយចំនួនបានយល់ពីសារៈសំខាន់នៃសៀវភៅរូបភាពសម្រាប់កុមារ ប៉ុន្តែម្តាយឪពុកមួយចំនួនទៀតនៅមិនទាន់គិតដល់តម្លៃនៃសៀវភៅរូបភាពកុមារឡើយ។ ពួកគាត់បានចាត់ទុកសៀវភៅទាំងនោះគ្រាន់តែជាសៀវភៅសាមញ្ញ មិនមែនជាកម្មវត្ថុសំខាន់ពិតប្រាកដសម្រាប់ការអប់រំកុមារ។
“តម្លៃអប់រំក្នុងសៀវភៅកុមារគឺលើកទឹកចិត្តកុមារឱ្យធ្វើអ្វីមួយឱ្យបានសម្រេចនិងមានទំនួលខុសត្រូវ ! សម្រាប់រូមធូរីដកម្ពុជាសៀវភៅកុមារត្រូវគិតតម្លៃអប់រំជាចម្បង ហើយក្រសួងអប់រំ យុវជន និងកីឡា គិតតម្លៃអប់រំនេះខ្លាំងណាស់… អីចឹងហើយនៅចំណុចផ្តើមនៃសាច់រឿង ចំណុចកណ្តាលនៃសាច់រឿង និងចំណុចបញ្ចប់នៃសាច់រឿង បង្ហាញពីការតស៊ូរបស់តួអង្គដែលធ្វើឱ្យកុមារចេះដោះស្រាយបញ្ហាដោយខ្លួនឯង” លោក ហោ សុខៈ នាយកកម្មវិធីអំណាន នៃអង្គការរូមធូរីដកម្ពុជា។

អ្នកជំនាញសៀវភៅរូបភាពសម្រាប់អ្នកអានកម្រិតដំបូងរូបនេះ បានបញ្ជាក់បន្តថា ក្រៅពីតម្លៃអប់រំក្នុងសាច់រឿង លក្ខណៈពិសេសនៃសៀវភៅរូបភាពសម្រាប់កុមារជាប្រភេទសៀវភៅមានរូបភាពសាមញ្ញ និងគ្មានទិដ្ឋភាពស៊ាំញ៉ាំច្រើនដែលធ្វើឱ្យកុមារពិបាកស្វែងយល់។ ទន្ទឹមគ្នានេះ រូបភាពត្រូវបង្ហាញពីភាពច្បាស់លាស់ និងគំនិតច្នៃប្រឌិតដ៏អស្ចារ្យនៅពេលកុមារចាប់កាន់សៀវភៅអាន។
លោក ហោ សុខៈ “ម្យ៉ាងទៀតយើងត្រូវគិតដល់អក្សរក្នុងសៀវភៅដែរ ជួនកាលសៀវភៅខ្លះត្រូវមានអក្សរតិច អាចត្រឹមមួយល្បៈក៏មាន ប្រើពាក្យពេចន៍ខ្លីៗ ដើម្បីកុមារងាយស្រួលអាន ហើយឆាប់ចងចាំពាក្យនីមួយៗ ! មួយចំណុចទៀតប្រធានបទ ឬខ្លឹមសារសៀវភៅត្រូវទាក់ទងទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃ ដូចជារបស់របរកុមារលេង វប្បធម៌ ប្រពៃណី ដែលអ្នកនិពន្ធប្រើសិល្ប៍វិធីយ៉ាងម៉េចឱ្យកុមារចង់អាន ចង់កាន់សៀវភៅ… លើសពីនេះទៀត ចុងបញ្ចប់នៃសាច់រឿងបង្ហាញពីភាពរីករាយ ឬជោគជ័យក្នុងកិច្ចការអ្វីមួយ”។

ចំណែកដំណើរការបង្កើតសៀវភៅរូបភាពសម្រាប់កុមាររបស់អង្គការរូមធូរីដកម្ពុជា លោក ហោ សុខៈ បានឱ្យដឹងទៀតថា បច្ចេកទេសបង្កើតស្នាដៃសម្រាប់កុមារនេះ មានច្រើនដំណាក់កាល ដែលអ្នកនិពន្ធនិងវិចិត្រករ រួមទាំងក្រុមការងារផលិតត្រូវសម្រិតសម្រាំងខ្លឹមសារឱ្យលេចចេញជារូបភាពដ៏អស្ចារ្យ អមដោយតម្លៃអប់រំសម្រាប់កុមារ។ ដំណើរការផលិតសៀវភៅមួយក្បាលត្រូវចំណាយពេលយ៉ាងហោចណាស់បួនខែដោយឆ្លងកាត់ការត្រួតពិនិត្យច្រើនដំណាក់កាល។
សូមបញ្ជាក់ថា បច្ចុប្បន្នសៀវភៅរូបភាពសម្រាប់កុមារមានច្រើនដាក់លក់នៅលើទីផ្សារ តូបសៀវភៅ និងនៅតាមបណ្តាបណ្ណាគារផ្សេងៗ។ បើតាមអ្នកអប់រំកុមារបានឱ្យដឹងថា ឱពុកម្តាយជ្រើសរើសសៀវភៅអានឱ្យបានច្រើនសម្រាប់កុមារ ជាការផ្តល់ឱកាសឱ្យកុមារមានលទ្ធភាពពង្រីកចំណេះដឹងទូលំទូលាយ ព្រមទាំងបង្កើតគំនិតច្នៃប្រឌិតច្រើនអនុវត្តន៍ក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ។ សៀវភៅរូបភាពសម្រាប់កុមារមួយដែរល្អ ត្រូវមានសោភ័ណភាពជាទីគាប់ចិត្តសម្រាប់កុមារ ដែលអ្នកទាមទារគំនិតច្នៃប្រឌិតខ្ពស់ពីអ្នកនិពន្ធ និងវិចិត្រករ៕